ឃាត់​ប្តី​-​ប្រពន្ធ​ជា​ម្ចាស់​ឈើ​អារ​អត់​ច្បាប់ បន្ទាប់​ពី​ក្រឡាប់​រថយន្ត​ស្លាប់​ព្រូ​ម្នាក់

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ម៉ាក​សាំង​យ៉ុ​ង​១​គ្រឿង ពណ៌​.​ស មិន​មាន​ពាក់​ស្លាក​លេខ មាន​ដឹកឈើ​ពេញ សង្ស័យ​បើក​រត់គេច​ពី​រដ្ឋបាល​ព្រៃឈើ ក៏​ជួប​ហេតុការណ៍​ក្រឡាប់​បះជើង​ឡើង​ទ្រ​មេឃ និង​បណ្តាល​ឱ្យ​កៀប​ព្រូ​ស្លាប់​ម្នាក់ ចំណែក​អ្នកបើកបរ​រត់គេច​ខ្លួន តែ​ត្រូវ សមត្ថកិច្ច​តាម​ចាប់​បាន​២​នាក់ ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៤ វិច្ឆិកា ២០១៥ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ក្នុងភូមិ​បត់​ទន្លា ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ។

ប្រភព​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ត​ឱ្យ​ដឹង​ថា រថយន្ត​ដឹកឈើ​អារ​មិន​មានច្បាប់​អនុញ្ញាត​នេះ បាន​បើក​ចេញពី​មក​ទិស​ខាង​កើតមក​លិច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ស្រប​ពេល​ដែល​មក​ដល់​ត្រង់​មុខ​ផ្ទះ​របស់​ឈ្មោះ​ព្រី​ម ភេទ​ប្រុស នៅ​ភូមិ​បត់​ទន្លា ស្រាប់តែ​ជួបនឹង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បាន​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវ បណ្តាល​ឱ្យ​ស្លាប់​ព្រូ​រថយន្ត​ម្នាក់​ឈ្មោះ​ផល ក្រឹម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គី​ឡូត៍​៩៦ ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ។

ប្រភព​បន្ត​ថា ឈើ​អារ​នៅ​លើ​រថយន្ត​មាន​បរិមាណ​៧​ម៉ែត្រគូប ត្រូវ​បាន​គេ​ដឹក​ចេញពី​ស្រុក​ស្នួល ខេត្តក្រចេះ ក្នុង​គោលបំណង​យក​ទៅ​លក់​បន្ត​ទៅ​ខេត្តព្រៃវែង តែ​មិន​ទាន់​ដល់​គោលដៅ​ផង ក៏​បាន​ជួបនឹង​ហេតុ​ការ​ណ៏​តែ​ម្តង ដោយសារ​តែ​ការ​ប្រើប្រាស់​ល្បឿន​លឿន​ពេក ។

សមត្ថកិច្ច​បាន​ដកហូត​យក​ឈើ​អារ​ទាំងនោះ តែ​ត្រូវ​ម្ចាស់​ឈើ​ឈ្មោះ​យឹ​ម ស្រី អាយុ​៥០​ឆ្នាំ និង​ប្តី​ឈ្មោះ​ឡេវ សំ​អូ​ល អាយុ​៥២​ឆ្នាំ ជំទាស់ មិន​ឱ្យ​សមត្ថកិច្ច​យក  ។ បន្ទាប់​មក ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​បញ្ជា​ឱ្យ​ជំនាញ​ចរាចរណ៍​ឃាត់ខ្លួន​ទាំង​២​នាក់​ប្តី​-​ប្រពន្ធ បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក ដើម្បី​សួរនាំ ព្រមទាំង​កសាង​សំណុំរឿង​បញ្ជូន​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។