ប្រធានាធិបតីបារាំងដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន បន្ទាប់​ពី​ទីក្រុង​ប៉ារីស​រង​ការ​វាយ​ប្រហារ​ធ្ងន់ធ្ងរ​ដោយ​អំពើ​ភេរវកម្ម

មនុស្ស​យ៉ាង​ហោច​ណាស់​១៥៣​នាក់​ស្លាប់ និង​ជាង​២០០​នាក់​ផ្សេង​ទៀត​រង​របួស នៅ​ក្នុង​អំពើ​ភេរវកម្ម​បាញ់​ប្រហារ និង​បំផ្ទុះ​គ្រាប់​បែក​ជា​ច្រើន​កន្លែង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។ ប៉ូលីស​នៅ​ទីក្រុង​ប៉ារីស បាន​ចេញ​សារ​អំពាវ​នាវ​ឲ្យ​ប្រជាជន​ប៉ារីស​សំងំ មិន​ចេញ​ក្រៅ​ផ្ទៃ ខណៈ​លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ បាន​ប្រកាស​ដាក់​ប្រទេស​ទាំង​មូល​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន ព្រម​ទាំង​បិទ​ព្រំដែន​បារាំង​ជាមួយ​ប្រទេស​ជិត​ខាង​។ សូម​ជម្រាប​ជូន​ថា អំពើ​ភេរវកម្ម​ផ្ទួន​ៗ​ទៅ​លើ​ទីក្រុង​ប៉ារីស ​នៅ​យប់​ថ្ងៃសុក្រ កើត​ឡើង​នៅ​ទី​កន្លែង​ចំនួន​៦​ផ្សេង​ៗ​ពី​គ្នា​។ ក្រុមប្រដាប់​អាវុធ ដែល​មួយ​ចំនួន​គ្មាន​ពាក់​ម៉ាស​បិទ​មុខ បាន​បាញ់​រះ​ មិនរើស​មុខ​សំដៅ​មនុស្ស​ដែល​កំពុង​ស្ថិតនៅ​ភោជនីយដ្ឋាន ដែល​នៅក្នុង​នោះ​មាន​ផងដែរ ភោជនីយដ្ឋាន​របស់​ជនជាតិ​ខ្មែរ​ផងដែរ ឈ្មោះ Le Petit Cambodge។ ​ ក្រៅ​ពី​នោះ ការ​ចាប់​ជំរិត ​បាញ់​ប្រហារ និង​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត ​បន្ត​កើត​មាន​នៅ សាល​ប្រគំ​តន្ដ្រី តាម​ដង​ផ្លូវ ​ដល់ស្តាត ដែល​កំពុង​មាន​ការ​ប្រកួត​បាល់ទាត់​ថែម​ទៀត​​។ សហគមន៍​អន្ដរជាតិ​បានចូល​រួម​រំលែក​ទុក្ខ​ប្រទេស​បារាំង ព្រម​ទាំង​​ថ្កោល​ទោស​នូវ​ការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏​សាហាវ​ឃោឃៅ​នេះ​ផង​ដែរ​។