រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បញ្ជា​ឲ្យ​អភិបាលខេត្ត​ជាប់​ព្រំដែន​ធ្វើ​របាយការណ៍​ពី​ការជួល​ដីធ្លី ឲ្យ​បាន​មុន​ដំណាច់ខែ​វិច្ឆិកា

ភ្នំពេញ:  សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ជាប់​ព្រំដែន​វៀតណាម ឡាវ និង​ថៃ ផ្តល់ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការជួល​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅតាម​តំបន់​ព្រំដែន ឲ្យ​ប្រជាពលរដ្ឋ នៃ​ប្រទេសជិតខាង ឲ្យ​បាន​មុន​ដំណាច់ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ជា​កំហិត​។

​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជម្រាប​ទៅ​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ជាប់​ព្រំដែន​វៀតណាម ឡាវ និង​ថៃ ដែល​ឲ្យ​ដឹងថា ក្រសួងមហាផ្ទៃ​បានទទួល​ព័ត៌មាន​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន បាន​ជួល​ដីស្រែ ដីចំការ ឬ​ដី​លំនៅដ្ឋាន​របស់ខ្លួន នៅតាម​តំបន់​ព្រំដែន ឲ្យ​ទៅ​ប្រជាពលរដ្ឋ នៃ​ប្រទេសជិតខាង ដើម្បី​បង្កបង្កើនផល​ដាំ​ដុះ​ដំណាំ ឬ​ប្រកប​អាជីវកម្ម​ផ្សេងៗ ។​ល​។ ការជួល​ដី​ទាំងនេះ មាន​ករណីខ្លះ ពុំមាន​ឯកសារ​គតិយុត្តិ ឬ​កិច្ចសន្យាជួល​ឲ្យ​បាន​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​ឡើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ម្ចាស់​ដី ដែលជា​ជនជាតិខ្មែរ​បាត់បង់​នូវ​ផលប្រយោជន៍​នៅពេល​កើតមាន​វិវាទ​កើតមានឡើង​។ ម្យ៉ាងវិញទៀត នៅតាម​តំបន់​ព្រំដែន ដែល​ពុំទាន់​បានកំណត់​ខណ្ឌសីមា  និង​បោះបង្គោល​ព្រំដែន​ជា​ផ្លូវការ​រួចរាល់​ជា​ស្ថាពរ ការជួល​ដី​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​របស់​ប្រជាពលរដ្ឋ​ខ្មែរ ឲ្យ​ទៅ​ប្រជាពលរដ្ឋ​នៃ​ប្រទេសជិតខាង​បាន​បង្ក​ឲ្យ​មាន​ភាពស្មុគស្មាញ និង​ដល់​កិច្ចការ​របស់​គណៈកម្មាធិកា​រ​ចម្រុះ​កិច្ចការ​ព្រំដែន ក្នុងការ​អនុវត្ត​ការងារ​របស់ខ្លួន​។​
​    ​
​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា “​ចំពោះ​ភារកិច្ច​ដ៏​មាន​សារៈសំខាន់​នេះ ដើម្បី​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​មូលដ្ឋាន​ដាក់ចេញ​នូវ​វិធានការ​ដោះស្រាយ​បញ្ហា​ខាងលើ​ឲ្យ​បាន​សមស្រប និង​ដើម្បី​រក្សា​ការពារ​នូវ​សិទ្ធិ​កាន់កាប់​ដីធ្លី និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ ព្រមទាំង​ជួយ​សម្រួល​ដល់​ការងារ​កំណត់​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេសជិតខាង សំដៅ​រក្សា​ការពារ​ឲ្យ​នូវ​បូរណភាប​ទឹកដី និង​អធិបតេយ្យភាព​ជាតិ ក្រសួងមហាផ្ទៃ សូម​ស្នើ​ឯកឧត្តម បង្កើត​ក្រុមការងារ​មួយ​នៅ​ថ្នាក់​ខេត្ត ដើម្បី​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង ស្រុក ឃុំ សង្កាត់ នៅតាម​បណ្តោយ​ព្រំដែន ធ្វើការ​ស្រាវជ្រាវ​ត្រួតពិនិត្យ ឲ្យ​បាន​ច្បាស់​ល​លាស់​នូវ​ព័​ត៍​មាន​ពាក់ព័ន្ធ និង​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅតាម​តំបន់​ព្រំដែន ដែល​បាន​នឹង​កំពុង​ជួ​លៀ​ឲ្យ​ប្រជាពលរដ្ឋ នៃ​ប្រទេសជិតខាង​”​។​
​    ​

​នៅក្នុង​លិខិត​បាន​បញ្ជាក់ថា នៅពេលដែល​ធ្វើការ​ស្រាវជ្រាវ​ត្រួតពិនិត្យ​អំពី​បញ្ហា​នេះ​រួចហើយ ត្រូវ​ផ្ញើ​របាយការណ៍ មក​ក្រសួងមហាផ្ទៃ ឲ្យ​បាន​មុន​ដំណាច់ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ជា​កំហិត​៕​