អ្នក​ភូមិ​​នៅ​ខេត្ត​ត្បូងឃ្មុំ​ប្រតិកម្ម​នឹង​​ក្រុមហ៊ុន​ម៉ែនសារុន​​​បិទ​ផ្លូវ​មិន​ឱ្យ​ធ្វើ​ដំណើរ

ប្រជាពលរដ្ឋ នៅ​ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ប្រមាណ ១០០​គ្រួសារ ត្អូញត្អែរ​ពី​ការ​លំបាក ព្រោះ​ពួកគេ​មិន​អាច​ដឹក​ផលិតផល​កសិកម្ម​របស់​ខ្លួន​មក​ផ្ទះសម្បែង​បាន។ ការ​ត្អូញត្អែរ​នេះ ព្រោះ​ផ្លូវ​ចេញ​ចូល​ទៅ​ដីស្រែ​ចម្ការ​របស់​អ្នក​ភូមិ​ឆ្លងកាត់​តាម​ក្រុមហ៊ុន ម៉ែន សារុន ត្រូវ​បាន​ខាង​ក្រុមហ៊ុន​បិទ​ជា​ច្រើន​ថ្ងៃ​មក​ហើយ។

ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា ផលិតផល​កសិកម្ម​របស់​ខ្លួន​រួម​មាន ស្រូវ ដំឡូងមី ជាដើម​នោះ នឹង​អាច​ប្រឈម​ការ​ខូចខាត ប្រសិនបើ​ខាង​ក្រុមហ៊ុន ម៉ែន សារុន នៅ​តែ​បន្ត​បិទ​ផ្លូវ​មិន​ឱ្យ​ពលរដ្ឋ​ឆ្លងកាត់​ទៀត​នោះ។ ប្រជាពលរដ្ឋ​ក៏​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ជុំវិញ​ករណី​នេះ ដើម្បី​សម្រួល​ឱ្យ​ពួកគាត់​អាច​ឆ្លងកាត់​ដូច​ធម្មតា​ឡើង​វិញ។

ពលរដ្ឋ​នៅ​ភូមិ​ចង្គុំកណ្តាល មួយ​រូប អ្នកស្រី អួន ស៊ីនួន មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​បាន​បិទ​ផ្លូវ​ចេញ​ចូល​ទៅ​ដីស្រែ​ចម្ការ​របស់​អ្នក​ភូមិ​ប្រមាណ ១០​ថ្ងៃ​មក​ហើយ ស្រប​ពេល​ដំណាំ​របស់​ពួកគាត់​កំពុង​ប្រមូល​ផល។

ពលរដ្ឋ​មាន​វ័យ​ជាង ៥០​ឆ្នាំ​រូប​នេះ មិន​បាន​ដឹង​ពី​មូលហេតុ​ដែល​ក្រុមហ៊ុន​សម្រេច​បិទ​ផ្លូវ​ឆ្លង​កាត់​ដី​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​អ្នកស្រី​ថា ពី​មុន​មក​ធ្លាប់​មាន​បញ្ហា​នេះ​កើត​ម្ដង​រួច​មក​ហើយ៖ «ចង់​ឱ្យ​អាជ្ញាធរ​ភូមិ និង​ឃុំ​ហ្នឹង ឱ្យ​ទំនាក់ទំនង​ទៅ​ប្រធាន​ក្រុមហ៊ុន​ដើម្បី​ធ្វើ​ម៉េច​ឱ្យ​គាត់​បើក​របង​ឡើង​វិញ»

ផ្លូវ​ឆ្លង​កាត់​ដី​ក្រុមហ៊ុន ម៉ែន សារុន មិនមែន​បិទ​តែ​នៅ​ឃុំ​ទន្លូង នោះ​ឡើយ ប៉ុន្តែ​នៅ​មាន​ផ្លូវ​ឆ្លងកាត់​សំខាន់ៗ​ជា​ច្រើន​ខ្សែ​ផ្សេង​ទៀត​ដែល​ត្រូវ​ឆ្លងកាត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ចម្ងាយ​ពី ៥ ទៅ ១០ គីឡូម៉ែត្រ ឬ​ឆ្លង​កាត់​ពី​ភូមិ​ទៅ​ដីស្រែ​ចម្ការ​របស់​អ្នក​ស្រុក ក្នុង​ឃុំ​ជាំក្រវៀន គឺ​ត្រូវ​បាន​ក្រុមហ៊ុន​បិទ​ដូច​គ្នា​ដែរ លើកលែងតែ​ផ្លូវ​មិន​សូវ​សំខាន់ ឬ​ផ្លូវ​តូចៗ ដែល​ពលរដ្ឋ​ពិបាក​ធ្វើ​ដំណើរ​ប៉ុណ្ណោះ ដែល​ក្រុមហ៊ុន​មិន​បាន​បិទ។

ជម្លោះ​ដី មេមត់ ម៉ែន សារុន ៦២០
របង​ដែល​ក្រុមហ៊ុន ម៉ែន សារុន ធ្វើ​រាំង​ផ្លូវ​មិន​ឲ្យ​ពលរដ្ឋ​ឆ្លង​កាត់ នៅ​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ រូបថត​នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Saut Sokprathna

 

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ទៅ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន ម៉ែន សារុន គឺ​លោក សុខ វាសនា បាន​ទេ នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា។

ចំណែក​អនុ​ភូមិ​ចង្គុំកណ្តាល លោក សំ សាយ មាន​ប្រសាសន៍​ថា ផ្លូវ​នោះ​គឺ​ជា​ផ្លូវ​របស់​ក្រុមហ៊ុន​បាន​ធ្វើ​រួចរាល់​កាល​ពី​ឆ្នាំ​២០០៨។ លោក​បន្ថែម​ថា ជា​រឿង​មិន​ត្រឹមត្រូវ ពីព្រោះ​ក្រុមហ៊ុន​មិន​បាន​ប្រាប់​ពលរដ្ឋ ឬ​អាជ្ញាធរ​ឱ្យ​ដឹង​ពី​ការ​បិទ​ផ្លូវ​ទេ។ ជាង​នេះ​ទៀត នៅ​ពេល​ក្រុមហ៊ុន​បិទ​ដូច្នេះ គឺ​ប្រៀប​ដូចជា​បិទ​ដង្ហើម​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​មួយ​ភូមិ ហើយ​បញ្ហា​នេះ​ខាង​លោក​ក៏​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ឃុំ​ដើម្បី​ចាត់វិធានការ៖ «តាម​ទស្សនៈ​ខ្ញុំ​ការ​បិទ​ផ្លូវ​ហ្នឹង គួរ​ប្រាប់​ប្រជាពលរដ្ឋ ឬ​ថ្នាក់ដឹកនាំ ថា​មិន​ឱ្យ​ប្រើប្រាស់​ផ្លូវ​នេះ​ទេ ពលរដ្ឋ​រក​ផ្លូវ​ផ្សេង​ទៅ ប៉ុន្តែ​នេះ​អត់​ប្រាប់​ផង»

​បន្ថែម​ពី​នេះ ជំទប់​ទី​១ ឃុំ​ទន្លូង ទទួល​បន្ទុក​ដោះស្រាយ​បញ្ហា​ដីធ្លី លោក ពឹង ប៊ុនថន បញ្ជាក់​ថា ដ្បិតតែ​ផ្លូវ​នោះ​ក្រុមហ៊ុន​ជា​អ្នកធ្វើ​ក៏ដោយ ប៉ុន្តែ​លោក​យល់​ថា ក្រុមហ៊ុន​មិន​គួរ​បិទ​ផ្លូវ​សាធារណៈ​ដូច្នេះ​ឡើយ។ លោក​ថា នឹង​ពិភាក្សា​គ្នា​ជាមួយ​តំណាង​ក្រុមហ៊ុន​ដើម្បី​ស្នើ​ឱ្យ​បើក​ផ្លូវ​ឡើង​វិញ។ ជាមួយ​គ្នា​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ ដែល​បាន​ចុះ​អង្កេត​ជុំវិញ​រឿង​នេះ លោក នាង សុវ៉ាត មើល​ឃើញ​ថា ខាង​ភាគី​ក្រុមហ៊ុន​កំពុង​ធ្វើ​ផ្ទុយ​ទៅ​នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល។ ត្បិត​អី​គោលការណ៍​របស់​រដ្ឋ​ត្រូវ​ដោះស្រាយ​បញ្ហា​ផ្លូវ​ជា​អាទិភាព ប៉ុន្តែ​មាន​ផ្លូវ​ហើយ បែរ​ជា​ក្រុមហ៊ុន​បិទ​ទៅ​វិញ គឺ​ជា​រឿង​មិន​អាច​ទទួល​យក​បាន។

លោក​បន្ត​ថា ទោះបីជា​ផ្លូវ​នោះ​ក្រុមហ៊ុន​អ្នក​ធ្វើ​ក៏ដោយ ប៉ុន្តែ​ជា​ផ្លូវ​ឆ្លង​កាត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ឬ​ជា​ផ្លូវ​សាធារណៈ ដូច្នេះ​ក្រុមហ៊ុន​មិន​អាច​បិទ​បាន​ទេ៖ «អ៊ីចឹង​យើង​ទ្រាំ​ទៅ ប្រសិនបើ​​មេ​ឃុំ ចៅហ្វាយ​ស្រុក ចៅហ្វាយ​ខេត្ត​មិន​អាច​អន្តរាគមន៍​បើក​បាន​ទេ យើង​ជា​ប្រជាពលរដ្ឋ​ធ្វើ​ម៉េច។ យើង​មាន​កប៉ាល់ហោះ​អី​ណា​ទៅ​ដឹក​ផលិត​របស់​ខ្លួន​នោះ»

​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ មើល​ឃើញ​ថា ការ​បិទ​ផ្លូវ​អាច​ជា​ចេតនា​របស់​ក្រុមហ៊ុន​ច្រើន​ជាង ពីព្រោះ​ពួកគេ​អាច​ធ្វើ​អាជីវកម្ម​តាម​រយៈ​រថយន្ត​ដឹក​ដំឡូង​ឆ្លងកាត់​ទីនោះ ម្យ៉ាង​ទៀត ដី​ប្រជាពលរដ្ឋ​ខ្លះ​កំពុង​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​ស្រាប់​ផង។ ប្រសិន​បើ​ប្រជាពលរដ្ឋ​មិន​អាច​ចេញ​ចូល​ទៅ​កាន់​ដី​របស់​ខ្លួន​បាន គឺ​ងាយ​ស្រួល​ក្រុមហ៊ុន​ប្រមូល​យក ឬ​ក៏​ឈូស​ឆាយ​តែម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។