Mazda សម្ពោធទីតាំង លក់រថយន្តថ្មី មួយទៀត នៅភ្នំពេញ

ភ្នំពេញ៖ ក្រុមហ៊ុន HGB Auto កាលពីម្សិលមិញ បានបើកសម្ពោធជាផ្លូវការ នូវអគារតាំងបង្ហាញរថយន្ត Mazda របស់ខ្លួនមួយទៀត នៅមហាវិថីមុនីវង្ស រាជធានីភ្នំពេញ ដែលមានរចនាបែបទំនើប មិនធ្លាប់មានពីមុនមក នៅក្នុងតំបន់អាស៊ី។

ពិធីសម្ពោធអគារ តាំងបង្ហាញរថយន្តរបស់ Mazda នេះមានការអញ្ជើញចូលរួម ជាអធិបតីដោយ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយក្នុងនោះក៏មានលោក Choichi Yuki ប្រធានចាត់ការទូទៅផ្នែកលក់ និងទីផ្សារពិភពលោក នៃ Mazda Motor Corporation ផងដែរ។

នៅក្នុងថ្ងៃសម្ពោធអគារថ្មីនេះ មានការដាក់តាំងបង្ហាញរថយន្ត Mazda ប្រភេទ MX-5 ដែលល្បីបំផុតនៅក្នុងតំបន់ ព្រមទាំងបានបំបែកឯកកម្ម ដែលលក់ដាច់ជាងគេបំផុត លើពិភពលោក។ នេះបើតាមការអះអាង របស់បុគ្គលិកជាន់ខ្ពស់ របស់ក្រុមហ៊ុនMazda នៅកម្ពុជា។

លោក Choichi Yuki បានថ្លែងកោតសរសើរ ពីភាពជោគជ័យ ក្រុមហ៊ុនHGB Auto នៅក្នុងការលក់រថយន្ត Mazda នៅក្នុងប្រទេសកម្ពុជា។ លោកជឿជាក់ថា Showroom ដ៏ថ្មីស្រឡាងល្អប្រណីត ជាមួយនឹងសេវាដ៏ល្អ នឹងធ្វើឱ្យអតិថិជន Mazda កាន់តែគាំទ្រនិងជឿជាក់ លើយីហោរថយន្ត Mazda កាន់តែច្រើនថែមទៀត ខណៈដែលប្រទេសអាស៊ាន គឺជាផ្សារដ៏សំខាន់ សម្រាប់ការដាក់លក់រថយន្តMazda។

លោក ចម ប្រសិទ្ធ បានបង្ហាញពីមោទនភាព នៃការរីកចំរើននៃទីផ្សាររថយន្តថ្មី នៅក្នុងប្រទេសកម្ពុជា ដោយលោកលើកឡើងថា ទីតាំងអគារ តាំងបង្ហាញរថយន្តថ្មី បានកើតឡើងជាបន្តបន្ទាប់។ លោកទេសរដ្ឋមន្រ្តី បានថ្លែងទៀតថា «ខ្ញុំជឿជាក់ថាShowroomនេះ នាំមកនូវផលិតផល Mazda ថ្មីៗទៀត ដែលជាប្រភពពេញនិយមនៅលើពិភពលោក»៕

Mazda សម្ពោធទីតាំង លក់រថយន្តថ្មី មួយទៀត នៅភ្នំពេញ

Mazda សម្ពោធទីតាំង លក់រថយន្តថ្មី មួយទៀត នៅភ្នំពេញ