​សាស្ត្រាចារ្យពេទ្យ​ជំនាញ​និយាយ​ពី​អត្ថប្រយោជន៍ ថ្នាំ​បង្ការ​ថ្មី អាច​ការពារ​ជំងឺ​ខាន់ស្លាក់ តេតាណូស និង​ក្អកមាន់ រួមគ្នា​

ភ្នំពេញ: ក្រុមហ៊ុន សាណូ​ហ្វី​កម្ពុជា ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​នៃ​ក្រុមហ៊ុន​ថែទាំ​សុខភាព​ពិភពលោក បានធ្វើ​ការដាក់​សម្ពោធ​ផលិតផល​វាក់​សាំង​ថ្មី​ឈ្មោះ ADACEL (​អា​ដា​សែ​ល​) ដែលជា​ថ្នាំ​បង្ការ​ថ្មី​អាច​ការពារ​ជំងឺ​៣​មុខ​រួមគ្នា (​ខាន់ស្លាក់ តេតាណូស និង​ក្អកមាន់​) ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ក្រុម​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ប្រមាណ​ជាង ១៥០ នាក់​នៅ​សណ្ឋាគារ​ភ្នំពេញ ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​នៅក្នុង​ឱកាស​នោះដែរ លោក​សាស្ត្រាចារ្យ អ៊ា​ប តឹក​ឆេង អនុប្រធាន​សមាគម​គ្រូពេទ្យ​កុមារ​កម្ពុជា និង​ជា​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា​ផ្នែក​ជំងឺ​កុមារ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និង​ជា​សាស្ត្រាចារ្យ​រង​កិត្តិយស​ផ្នែក​ជំងឺ​កុមារ​នៃ​សកលវិទ្យា​ល័យ Sydney បានផ្តល់​អនុសាសន៍​ស្តីអំពី​អត្ថប្រយោជន៍ នៃ​ការចាក់​ថ្នាំ​បង្ការ​ជំងឺ ៣ មុខ​បញ្ចូល​គ្នា​នេះ តាមរយៈ​បទសម្ភាសន៍​ដូចខាងក្រោម ៖

​សំណួរ ៖ តើ​ថ្នាំ​បង្ការ​ជំងឺ ៣ មុខ​បញ្ចូល​គ្នា​របស់​ក្រុមហ៊ុន​សាណូ​ហ្វី​ការពារ​ជំងឺ​អ្វីខ្លះ​?
​ថ្នាំ​បង្ការ​ជំងឺ ៣ មុខ​បញ្ចូល​គ្នា​របស់​ក្រុមហ៊ុន​សាណូ​ហ្វី​អាច​ការពារ​ជំងឺ​ខាន់ស្លាក់ តេតាណូស និង​ក្អកមាន់ ដែល​បង្កឡើង​ដោយ​មេរោគ​បរ​ដឺ​តែ​ឡា​ពែ​ក​ទូ​ស​ស៊ី​ស (Bordetella Pertussis)​។ ថ្នាំ​បង្ការ​នេះ ជា​ប្រភេទ​វ៉ាក់សាំង​ថ្មី​សម្រាប់​ចាក់​កូនក្មេង​អាយុ​៤​ឆ្នាំ​ឡើងទៅ និង​មនុស្សពេញវ័យ​។ លក្ខណៈពិសេស​របស់​ថ្នាំ​បង្ការ​នេះ​គឺ ចាក់​ជា​ថ្នាំ​បង្ការ​រំលឹក​តាម​សាច់ដុំ​តែមួយ​ម្ជុល​ទទួលបាន​ថ្នាំ​បង្ការ​ជំងឺ​ទាំង​៣​មុខ​នេះ​តែម្តង​។​

​សំណួរ​៖ តើ​ថ្នាំ​បង្ការ ៣ មុខ​បញ្ចូល​គ្នា​នេះ មាន​អត្ថប្រយោជន៍​អ្វីខ្លះ​?
​មុន​និយាយ​អត្ថប្រយោជន៍ យើង​ត្រូវ​ចាប់អារម្មណ៍​ចំពោះ​ជំងឺ​ទាំងបី​មុខ​នឹង ជាពិសេស​ជំងឺក្អកមាន់ ដែល​ទូទាំង​ពិភពលោក​គេ​ចាប់អារម្មណ៍​ណាស់​។ បើសិនជា​ក្អកមាន់​នេះ កើត​ឡើងលើ​ទារក​ទើបនឹង​កើត ក្រោម​អាយុ​១​ឆ្នាំ កុមារ​អាចមាន​គ្រោះថ្នាក់​ច្រើន​ដូចជា​៖
​ទី​១៖ មានការ​ដកដង្ហើម​យឺតៗ អាច​ដាច់ដង្ហើម​។ អាត្រា​នៃ​កុមារ​កើត​ជំងឺ​នេះ មាន​រហូត​ទៅដល់ ៦១ ភាគរយ ដែល​ក្នុងនោះ ចំនួន​កុមារ ៥ នាក់ គឺមាន ៣ នាក់ កើត​ជំងឺក្អកមាន់​។ បើកាលណា​ក្មេង​អាយុ​ក្រោម​១​ឆ្នាំ កើត​ជំងឺ​នេះ មានន័យថា លើសពី ៥០ ភាគរយ​នៃ​កុមារ​ដែល​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ​។  ទី​២៖ ជំងឺ​រលាក​សួត មាន ២៣ ភាគរយ ទី​៣៖ ប្រកាច់ កន្ត្រាក់ដៃ​កន្ត្រាក់ជើង​
​អាត្រា​ស្លាប់​នៃ​អ្នក​កើត​ជំងឺក្អកមាន​ចំនួន ១ ភាគរយ ដែលជា​ការព្រួយបារម្ភ​មួយ​របស់​ពិភពលោក​។ ហេតុ​ដូច​ច្នេះ​ហើយ ទើប​អង្គការ​សុខភាព​ពិភពលោក បានចេញ​យុទ្ធសាស្ត្រ​ថ្មី​មួយ​ហៅថា "​យុទ្ធសាស្ត្រ​សម្បុក​ដង្កូវនាង ប្រឆាំង​ជំងឺក្អកមាន់​"​។  
​គោលដៅ​នៃ​យុទ្ធសាស្ត្រ​នេះ គឺ​មិន​ត្រឹមតែ​អាច​ការពារ​ទា​រកតែ​ម្ខាង​ទេ ប៉ុន្តែ​ថែមទាំង​អាច​ការពារ​ការឆ្លង​ជំងឺក្អកមាន់ តាមរយៈ​អ្នក​នៅ​ជុំវិញ​ផងដែរ​។ ដូច្នេះ​ក្រៅពី​កុមារ អ្នក​ដែល​នៅ​ជុំវិញ​ទារក ក៏​ត្រូវតែ​ការពារ​ជំងឺ​ទាំង ៣ មុខ​នោះដែរ ដែលមាន​ដូចជា ៖ ម្តាយ អ្នក​មើលថែ​ទារក (​ឪពុក យាយ​តា និង​សមាជិក​ក្នុងផ្ទះ​)​។ បន្ថែម​ពីនេះ​ទៀត ក្រុមគ្រូពេទ្យ និង​គិលានុបដ្ឋាយិកា​ផ្ទាល់ ដែលជា​អ្នក​មើលថែ​កុមារ​/​ទារក ក៏​ចាំបាច់​ការពារ​និង​ចាក់​វ៉ាក់សាំង ចំពោះ​ខ្លួនឯង ក្នុងការ​ការពារ​មិន​ឲ្យ​ចម្លងជំងឺ​ទៅកាន់​ទារក​។

​គួរបញ្ជាក់​ផងដែរ​ថា មនុស្សពេញវ័យ បើទោះជា​ធ្លាប់បាន​ការពារ ឬ​ចាក់​វ៉ាក់សាំង​កន្លងមក​ក្តី ប៉ុន្តែ​ក្នុង​រយៈពេល ១០ ឆ្នាំ​កន្លងទៅ អង់ទីគ័រ​ការពារ​ជំងឺ​របស់គាត់​មានការ​ថយចុះ ដូច​ច្នេះ​ការចាក់​វ៉ាក់សាំង​បន្ថែមទៀត គឺជា​រឿង​ដែល​ការពារ​បានល្អ​បំផុត​។​

​ការផលិត​ថ្នាំ​បង្ការ ៣ មុខ​រួមបញ្ចូល​គ្នា​នេះ ទទួលបាន​នូវ​ចំណាប់អារម្មណ៍​ផ្នែក​សុខភាព​សាធារណៈ និង​ជា​អាទិភាព​មួយ ព្រមទាំង​មានការ​គាំទ្រ​ពី​អង្គការ​សុខភាព​ពិភពលោក​។ ការដាក់បញ្ចូល​ថ្នាំ​បង្ការ​រួមគ្នា អាច​កាត់បន្ថយ​ការចំណាយ​លើ​ដំណើរការ​ចែកចាយ និង​បង្កើន​អត្រា​គ្របដណ្តប់​នៃ​ការចាក់​ថ្នាំ​បង្ការ​ដល់​កុមារ​។ អត្ថប្រយោជន៍​ផ្សេងទៀត​រួមមាន ៖ ការផ្តល់​ការបង្ការ​ប្រឆាំង​ជំងឺក្អកមាន់ ដល់​មនុស្ស​វ័យ​ជំទង់ និង​មនុស្ស​ពេញ វ័យ​ដែល​រស់នៅ​ជុំវិញ និង​មានការ​ប៉ះពាល់​ផ្ទាល់​ជាមួយ​ទារក ក្មេង​តូចៗ អ្នក​ប្រកប​វិជ្ជាជីវៈ​ថែទាំ​សុខភាព  ការកាត់បន្ថយ​ចំនួន​នៃ​ការចាក់ និង​ការឈឺចាប់​ត្រង់​កន្លែង​ចាក់​។ ដូច្នេះ​កុមារ មាតាបិតា និង​អ្នក​ដែល​នៅ​ជិតស្និទ្ធ​ជាមួយ​ទារក​ទាំងអស់ មានការ​សប្បាយចិត្ត​ក្នុងការ​ទទួលយក​ថ្នាំ​បង្ការ​នេះ​។

​សំណួរ​៖ តើ​ថ្នាំ​បង្ការ​នេះ មាន​សុវត្ថិភាព​យ៉ាងដូចម្តេច​ដែរ​?
​ក្តីបារម្ភ​អំពី​ប្រសិទ្ធភាព និង​ប្រតិកម្ម​របស់​ថ្នាំ​បង្ការ​ជំងឺក្អកមាន់ ដែល​ផលិត​ចេញពី​មេរោគ​ទាំងមូល បាន​ឈានដល់​ការផលិត​នូវ​ថ្នាំ​បង្ការ ដែល​គ្មាន​កោសិកា​សោះ​។ ថ្នាំ​បង្ការ​ដែល​គេ​បន្សុទ្ធ​ចុងក្រោយ​នេះ មាន​សុវត្ថិភាព​ជាង​ថ្នាំ​បង្ការ​មុនៗ ទាំង​ការចាក់​បឋម និង​ការចាក់​រំលឹក ដែល​អាច​កាត់បន្ថយ​បាន​យ៉ាងច្រើន ពី​ផល​រំខាន​របស់​ថ្នាំ​បង្ការ​ដែល​ផលិត​ពី​មេរោគ​ទាំងមូល​។
​សុវត្ថិភាព​របស់​ថ្នាំ​បង្ការ​នេះ ត្រូវបាន​គេ​វាយតម្លៃ​ក្នុងការ​សិក្សា​សាកល្បង​ផ្នែក​គ្លីនិក​ចំនួន ៤ ដែលមាន​រួមបញ្ចូល​នូវ​មនុ​ស្សវ័យ​ជំទង់​ចំនួន ៣.៣៩៣ នាក់ និង​មនុស្សពេញវ័យ​ចំនួន ២.៤៤៨ នាក់ ត្រូវបានធ្វើ​ដើម្បី​វាយតម្លៃ​ប្រសិទ្ធភាព នៃ​ការបង្កើត​ប្រព័ន្ធ​ការពារ​រា​ង្គ​កាយ និង​ផល​រំខាន​របស់​ថ្នាំ​បង្ការ​នេះ​។ លទ្ធផល​ជារួម​គឺ ថ្នាំ​បង្ការ​នេះ មាន​សុវត្ថិ​ភាពល្អ​។ ឈឺ​ត្រង់​កន្លែង​ចាក់ ជា​ផល​រំខាន​នៅនឹងកន្លែង​ដែល​កើតមាន​ញឹកញាប់​ជាងគេ​។ ប្រតិកម្ម​នៅនឹងកន្លែង​ចាក់ ភាគច្រើន​កើតឡើង​ក្នុង​រវាង ៣ ថ្ងៃ​ក្រោយពី​បាន​ចាក់ ហើយ​ប្រតិកម្ម​ទាំងនេះ​មាន​រយៈពេល​ជា​មធ្យម ៣ ថ្ងៃ​។ ផល​រំខាន​ក្នុង​រាងកាយ​ដែល​ញឹកញាប់​ជាងគេ គឺ​អស់កម្លាំង (​ចំពោះ​កុមារ​) និង​ឈឺក្បាល​ចំពោះ​មនុស្ស​ជំទង់​និង​មនុស្សពេញវ័យ​។ គ្រុនក្តៅ​មាន​តិចជាង​១០​ភាគរយ​។ ជាទូទៅ ផល​រំខាន​ទាំងនេះ កើតមាន​បណ្តោះអាសន្ន​តែប៉ុណ្ណោះ និង​ក្នុង​កម្រិត​ស្រាល​ទៅ​មធ្យម​។ បន្ថែម​ពីនេះ​ទៅទៀត ចំពោះ​មនុស្ស​វ័យ​ជំទង់ និង​មនុស្សពេញវ័យ ករណី​នៃ​ផល​រំខាន​ត្រង់​កន្លែង​ចាក់ និង​ក្នុង​រាងកាយ​ក្រោយពី​ចាក់​ថ្នាំ​បង្ការ​ប្រភេទ​ថ្មី សម្រាប់​បង្ការ​ជំងឺ ៣ មុខ​បញ្ចូល​គ្នា (​ខាន់ស្លាក់ តេតាណូស ក្អកមាន់​) គឺមាន​អត្រា​ប្រហាក់ប្រហែល​នឹង​ការចាក់​រំលឹក​វ៉ាក់សាំង​ការពារ​តេតាណូស និង​ខាន់ស្លាក់​។ ចំពោះ​ក្មេង អត្រា​នៃ​ផល​រំខាន​ត្រង់​កន្លែង​ចាក់ និង​គ្រុនក្តៅ​ក្រោយ​ចាក់​ថ្នាំ​បង្ការ​ជំងឺ ៣ មុខ​នេះ មាន​កម្រិត​តិចជាង​អ្នក​ដែល​ចាក់​រំលឹក​វ៉ាក់សាំង​ការពារ​ជំងឺ ៤ មុខ នៅ​អាយុ ៤ ទៅ ៦ ឆ្នាំ​។ លើកលែងតែ​គ្រុនក្តៅ ចេញ​ផល​រំខាន​ក្នុង​រាងកាយ​ចំពោះ​វ៉ាក់សាំង​ទាំង ២ នេះ គឺ​ប្រហាក់ប្រហែលគ្នា​។​

​សំណួរ​៖ តើ​ត្រូវធ្វើ​ដូចម្តេច ក្នុងករណី​មាន​ផល​រំខាន​ពី​ការចាក់​ថ្នាំ​បង្ការ ដូចជា​ឈឺចាប់ ឬ គ្រុនក្តៅ​?
​ជាទូទៅ ផល​រំខាន​នេះ​មាន​សភាព​ស្រាល ហើយ​មាន​រយៈពេល​តែ ១ ឬ ២ ថ្ងៃ​ប៉ុណ្ណោះ​។ ត្រូវ​ប្រើ​កុំ​ប្រេ​ស ឬ ក្រណាត់​សើម​ហើយ​ត្រជាក់ គ្របពីលើ​កន្លែង​ដែល​ចាក់ ដើម្បី​កាត់បន្ថយ​ការឈឺចាប់​។ ប្រសិនបើ​មាន​គ្រុនក្តៅ អាច​ប្រើ​ថ្នាំ​ពពួក​ប៉ា​រ៉ា​សេ​តា​មុ​ល​ដើម្បី​បញ្ចុះ​កម្តៅ​។​

​សំណួរ​៖ តើ​គ្រូពេទ្យ​ត្រូវ​ចាក់​ថ្នាំ​បង្ការ​នេះ​ដល់​អតិថិជន​យ៉ាងដូចម្តេច​?
​ថ្នាំ​បង្ការ​ជំងឺ ៣ មុខ​បញ្ចូល​គ្នា​ប្រភេទ​ថ្មី​នេះ (Tdap) គឺ​ត្រូវ​ប្រើ​ជា​វ៉ាក់សាំង​ចាក់​តែ ១ ដង​គត់ ដើម្បី​ផ្តល់​ជាការ​ចាក់​ថ្នាំ​បង្ការ​រំលឹក​ដ៏​សកម្ម ប្រឆាំងនឹង​ជំងឺ​តេតាណូស ខាន់ស្លាក់ និង​ក្អកមាន់ សម្រាប់​មនុស្ស​វ័យ​ជំទង់ និង​មនុស្សពេញវ័យ ដែលមាន​អាយុ​ចាប់ពី ៤ ឆ្នាំ​ដល់ ៦៤ ឆ្នាំ ព្រោះ​ពួកគេ​ជា​ប្រភព​ចម្លង​បឋម​ទៅដល់​ទារក និង​ក្មេង​តូចៗ​ដែល​រស់នៅ​ជិត​ទារក ក្មេង​តូចៗ​ទាំងនោះ ដែល​គេ​ហៅថា​យុទ្ធសាស្ត្រ​សម្បុក​ដង្កូវនាង​។​
​អ្នក​ប្រកប​វិជ្ជាជីវៈ​ថែទាំ​សុខភាព ដែលមាន​ការប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ ក្នុង​មន្ទីរពេទ្យ ឬ​មណ្ឌល​ថែទាំ​សុខភាព​ចល័ត គួរ​ទទួល​នូវ​ថ្នាំ​បង្ការ​នេះ ១ ដូ​ស ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើបាន​។​
​គេ​អាច​ចាក់​ថ្នាំ​បង្ការ​ប្រភេទ​ថ្មី (Tdap) នេះ​បាន ដោយ​មិនចាំបាច់​ត្រូវ​ខ្វល់​អំពី​ចន្លោះពេល​ពី​ការចាក់​ថ្នាំ​បង្ការ​ជំងឺ​តេតាណូស និង​ខាន់ស្លាក់ (Td) លើក​មុន​នោះទេ​។ អាច​ប្រើ​វា​សម្រាប់​ការការពារ​ជំងឺ​តេតាណូស នៅពេល​មាន​របួស ជាជាង​ប្រើ​ពួក Td​។ គេ​អាច​ចាក់​ថ្នាំ​បង្ការ​នេះ ក្នុងពេល​ជាមួយគ្នា​នឹង​ថ្នាំ​បង្ការ​ជំងឺរលាកស្រោមខួរ​បាន ប្រសិនបើ​មានការ​តម្រូវ​ឲ្យ​ប្រើ និង​អាច​រកបាន​នូវ​ថ្នាំ​បង្ការ​ទាំង ២ ប្រភេទ​នេះ​។ គ្រប់​មនុស្ស​វ័យ​ជំទង់​ដែលមាន​អាយុ ១១ ដល់ ១៨ ឆ្នាំ ទោះជា​ធ្លាប់បាន​ចាក់​គ្រប់​ថ្នាំ​បង្ការ DTP/DTaP ក្តី​ក៏​គួរ​ចាក់​ថ្នាំ​បង្ការ​នេះដែរ​។
​ចំពោះ​ក្មេង​អាយុ​ត្រឹម ៧ ឆ្នាំ គួរ​ទទួល​នូវ​ថ្នាំ​បង្ការ​នេះ ១ ដូ​ស​ដែរ ប្រសិនបើ ៖ ពួកគេ​មិនបាន​ចាក់​ថ្នាំ​បង្ការ​ជំងឺក្អកមាន់​បាន​ពេញលេញ​ពីមុន និង ពុំមាន​ករណី​ហាម​ប្រើ​ណាមួយ​ចំពោះ​ថ្នាំ​បង្ការ​ជំងឺក្អកមាន់​ទេនោះ​៕