ពលរដ្ឋ​កម្ពុជា ចូលរួម​រំលែក​ទុក្ខ​​បារាំង ដោយ​ការប្តូរ​រូប Profile លើ​ហ្វេ​ស​ប៊ុ​ក​

ភ្នំពេញ: ​រហូតដល់​រសៀល​ថ្ងៃទី​១៤​វិច្ឆិកា​នេះ ក្រៅពី​សារ​ចូលរួម​រំលែក​ទុក្ខ ពលរដ្ឋ​កម្ពុជា​កាន់តែច្រើន បាន​ចូលរួម​រំលែក​ទុក្ខ​ប្រជាពលរដ្ឋ​បារាំង និង​ជនរងគ្រោះ ដោយ​ការវាយប្រហារ នៅ​ទីក្រុង​ប៉ារីស តាមរយៈ​ការប្តូរ​រូប Profile នៅលើ​ហ្វេ​ស​ប៊ុ​ក​។​

​នៅ​រសៀល​ថ្ងៃទី​១៤​វិច្ឆិកា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ក៏បាន​ផ្ញើ​សារ​ជូន​ប្រធានាធិបតី​បារាំង ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​ប្រជាពលរដ្ឋ​បារាំង និង​ក្រុមគ្រួសារ​ជន​រង គ្រោះ ដោយសារ​អំពើ​វាយប្រហារ​ដ៏​ឃោរឃៅ​បំផុត​ដោយ​ភេរ​វករ​នៅ​រោង​មហោស្រព Bataclan, Paris កាលពី​យប់​ថ្ងៃ​សុក្រ ទី​១៣​វិច្ឆិកា ដែល​បានធ្វើអោយ​មនុស្ស​ជាង ១៤០ នាក់ បាត់បង់​ជីវិត និង​របួស​ជាច្រើន​រយ​នាក់​។​

​តាម​សារលិខិត​របស់​សម្តេច​ហ៊ុនសែន អំពើ​វាយប្រហារ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​យប់​ថ្ងៃទី​១៣​វិច្ឆិកា ក៏បាន​កើតឡើង​នៅ​ភោជនីយដ្ឋាន​ខ្មែរ​មួយ​ផងដែរ​។​

​ដោយឡែក គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍ ថ្កោលទោស​ក្រុម​ភេរ​វករ និង​ឧក្រិដ្ឋជន ដែល​បាន​បាញ់សម្លាប់ និង​បំផ្ទុះ​គ្រាប់បែក​យ៉ាង​សាហាវព្រៃផ្សៃ ឃោរឃៅ យង់ឃ្នង បណ្តាល​ឲ្យ​មានការ​បាត់បង់​ជីវិត​ជន​ស៊ីវិល ប្រជាពលរដ្ឋ​ស្លូតត្រង់ រាប់រយ​នាក់ នា​យប់​ថ្ងៃ​សុក្រ ទី​១៣​វិច្ឆិកា នាទី​ក្រុងប៉ារីស សាធារណរដ្ឋ​បារាំង ផងដែរ​។​

​ការចុះផ្សាយ​របស់​ទូរ​ទស្សន៍ CNN បង្ហាញថា ការវាយប្រហារ​នៅ​ទីក្រុង​ប៉ារីស កាលពី​យប់​ថ្ងៃ​សុក្រ ទី​១៣​វិច្ឆិកា ក្រៅពី​កន្លែង​ប្រគំ​តន្ត្រី Bataclan ក៏មាន​ការវាយប្រហារ​នៅ ៧ កន្លែង​ផ្សេងទៀត​។ ក្នុងនោះ ភោជនីយដ្ឋាន​ខ្មែរ យីហោ "Le Petit Cambodge" គឺជា​កន្លែង​រងគ្រោះ​ធំ​ទី​២ ផងដែរ​។ ក៏ប៉ុន្តែ​គេ​មិនទាន់​ដឹងថា អ្នករងរបួស និង​ស្លាប់​ទាំងនោះ មាន​ជនជាតិខ្មែរ​ដែរឬទេ​នោះ​ឡើយ​។​

​ជុំវិញ​បញ្ហា​នេះ លោក​ជុំ​សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៤​វិច្ឆិកា​នេះ​ថា ក្រសួងការបរទេស បាន​ទាក់ទង​ទៅកាន់​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​បារាំង ដើម្បី​ស្វែងរក​របាយការណ៍ ថា​តើ​ក្នុង​ហេតុការណ៍​នោះ មាន​ជនជាតិខ្មែរ របួស និង​ស្លាប់​ប៉ុន្មាន​នាក់​? ក៏ប៉ុន្តែ​រហូតដល់​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៤​វិច្ឆិកា​នេះ យើង​នៅ​មិនទាន់មាន​ព័ត៌មាន​ណាមួយ​ពី​ហេតុការណ៍​នោះ​នៅឡើយ​ទេ​។ សូម្បីតែ​ជនជាតិ​ណាខ្លះ ដែល​ស្លាប់ និង​របួស​ក្នុង​ហេតុការណ៍​វាយប្រហារ​នោះ ក៏​រដ្ឋាភិបាល​បារាំង មិនទាន់​ប្រកាស​នៅឡើយ​ដែរ​។​

​យ៉ាងណាក៏ដោយ លោក ជុំ សុន្ទរី បាន​បញ្ជាក់ថា រដ្ឋាភិបាល ក្រសួងការបរទេស ក៏ដូចជា​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​បារាំង កំពុងតែ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​រឿងនេះ​៕​

ពលរដ្ឋ​កម្ពុជា ចូលរួម​រំលែក​ទុក្ខ​​បារាំង ដោយ​ការប្តូរ​រូប Profile លើ​ហ្វេ​ស​ប៊ុ​ក​

ពលរដ្ឋ​កម្ពុជា ចូលរួម​រំលែក​ទុក្ខ​​បារាំង ដោយ​ការប្តូរ​រូប Profile លើ​ហ្វេ​ស​ប៊ុ​ក​