មនុស្ស​៣​នាក់​រង​ការ​ចោទ​បទ​ញុះញង់​ប្រឆាំង​​រាជការ​សាធារណៈ​និង​ទទួល​ផល​ចោរកម្ម

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដំណាំ​ឧស្សាហកម្ម អ៊ុក ឃុន បញ្ឈប់​ការ​ឈូស​ឆាយ និង​ផ្ដល់​សំណង​ជូន​ពួក​គាត់។ ការ​ទាមទារ​នេះ​បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​ពី​ពលរដ្ឋ​ថា មាន​មនុស្ស​១​ក្រុម និង​កម្លាំង​ក្រុមហ៊ុន​សន្តិសុខ​ដឹកនាំ​ដោយ​ក្រុមហ៊ុន អ៊ុក ឃុន បាន​ឈូស​ឆាយ​ដំណាំ​ចម្ការ និង​ដុត​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ ១០​ថ្ងៃ​ជាប់​គ្នា​មក​នេះ។ វិវាទ​នេះ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ប្រឈម​មុខ​ឡើង​តុលាការ។

មន្ត្រី​ថ្នាក់​ឧត្ដមសេនីយ៍​ម្នាក់​នៃ​ក្រសួង​ការពារ​ជាតិ និង​ពលរដ្ឋ​ពីរ​នាក់​ផ្សេង​ទៀត ត្រៀម​ខ្លួន​ចូល​បំភ្លឺ​នៅ​តុលាការ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ប្រឆាំង​អ្នក​រាជការ​សាធារណៈ និង​ពី​បទ​ទទួល​ផល​ចោរកម្ម ដែល​ជា​បណ្ដឹង​របស់​របស់​អាជ្ញាធរ​ស្រុក។

ពលរដ្ឋ​ម្នាក់​រស់​នៅ​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ លោកស្រី រ៉ែម ផលចាន់លី ជា​ភរិយា​របស់​មន្ត្រី​យោធា​នាយកដ្ឋាន​អធិការកិច្ច​នៃ​ក្រសួង​ការពារ​ជាតិ លោក កង ភិរុណ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា ថា លោកស្រី​និង​ស្វាមី រួម​ទាំង​ពលរដ្ឋ​ម្នាក់​ទៀត ឈ្មោះ មាជ លាងសេង ត្រូវ​បាន​អភិបាល​ស្រុក​ភ្នំស្រួច លោក ពេជ្រ ចន្ថា ប្ដឹង​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​ប្រឆាំង​អ្នក​រាជការ​សាធារណៈ។ រី​ឯ​ស្វាមី​គាត់​រង​ការ​ចោទ​ប្រកាន់​ករណី​ទី​២​ទៀត គឺ​បទ​ទទួល​ផល​ចោរកម្ម ដែល​តុលាការ​ខេត្ត​កោះហៅ​ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ខាង​មុខ។

លោកស្រី​អះអាង​ថា ការ​ចោទ​ប្រកាន់​នេះ ដោយសារ​ពួកគាត់​តវ៉ា​ដីធ្លី​ដែល​ក្រុមហ៊ុន​កំពុង​អភិវឌ្ឍន៍​ប៉ះ​ចំ​ដី​អ្នក​ភូមិ។ ចំណែក​ក្រុមហ៊ុន​ដឹកនាំ​កម្លាំង​ឈូស​បំផ្លាញ​ផល​​ដំណាំ និង​ផ្ទះ​ពួកគាត់ អាជ្ញាធរ​ពុំ​អន្តរាគមន៍​និង​ផ្ដល់​ដំណោះស្រាយ​ឡើយ៖ «ទង្វើ​ក្រុមហ៊ុន​និង​កម្លាំង​ដែល​មក​នេះ ខ្ញុំ​យល់​ឃើញ​ថា ព្រៃផ្សៃ​ណាស់ អ​មនុស្សធម៌​ចំពោះ​ប្រជាពលរដ្ឋ​ដូច​ជា​ពួក​ខ្ញុំ។ ប្រជាពលរដ្ឋ​ខ្ញុំ​តាំង​ពី​ថ្ងៃ​ទី​៣ ម៉ោង ៥:៣០​នាទី​ល្ងាច រហូត​ដល់​ថ្ងៃ​ទី​១២ សុំ​អន្តរាគមន៍​គេ គ្មាន​អាជ្ញាធរ​គ្មាន​សមត្ថកិច្ច​ណា​គេ​ជួយ​ទេ គេ​មាន​តែ​គំរាម​ឲ្យ​ប្រគល់​ដី​ឲ្យ​គេ​ដើរ​ចេញ​បាន​សុខ។ អយុត្តិធម៌​ណាស់​មេ​ឃុំ និង​ចៅហ្វាយ​ស្រុក ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ធ្វើ​បាប​រាស្ត្រ»

ប្រជាពលរដ្ឋ​ដដែល​អះអាង​ថា ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ ៥៨​គ្រួសារ ពាក់ព័ន្ធ​ផ្ទៃដី ១៨៦​ហិកតារ ជាមួយ​ក្រុមហ៊ុន​ដំណាំ​ឧស្សាហកម្ម អ៊ុក ឃុន បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៩។ ពួកគាត់​បាន​កាន់​កាប់​ដី​នេះ​ខ្លះ​តាំង​ពី​ឆ្នាំ​១៩៨៥ ជា​បន្ត​បន្ទាប់​ដល់​ឆ្នាំ​១៩៩៩ រហូត​មក​ដល់​បច្ចុប្បន្ន។ ទោះ​យ៉ាង​ណា ក្រុមហ៊ុន​នេះ​បាន​ដឹកនាំ​មនុស្ស​រាប់​រយ​នាក់​ដែល​ជា​កម្លាំង​យុវជន​បញ្ជូន​ទៅ​ពី​ភ្នំពេញ តាំង​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឲ្យ​ធ្វើ​សកម្មភាព​រុះរើ ហើយ​ដុត​ផ្ទះ​ពលរដ្ឋ ១​ខ្នង ឈូស​ឆាយ​ដំណាំ​បំផ្លាញ​រថយន្ត​លោកស្រី​ចំនួន ២​គ្រឿង និង​គ្រឿងចក្រ​របស់​គាត់​ដែល​ប៉ាន់​ប្រមាណ​ខូចខាត​ប្រាក់​ប្រមាណ ៧​ម៉ឺន​ដុល្លារ។

លោកស្រី រ៉ែម ផលចាន់លី៖ «កម្លាំង​គេ​យក​មក​ពី​បឹង​ឈូក សំបុក​ចាប ស្ទឹងមានជ័យ ប៊ូឌីង គោករកា ច្រើន​កន្លែង​ណាស់ សុទ្ធ​តែ​ក្មេង​ស្ទាវ មាន​កាំបិត​ផ្គាក់​គ្រប់​ដៃ ពូថៅ ស្នា សុទ្ធ​តែ​ជ្រលក់​ពិស​បាញ់ និង​ចម្ពាម​កៅស៊ូ កាំភ្លើង​ច្នៃ ដំបង​ឆក់។ កម្លាំង​ហ្នឹង​ដឹកនាំ​ដោយ​លោក អ៊ុក វិច្ឆិកា កូន​លោកស្រី សុខ សុភាព នាយិកា​ក្រុមហ៊ុន​ហ្នឹង ហើយ​និង​នាង ឌី ចំណាប់ ដែល​បាន​និយាយ​ពេញ​មាត់​ថា គេ​ជា​ក្មួយ​សម្ដេច​នាយក»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ដំណាំ​ឧស្សាហកម្ម អ៊ុក ឃុន បាន​ទេ នៅ​ថ្ងៃ​សៅរ៍ ទី​១៤ វិច្ឆិកា។

ទាក់ទង​បញ្ហា​នេះ អភិបាល​ស្រុក​ភ្នំស្រួច លោក ពេជ្រ ចន្ថា បាន​ច្រាន​ចោទ​ចំពោះ​ការ​លើក​ឡើង​របស់​ពលរដ្ឋ។ លោក​ថ្លែង​ថា ពុំ​មាន​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​បែប​នេះ​ឡើយ មាន​តែ​គ្រួសារ​របស់​លោកស្រី រ៉ែម ផលចាន់លី មួយ​គត់។

ផ្ទុយ​ទៅ​វិញ​លោក​អភិបាលស្រុក​ចោទ​ថា គ្រួសារ​នេះ បាន​ព័ទ្ធ​យក​ដី​ក្រុមហ៊ុន​លើស​ពី​អ្វី​ដែល​គាត់​មាន​ថែម​ទៀត៖ «អត់​មាន​ករណី​ដុត​ទេ គាត់​ទៅ​ដុត និង​ថតរូប​ខ្លួន​ឯង ហើយ​បង្ហោះ​ឲ្យ​ចលាចល​ពេញ​មួយ​ស្រុក។ ប្រពន្ធ​លោក កង ភិរុណ ហ្នឹង ក្រុម​លោក កង ភិរុណ ហ្នឹង សុទ្ធ​តែ​គេ​ទៅ​ដុត​ផ្ទះ​រឿង​ហ្នឹង​មិន​ពិត»

យ៉ាង​ណា​ក៏​ដោយ លោកស្រី រ៉ែម ផលចាន់លី បាន​បដិសេធ ហើយ​បញ្ជាក់​ថា អាជ្ញាធរ​តែង​ចោទ​ប្រកាន់​ពួកគាត់។ កន្លង​មក​អតីត​អាជ្ញាធរ​ឃុំ​ស្រុក​ខេត្ត​បាន​ទទួល​ស្គាល់​ពួកគាត់​ជា​ម្ចាស់​កម្មសិទ្ធិ​មិន​ដែល​មាន​បញ្ហា​នោះ​ទេ។

មន្ត្រី​ស៊ើបអង្កេត​សមាគម​ការពារ​សិទ្ធិ​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កំពង់ស្ពឺ លោក អាន ភិន ដែល​បាន​ឃ្លាំមើល​ករណី​នេះ ថ្លែង​ថា ក្រុមហ៊ុន​បាន​ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​ដើម្បី​វិនិយោគ​ដាំ​ដំណាំ​កសិឧស្សាហកម្ម​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៩ លើ​ផ្ទៃ​ដី​ជាង ១​ម៉ឺន​ហិកតារ។ ប៉ុន្តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​ដាំ​ដើម​ស្វាយចន្ទី ប្រមាណ ១០០​ហិកតារ​ប៉ុណ្ណោះ។ លោក​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ច្រើន​ជាង​ក្រុមហ៊ុន​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​កាន់កាប់ ពី​ព្រោះ​ពលរដ្ឋ​មក​កាន់កាប់​មុន​ក្រុមហ៊ុន។ ជាង​នេះ​ទៅ​ទៀត បើ​យោង​តាម​បទ​បញ្ជា ០១ ឆ្នាំ​២០១២ របស់​រដ្ឋាភិបាល បើ​មាន​ពាក់ព័ន្ធ​ដី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន ទោះ​ពលរដ្ឋ​ចូល​កាន់កាប់​ក្រោយ​ក្រុមហ៊ុន​ក៏​ដោយ​ចុះ ក្រុមហ៊ុន​នោះ​ត្រូវ​ឆ្វៀល​ដី​ឲ្យ​ពលរដ្ឋ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។