ក្រសួង​មហាផ្ទៃ​ឲ្យ​អភិបាល​ខេត្ត​មណ្ឌលគិរី​បំភ្លឺ​រឿង​សហគមន៍​ជន​ជាតិ​ដើម​ប្ដឹង​ដក​តំណែង

អគ្គលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ចេញ​លិខិត​ជូន​ដំណឹង​មក​អភិបាល​ខេត្ត​មណ្ឌលគិរី ឲ្យ​ធ្វើ​​របាយការណ៍​បំភ្លឺ​ជុំវិញ​ពាក្យ​ប្ដឹង​របស់​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង ចំនួន ១៧​សហគមន៍​ដែល​បាន​ប្ដឹង​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​រាជរដ្ឋាភិបាល និង​រដ្ឋសភា​ឲ្យ​ដក​អភិបាល​ខេត្ត​ចេញ​ពី​តំណែង​កាល​ពី​ខែ​តុលា កន្លង​ទៅ​នេះ។

​លិខិត​ជូន​ដំណឹង​នេះ ត្រូវ​បាន​មន្ត្រី​ក្រសួង​មហាផ្ទៃ ប្រគល់​ជូន​សហគមន៍ ខណៈ​តំណាង​សហគមន៍​បាន​ធ្វើ​ដំណើរ​ទៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ដើម្បី​សាកសួរ​ព័ត៌មាន​ជុំវិញ​ពាក្យ​ប្ដឹង​របស់​​អ្នក​ភូមិ​ដែល​ដាក់​ជូន​ក្រសួង​មហាផ្ទៃ។

​កាល​ពី​ខែ​តុលា កន្លង​ទៅ តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង មក​ពី​ស្រុក និង​ក្រុង​ចំនួន ៥ ក្នុង​ខេត្ត​មណ្ឌលគិរី បាន​នាំ​យក​ញត្តិ​មាន​ស្នាម​មេដៃ​អ្នក​ភូមិ​ជិត ៩០០​នាក់ ប្ដឹង​ទៅ​ស្ថាប័ន​ថ្នាក់​​ជាតិ​រួម​មាន ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ ក្រសួង​អភិវឌ្ឍន៍​ជនបទ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​តំណាង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា សុំ​ឲ្យ​ស្ថាប័ន​ទាំង​អស់​នោះ​ជួយ​អន្តរាគមន៍​ផ្ដល់​យុត្តិធម៌​ដល់​ជនជាតិ​ដើម​ភាគតិច​ដែល​កំពុង​រង​ការ​រំលោភ​សិទ្ធិមនុស្ស និង​មាន​ការ​រើសអើង​ពី​មន្ត្រី​មូលដ្ឋាន​ដែល​បិទ​សិទ្ធិ​សេរីភាព​អ្នក​ភូមិ​មិន​ឲ្យ​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគ​តិច​ពិភពលោក។

តំណាង​សហគមន៍​លោក ក្រើង តុលា ចាត់​ទុក​ចំណាត់​ការ​របស់​ក្រសួង​មហាផ្ទៃ នៅ​ពេល​នេះ​ថា ជា​ជំហាន​ល្អ និង​ជា​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ទុក្ខ​លំបាក​របស់​ពលរដ្ឋ។ លោក​រំពឹង​ថា មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ នឹង​ស៊ើប​អង្កេត​ផ្ដល់​យុត្តិធម៌​ជូន​ពលរដ្ឋ​ពាក់ព័ន្ធ​ចំណាត់​ការ​មិន​ត្រឹមត្រូវ​របស់​​អភិបាល​ខេត្ត​ជុំវិញ​បទល្មើស​ព្រៃឈើ និង​ការ​ទន្ទ្រាន​កាន់​កាប់​ដី​សហគមន៍​ជនជាតិ​ដើម​ខុស​ច្បាប់​​ផង​ដែរ៖ «»។

នាំ​នេះ​គឺ​ជា​ខួប​លើក​ទី​២១ នៃ​ការ​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភពលោក និង​ជា​ខួប​លើក​ទី​១១  ប្រារព្ធ​នៅ​ប្រទេស​កម្ពុជា។ យ៉ាងណាមិញ​នៅ​ខេត្ត​មណ្ឌលគិរី ជនជាតិ​ដើម​ភាគតិច​ព្នង​រាប់​រយ​នាក់ បាន​ប្រារព្ធ​ពិធី​នេះ​ជា​លើក​ទី​៥ ក្រោម​កម្ដៅ​ថ្ងៃ​នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា កាល​ពី​ថ្ងៃ​ទី​៩ ខែ​តុលា ខណៈ​កងកម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ព្យាយាម​ហាមឃាត់ និង​គំរាម​កំហែង​ចាប់​ខ្លួន​មេដឹកនាំ​សហគមន៍។

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​មណ្ឌលគិរី សុំ​អធិប្បាយ​ជុំវិញ​លិខិត​របស់​ក្រសួង​មហាផ្ទៃ នោះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ដោយ​ទូរស័ព្ទ​លោក​គ្មាន​អ្នក​ទទួល។

​ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី សាទរ​ចំពោះ​ចំណាត់​ការ​របស់​ក្រសួង​មហាផ្ទៃ ថា​ជា​ជំហាន​ស៊ើប​អង្កេត​បឋម​ទៅ​លើ​ពាក្យ​ប្ដឹង​របស់​ពលរដ្ឋ។ លោក​កត់​សំគាល់​ថា មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​មណ្ឌលគិរី ខកខាន​បង្ក្រាប​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ ដីធ្លី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់​នៅ និង​ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច និង​រំលោភ​ទៅ​លើ​សិទ្ធិ​ប្រាស្រ័យ​ទាក់ទង​របស់​សង្គម​ស៊ីវិល​ជាមួយ​សហគមន៍​ជាដើម៖ «»។

លិខិត​ជូន​ដំណឹង​របស់​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ចុះ​ហត្ថលេខា​ដោយ​អគ្គលេខាធិការ​ក្រសួង​មហាផ្ទៃ លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ តាម​បញ្ជា​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​​ពី​តំណាង​សហគមន៍ នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា មិន​បាន​កំណត់​ពេល​វេលា​ជាក់លាក់​ស្ដីពី​ការ​ធ្វើ​របាយការណ៍​បំភ្លឺ​របស់​អភិបាល​ខេត្ត​មណ្ឌលគិរី នោះ​ទេ។ ដោយ​ឡែក​វិទ្យុ​អាស៊ីសេរី ក៏​មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​លោក ខៀវ សុភ័គ ពី​របាយការណ៍​បំភ្លឺ​នោះ​បាន​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។