កម្លាំងអាវុធហត្ថ ចាប់ខ្លួន មុខសញ្ញាកាប់ ប្លន់ យកទ្រព្យសម្បត្តិ ពេលយប់ ២ នាក់ នៅសង្កាត់កាកាប

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានស្រាវជ្រាវ រហូតចាប់ខ្លួនមុខសញ្ញាកាប់ ប្លន់ យកទ្រព្យសម្បត្តិ ពីប្រជាពលរដ្ឋនៅពេលយប់ចំនួន ២នាក់ ស្ថិតនៅសង្កាត់ កាកាប ។

មេបញ្ជាការ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ លោក ជឹម ឫទ្ធី បានបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍ ពីប្រជា ពលរដ្ឋថា កាលពីវេលាម៉ោងប្រហែល ១១យប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ មានជនសង្ស័យមួយក្រុម មានគ្នា ប្រហែល ៤ទៅ៥នាក់ ប្រដាប់ដោយដាវសាមម៉ូរ៉ៃ បានវាយប្លន់ប្រជាពលរដ្ឋយកលុយ យកទូរស័ព្ទ នៅចំណុច ក្រោម ស្លាកប៉ាណូផ្សាយពាណិជ្ជកម្មស្រា XO ជិតសួនកុមារពោធិ៍ចិនតុង ទើបនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៥នេះ ស្ថិតចំណុចភូមិប៉ប៉្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កម្លាំងអាវុធហត្ថខណ្ឌ បាន ស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន ២នាក់ ខណៈបក្ខពួកផ្សេងទៀត បានរត់គេចខ្លួន ។

ជនសង្ស័យទាំង ២នាក់រួមមាន ទី១-ឈ្មោះឃី សុធា ហៅពេជ្រ អាយុ ៣០ឆ្នាំ និងទី២-ឈ្មោះភឹមវិច្ឆ័យ អាយុ ២៦ ឆ្នាំ ទីលំនៅបន្ទប់ជួលភូមិប៉ប៉្រកខាងជើង សង្កាត់កាកាប ។

ក្រោយចាប់ខ្លួនជនសង្ស័យទាំង ២នាក់ កម្លាំងអាវុធហត្ថ បានដកហូតបាន វត្ថុតាងដូចជា ដបជក់គ្រឿងញៀន១ ដែកកេះ៦ ដាវសាមម៉ូរ៉ៃ ៣ដើម កាំបិតតាំងតោ ៦ ញញួរ ២ ដែកឆាប ៣ ប្រដាប់ឆ្កឹះសោ ៤ ម៉ូតូចំនួន១គ្រឿង និងប្រដាប់គាស់ផ្ទះមួយចំនួន ។

បច្ចុប្បន្នបានបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំ ពេញ ដើម្បីបន្តនីតិវិធី ៕

កម្លាំងអាវុធហត្ថ ចាប់ខ្លួន មុខសញ្ញាកាប់ ប្លន់ យកទ្រព្យសម្បត្តិ ពេលយប់ ២ នាក់ នៅសង្កាត់កាកាប

កម្លាំងអាវុធហត្ថ ចាប់ខ្លួន មុខសញ្ញាកាប់ ប្លន់ យកទ្រព្យសម្បត្តិ ពេលយប់ ២ នាក់ នៅសង្កាត់កាកាប