រថយន្ត​២​គ្រឿង​ប៉ះ​គ្នា​នៅ​ស្រុក​អូរ​ជ្រៅ របួសធ្ងន់​មន្ត្រី​នគរបាល​ម្នាក់

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​កាម​រី​២​គ្រឿង​ប៉ះ​គ្នា​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​សូ​រិ​យា ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​ កាលពី​វេលា​ម៉ោង​៤ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​១៤ វិច្ឆិកា ២០១៤ ។

ជន​រង​គ្រោះ​ឈ្មោះ ហុ​ក ភក្តី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​មន្ត្រី​នគ​បាល​ក្រុង​ប៉ោយ​ប៉ែ​ត រស់នៅ​ភូមិ​និមិត្ត​៣ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត បាន​រង​របួស​ធ្ងន់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ។

ប្រភព​ពី​មន្ត្រី​នគ​បាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​បើករថយន្ត​ម៉ាក​កាម​រី​ឆ្លាម ពាក់​ស្លាក​លេខ បាត់ដំបង 2B-0023 ក្នុង​ល្បឿន​លឿន ហើយ​បាន​ទៅ​ប៉ះ​គ្នា​ជាមួយ​រថយន្ត​ម៉ាក​កាម​រី ពណ៌​ខ្មៅ​១​គ្រឿង​ទៀត​ដែល​កំពុង​បើក​ស្រប​ទិស​គ្នា ហើយ​ក៏​រេ​ចង្កូត​ទៅ​បុក​ដើម​អំពិលទឹក បណ្ដាល​ឲ្យ​គាប​ជាប់​ទ្វារ​ខាងឆ្វេង និង​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​អ្នក​ជិតខាង និង​អ្នកដំណើរ​ជួយ​គាស់​ជាង​កន្លះ​ម៉ោង​ទើប​ជួយ​បាន ។

ប្រភព​បន្ត​ទៀត​ថា គ្រោះថ្នាក់​ដែល​កើតឡើង​គឺ​បណ្តាល​មក​ពី​បើកបរ​មិន​មានការ​យោគយល់​គ្នា ទើប​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង ហើយ​រថយន្ត​១​គ្រឿង​ទៀត​ដែល​បើក​គេចខ្លួន​បាត់ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដើម្បី​តាម​ចាប់​យក​មក​អនុវត្ត​តាម​ច្បាប់ ៕