ទម្លាប់​មិន​ល្អ​៥​យ៉ាង​ដែល​រារាំង​អ្នក​មិន​ឱ្យ​គេង​លក់​

ទម្លាប់​មិន​ល្អ​៥​យ៉ាង​ដែល​រារាំង​អ្នក​មិន​ឱ្យ​គេង​លក់​

​ដំណេក​សំខាន់​ខ្លាំង​ណាស់​ចំពោះ​សុខភាព​។ កាលណា​យើង​គេង​មិនបាន​គ្រប់គ្រាន់​ទេ សុខភាព​នឹង​ចុះខ្សោយ​។ ក៏ប៉ុន្តែ តើ​មាន​អ្នកណា​ម្នាក់​ដែល​ថា​មិន​ចង់​គេង​ឱ្យ​លក់​នោះ​? គ្រាន់តែ​ថា ពេលខ្លះ​យើង​បាន​ធ្វើ​អ្វីមួយ​ដោយ​មិន​ដឹង​ខ្លួន ដែល​ធ្វើឱ្យ​យើង​គេង​មិន​លក់​។​
 

១- ការ​សេពសុរា​
មាន​មនុស្ស​ច្រើនណាស់​ដែល​យល់ច្រឡំ​ថា​គ្រឿង​ស្រវឹង ជា​សុរា ប៊ីយែ​រ ឬ​ស្រា​ទំពាំងបាយជូ​រ ជួយ​ឱ្យ​គេង​ឆាប់​លក់​។ ការពិត វា​អាច​ធ្វើឱ្យ​ឆាប់​គេង​លក់​មែន ក៏ប៉ុន្តែ​មិន​លក់​បាន​ស្កប់ស្កល់​ទេ​។ ពួក​អ្នក​សិក្សា​ស្រាវជ្រាវ​របស់ London Sleep Center បាន​រកឃើញថា គ្រឿង​ស្រវឹង​ធ្វើឱ្យ​អ្នក​ផឹក​គេង​លក់​ពី​ក្បាលល្ងាច ក៏ប៉ុន្តែ​គេង​មិន​បាន​ស្កប់ស្កល់​ទេ​មួយ​កំណាត់​យប់​ទៀត ដោយ​ការ​រវើរវាយ និង​ក្រោក​នោម​ញឹកញាប់​។​
 

២- ការ​ញ៉ាំ​សូកូឡា​
សូកូឡា​មាន​ឥទ្ធិពល​ភ្ញោ​ច​ដូចជា​កាហ្វេ​ដែរ ព្រោះ​សម្បូរ​ទៅ​ដោយ​សមាសភាគ​មួយ​ឈ្មោះ​ហៅថា​théobromine ដែល​ស្រដៀង​គ្នា​ទៅ​នឹង​កាហ្វេ​អ៊ី​ន​ដែរ​។ ដោយហេតុ​នោះ ការ​ញ៉ាំ​សូកូឡា​មុនពេល​ចូល​គេង​មិនល្អ​ទេ​។​
 

៣- ការមើល​ទូរទស្សន៍ ផ្ញើ​សារ​ចុះឡើង ឬ​លេង facebook និង twitter
ក្នុង​ពេល​សព្វថ្ងៃ​នេះ តើ​ផ្ទះ​ណាមួយ​ដែល​គ្មាន​ទូរទស្សន៍ ហើយ​តើ​នរណា​ម្នាក់​ដែល​គ្មាន​ទូរស័ព្ទដៃ​ដែល​មើល facebook ឬ twitter បាន​? ត្រូវ​ដឹង​ថា​ពន្លឺ​ពណ៌​ខៀវ​របស់​ទូរទស្សន៍ ឬ​ទូរស័ព្ទដៃ​វា​ធ្វើឱ្យ​យើង​គេង​មិន​លក់ ព្រោះ​វា​បាន​ទៅ​កាត់បន្ថយ​កម្រិត​បង្កើត mélatonine នៅ​ក្នុង​ខួរក្បាល​ដែល​ជា​កត្តា​ធ្វើឱ្យ​ងងុយ​គេង​។ គេ​បាន​ណែនាំ​ថា ត្រូវ​កុំ​មើល​ទូរទស្សន៍ ឬ​ត្រូវ​បិទ​ប្រដាប់​អេឡិកត្រូនិក​ទាំងអស់​នោះចេញ យ៉ាងហោចណាស់​១​ម៉ោង​មុន​ចូល​គេង​។​
 

៤- ការលេង​កីឡា​
ការ​ហាត់ប្រាណ​និង​ការលេង​កីឡា​ល្អ​ណាស់​ចំពោះ​សុខភាព​។ ក៏​ប៉ុន្តែ​បើ​យើង​ហាត់ប្រាណ​ឬ​លេង​កីឡា​ក្រោយពី​ញ៉ាំ​អាហារ​ពេល​ល្ងាច​រួច ឬ​មុន​ចូល​គេង នោះ​វា​មិន​ល្អ​ទេ ព្រោះ​វា​នឹង​ធ្វើឱ្យ​អ្នក​មាន​ការលំបាក​នៅក្នុង​ការ​គេង​។ ត្រូវ​ហាត់ប្រាណ ឬ​លេង​កីឡា​ឱ្យបាន​យ៉ាងតិច​៤​ម៉ោង​មុន​ចូល​គេង​។​
 

៥- ញ៉ាំ​អាហារ​មុន​ចូល​គេង​
អ្នកខ្លះ​ញ៉ាំ​នេះ​ញ៉ាំ​នោះ​មិន​ទំនេរ​មាត់​ទេ រហូត​ទាល់តែ​ដល់​ពេល​ចូល​គេង​។ ចំណី​អាហារ​ដែល​ប្រៃ មាន​គ្រឿងទេស​ច្រើន ឬ​មាន​ខ្លាញ់​ច្រើន​បង្ក​ការលំបាក​ក្នុង​ការរំលាយ ហើយ​ក៏​រំខាន​ដល់​ដំណេក ផងដែរ​។ យក​ល្អ គេ​ត្រូវ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ឱ្យបាន​យ៉ាងតិច​២​ម៉ោង មុន​ចូល​គេង​។​
​ការបោះបង់​ចោល​ទម្លាប់​ទាំងអស់នេះ អាច​ជួយ​ឱ្យ​អ្នក​គេង​បានល្អ​៕

ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។