ធ្វើយ៉ាងណា​កុំ​ឱ្យមាន​សំបោរ​ច្រើន​ខ្លាំងពេក​?

ធ្វើយ៉ាងណា​កុំ​ឱ្យមាន​សំបោរ​ច្រើន​ខ្លាំងពេក​?

​សំបោរ​គឺជា​ទឹករំអិល​គ្មាន​ពណ៌​រាង​ខាប់​បន្តិច ដែល​ក្រពេញ​នៃ​ផ្នែក​ផ្សេងៗ​ក្នុង​រាងកាយ​បង្កើតឡើង ដើម្បី​ផ្សើម​ភ្នាស​ផង និង​ដើម្បី​ការពារ​ការបង្ក​រោគ​ពី​ខាងក្រៅ​ផង​។ សរីរាង្គ​ដែល​បង្កើត​សំបោរ​មាន​ជាអាទិ​គឺ មាត់ បំពង់ក សួត បំពង់​រំលាយ​អាហារ និង​ប្រហោង​ឆ្អឹង​ក្បាល​។ កាលណា​មាន​អង្គធាតុ​ចម្លែក​អ្វី​មួយ​ពី​ក្រៅ​ចូលមក សំបោរ​ទៅ​រុំ​ព័ទ្ធ​វា​ដើម្បី​កុំឱ្យ​វា​ប៉ះបាល់​ដល់​ប្រព័ន្ធ​អ៊ី​មុយ​នីតេ​បាន​។​

​រាងកាយ​យើង​បង្កើត​សំបោរ​ជា​រៀងរាល់ថ្ងៃ សំបោរ​នោះ​ស្ថិតនៅ​ក្នុង​ទីជម្រៅ​នៃ​បំពង់ក​។ កាលណា​សំបោរ​ឡើងទៅ​ជា​ខាប់​ហើយ​ស្អិត វា​គឺជា​សញ្ញា​ប្រាប់ឱ្យដឹង​ថា​មានការ​រលាក​ប្រហោង​ឆ្អឹង​ក្បាល ឬ​កើត​ជំងឺ​ផ្តាសាយ​ហើយ​។ ពណ៌​របស់​សំបោរ​ក៏​អាច​ឱ្យ​ដឹងថា​កើត​ជំងឺ​អ្វី បានដែរ​៖
-​    ​សំបោរ​ពណ៌​ស​ថ្លា​ហើយ​រាវ​៖ មាន​អាលែកហ្ស៊ី ឬ​ការបង្ក​រោគ ដូចជា​ផ្តាសាយ​ជាដើម​
-​    ​សំបោរ​ពណ៌​លឿង​៖ មាន​ការបង្ក​រោគ​
-​    ​សំបោរ​ពណ៌​បៃតង​៖ មាន​ការបង្ក​រោគ​កើត​ជា​ខ្ទុះ​
-​    ​សំបោរ​ពណ៌​ក្រហមខ្ចី​៖ មាន​ការ​ចេញ​ឈាម​។​
 

​កាលណា​រាងកាយ​បង្កើត​សំបោរ​ច្រើនពេក វា​អាច​រំខាន​ដល់​ការដកដង្ហើម ហើយ​ក៏​ធ្វើឱ្យ​កើត​បាត់តេរី​ច្រើនដែរ​។ រាងកាយ​បញ្ចេញ​សំបោរ​មក​ក្រៅ​តាម​ការ​ក្អក​។​

មាន​ចំណីអាហារ​មួយចំនួន​ដែល​ធ្វើឱ្យ​កើត​សំបោរ​ច្រើនៗ ដែល​យើង​អាច​ជៀសវាង​មិន​ហូប​បាន ដូចជា​៖

  • ​ចំណី​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ gluten៖ gluten នេះ​បង្កើត​សំបោរ​នៅក្នុង​ពោះវៀន ហើយ​បង្ក​ការលំបាក​ដល់​ការរំលាយ​អាហារ​។ ពេល​នោះ​ប្រព័ន្ធ​អ៊ី​មុយ​នីតេ​ធ្វើ​ប្រតិកម្ម​តប​ដោយប​ង្កើ​ត immoglobine E និង histamine ។ Histamine នេះ​ជំរុញ​ឱ្យមាន​ចលនា​ឈាម​រត់​កាន់តែខ្លាំង ហើយ​បង្កើត​សំបោរ​ឡើង​ដែរ ដែល​ហូរ​ចេញ​មក​តាម​ច្រមុះ​ឬ​ការ​ក្អក​។​
  • ​សាច់​ក្រហម​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​៖ សាច់​ពណ៌​ក្រហម​ដែល​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ជា​ចំណី​អាហារ​ប្រភេទ​អាស៊ីត ដែល​ធ្វើឱ្យ​កើត​មាន​សំបោរ​នៅលើ​ភ្នាស​ពោះវៀន​។​
  • ​សុ​រា​៖ ចំពោះ​មនុស្ស​ខ្លះ សុ​រា​ជំរុញឱ្យមាន​ការបង្កើត histamine ដែរ ដែល​ជាហេតុ​ធ្វើឱ្យ​កើត​សំ  បោ​រ​។ ក្រៅពីនោះ សុរា​ក៏​បំផ្លាញ​សុខភាព​សរីរាង្គ​មួយចំនួន​ទៀត​ដែរ ជាពិសេស​គឺ​តម្រងនោម ថ្លើម និង​ខួរក្បាល​។​
  • ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​៖ ទឹកដោះគោ​មាន​ប្រូតេអ៊ីន​មួយ​ឈ្មោះ​ហៅថា caséine ដែល​សំខាន់​សម្រាប់​មេតាបូលីស​របស់​សត្វ​គោ តែ​មនុស្ស​យើង​មិន​ត្រូវការ​ទេ​។ កាលណា caséine នេះ​ចូល​ទៅក្នុង​រាងកាយ វា​ធ្វើឱ្យ​កើត​សំបោរ​ខាប់​នៅក្នុង​ពោះវៀន​តូច ដែល​ត្រូវ​ធ្វើដំណើរ​មក​កាន់​ច្រមុះ​ដើម្បី​បញ្ចេញ​មក​ក្រៅ​។​

​មាន​ចំណីអាហារ​មួយចំនួន​ដែល​ជួយ​ឱ្យ​កាត់បន្ថយ​បរិមាន​សំបោរ​បាន គឺ​៖
-​    ​ទឹ​កក្តៅ​
-​    ​ប្រេង​អូ​លីវ​
-​    ​ត្រី​។​
 

​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។