​ក្រុម​យុវជន​នៃ​ប្រទេស​ទាំង​៣ កម្ពុជា វៀតណាម ឡាវ ​ពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ដើម្បីរកកំណើនសេដ្ឋកិច្ច​ឲ្យកាន់តែខ្ពស់

ខេត្តសៀមរាប ៖ លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប បាន​អនុញ្ញាត​ឱ្យ​ក្រុម​យុវជន​ដែល​មក​ពី​បណ្តាល​ប្រទេស​ចំនួន​៣ គឺ​កម្ពុជា វៀតណាម និង ឡាវ ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចូល​ជួប​ការ​សម្តែង​ការ​គួរសម និង​ពិភាក្សា​គ្នា​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​រក​កំណើនសេដ្ឋកិច្ច​ឱ្យ​កាន់តែ​ខ្ពស់ កាលពី​យប់​ថ្ងៃ​ទី​១៣ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​អង្គរ ស៊ី​ត​ធី នៃ​ខេត្តសៀមរាប ។

លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប បាន​មាន​ប្រសាសន៍​ថា ក្រុម​យុវជន​ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ ដែល​បាន​មក​ជួបជុំ​គ្នា​ដើម្បី​ពិភាក្សា​យប់​នេះ គឺ​មាន​ប្រវត្តិ​ទំនាក់ទំនង​គ្នា​តាំងពី​យូរលង់​ណាស់​មក​ហើយ ដូច្នេះ​ដើម្បី​ឱ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​៣ មាន​ភាព​លេចធ្លោ​នៅ​ក្នុង​តំបន់​អាស៊ាន​ទៅ​ថ្ងៃ​អនាគត ។ លោក​បាន​បញ្ជាក់​ថា ការ​ជំរុញ​ឱ្យ​ក្រុម​យុវជន​នៃ​ប្រទេស​ទាំង​៣​ត្រូវ​ចេះ​រួបរួមសាមគ្គី​គ្នា និង​ដើម្បី​ជួប​គ្នា​ពិភាក្សា​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​ឱ្យ​បាន​ញឹកញាប់ ដើម្បី​ស្វែងរក​ចំណុច​ល្អ​អាច​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​៣​​មាន​កំណើនសេដ្ឋកិច្ច​កាន់តែ​ខ្ពស់​បាន​ឆាប់រហ័ស ។

នៅ​ក្នុង​ឪ​កាស​នោះ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ថ្លែង​ថា ដើម្បី​ឱ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​៣​មានការ​រីក​លូតលាស់​បាន​លឿន​នោះ តំណាង​ឱ្យ​ថ្នាក់ដឹកនាំ​យុវជន​នៃ​ប្រទេស​ទាំង​៣ បាន​កំពុង​តែ​ធ្វើការ​ពិភាក្សា​គ្នា ដើម្បី​ពង្រឹង​ក្រុម​យុវជន​ក្នុង​វិស័យ​សហគ្រិនភាព និង​ផ្តល់​ឱកាស​ដល់​យុវជន​សហគ្រិន​វ័យក្មេង​បាន​ផ្លាស់​ប្តូរ​គំនិត​យោបល់​គ្នា ដើម្បី​បង្កើត​ទំនាក់ទំនង​តាម​រយៈ​ទស្សនកិច្ច ការ​ពិភាក្សា​ធុរកិច្ច និង​ការ​បង្កើត​គម្រោង​សហគ្រិន​រួម​គ្នា​រវាង​សហគ្រិន​វ័យក្មេង​នៃ​ប្រទេស​ទាំង​៣​កម្ពុជា វៀតណាម និង​ឡាវ ។ លោក​បាន​បញ្ជាក់​ថា នៅ​ពេល​ខាង​មុខ​នេះ ថ្នាក់ដឹកនាំ​ក្រុម​យុវជន​នៃ​ប្រទេស​ទាំង​៣ នឹង​ផ្តល់​ឱកាស​ឱ្យ​សហគ្រិន​វ័យក្មេង​នៃ​ប្រទេស​ទាំង​៣​បាន​ជួប​គ្នា​ផ្លាស់​ប្តូរ​គំនិត​យោបល់​ស្តី​ពី​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ច្រើន​ដង​បន្ថែម​ទៀត ៕