រដ្ឋាភិបាល​និង​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ថ្កោលទោស​អំពើ​ភេរវកម្ម​នៅ​បារាំង

អ្នក​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា បាន​ថ្កោលទោស និង​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ព្រឹត្តិការណ៍​ភេរវកម្ម​នៅ​ចំ​កណ្ដាល​រដ្ឋធានី​នៃ​ប្រទេស​បារាំង។ ភេរវកម្ម​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ១២០​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស​រាប់​សិប​នាក់​ទៀត​រង​របួស។ ការ​បាញ់​សម្លាប់​នេះ ក៏​បាន​កើត​ឡើង​នៅ​ក្នុង​ភោជនីយដ្ឋាន​ខ្មែរ​មួយ​ផង​ដែរ។

ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​អំពើ​ភេរវកម្ម​នៅ​ប្រទេស​បារាំង ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​ប្រធានាធិបតី​បារាំង និង​បាន​ថ្កោលទោស​ចំពោះ​ក្រុម​ភេរវករ​ដែល​បាញ់​សម្លាប់​ហ្វូង​មនុស្ស។

​ភេរវកម្ម​នេះ​កើត​ឡើង​នៅ​ពេល​យប់​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ម៉ោង​នៅ​ប្រទេស​បារាំង ឬ​ត្រូវ​នឹង​ពេល​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ម៉ោង​នៅ​កម្ពុជា នៅ​ចំ​កណ្ដាល​ទីក្រុង​ប៉ារីស។ ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង អា.អេស្វ.ប៉េ (AFP) មនុស្ស​យ៉ាង​ហោច​ណាស់ ១២០​នាក់ ត្រូវ​បាន​ភេរវជន​បាញ់​សម្លាប់ និង​ជាង ១៨០​នាក់​រង​របួស។

លោក​នាយករដ្ឋមន្ត្រី​ថ្លែង​នៅ​ក្នុង​សារ​នោះ​ថា "រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ឧក្រិដ្ឋកម្ម..."

ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដើម្បី​ចូលរួម​មរណទុក្ខ​ចំពោះ​ប្រជាជន​ដែល​បាន​ស្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​ភេរវកម្ម ក្នុង​ក្រុង​ប៉ារីស នេះ​ផង​ដែរ។ ​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស "​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​អំពើ​ដ៏​សាហាវ​ឃោរឃៅ​នេះ"

​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ ដដែល​បាន​ឲ្យ​ដឹង​ថា ក្រុម​ភេរវករ​បាន​ចាប់​ជំរិត បាញ់​ប្រហារ និង​បំផ្ទុះ​គ្រាប់បែក​អត្តឃាត នៅ ៦​កន្លែង​ផ្សេង​គ្នា រួម​មាន​នៅ​លើ​ដង​ផ្លូវ សាល​ប្រគំ​តន្ត្រី ពហុកីឡដ្ឋាន និង​ភោជនីយដ្ឋាន ដែល​ក្នុង​នោះ​ក៏​មាន​ភោជនីយដ្ឋាន​ខ្មែរ​មួយ ឈ្មោះ ឡឺ ប៉ឺទី កាំបូដ (Le Petit Cambodge) ផង​ដែរ។

​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក ជុំ សុន្ទរី មាន​ប្រសាសន៍​ថា មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ព័ត៌មាន​ស្ដីពី​អ្នក​ស្លាប់​នៅ​ក្នុង​ភោជនីយដ្ឋាន​ខ្មែរ​នៅ​ឡើយ៖ «»។

ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ក្រុង​ប៉ារីស​នេះ បាន​កើត​ឡើង​រយៈពេល ១០​ខែ ក្រោយ​ការ​វាយ​ប្រហារ​ទៅ​លើ​ទស្សនាវដ្ដី​បារាំង ឈ្មោះ ឆាលី ហេបដូ (Charlie Hebdo)។

​ភ្លាមៗ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​នេះ ប្រធានាធិបតី​បារាំង លោក ហ្វ្រង់ស្វ័រ ហូឡង់ (Francois Hollande) បាន​ប្រកាស​ដាក់​ប្រទេស​បារាំង ស្ថិត​នៅ​ក្នុង​គ្រាអាសន្ន ហើយ​ប្រកាស​បិទ​ច្រក​ព្រំដែន។ មេ​ដឹក​នាំ​ពិភពលោក​មួយ​ចំនួន​ក៏​បាន​ចេញ​មុខ​ថ្កោលទោស​ក្រុម​ភេរវករ​ដែល​បាន​សម្លាប់​មនុស្ស​នេះ​ដែរ។

នៅ​ចុង​ខែ​វិច្ឆិកា ប្រទេស​បារាំង គ្រោង​រៀបចំ​កិច្ច​ពិភាក្សា​ស្ដីពី​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​នៅ​ក្នុង​ទីក្រុង​ប៉ារីស ដែល​នឹង​មាន​ការ​ចូល​រួម​ពី​ប្រមុខរដ្ឋ​ពិភពលោក​កំពូលៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។