ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់ ត្រូវ​អាវុធហត្ថ​ស្រុក​សំពៅ​លូន​ចាប់ខ្លួន

ខេត្តបាត់ដំបង ៖ កម្លាំង​អាវុធហត្ថ​ស្រុក​សំពៅ​លូន​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់​នៅ​ចំណុច​វត្ត​តា​ស្តា ស្ថិត​ក្នុងភូមិ​តា ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៤ វិច្ឆិកា ២០១៥ ។

សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​សំពៅ​លូន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ សេង ថុ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ធ្វើ​ចំការ មាន​ទីលំនៅ​ភូមិ​ចក្រី ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។ ក្នុង​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ដូច​ជា ថ្នាំ​ញៀន​ប្រភេទ​គ្រាប់​ពណ៌​ស្លា​ទុំ​ចំនួន​២៧​គ្រាប់​, ម៉ា​ទឹកកក​៤​កញ្ចប់​តូច​, ទូរស័ព្ទ​ដៃ​១​គ្រឿង និង​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ស​លាយ​ក្រហម អត់​ស្លាក​លេខ​១​គ្រឿង ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕