ឡិច​ស៊ី​ស RX300 បុក​សេ​១២៥​ចំ​ពីមុខ​ពេញទំហឹង​នៅ​ស្រុក​មង្គល​បូ​រី របួសធ្ងន់​៣​នាក់

ខេត្តបន្ទាយមានជ័យ ៖ យុវជន​៣​នាក់​បាន​រង​បួស​ធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 បើក​បុក​ចំ​ម៉ូតូ​សេ១២៥​ពីមុខ​កាលពី​វេលា​ម៉ោង​៦ និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​ខាងជើង​ភោជនីយដ្ឋាន ហេង គង់ ស្ថិត​ក្នុងភូមិ​ជំទាវ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់មាន​​ឈ្មោះ អ៊ិ​ត ចាន់​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រូង​ក្របៅ ឃុំ​អូរ​ប្រសាទ ស្រុក​មង្គល​រី ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ 1D-9411 រង​របួស​បាក់ឆ្អឹង​ភ្លៅ និង​ស្មងជើង​ស្តាំ ដោយ​មាន​ឌុ​ប​មនុស្ស​២​នាក់​ពីក្រោយ​ ​ឈ្មោះ លៀម តារា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា រង​របួស​បាក់ឆ្អឹង​ភ្លៅ​ស្តាំ និង​ឈ្មោះ សុ​ន លាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​គោក​អំពិល ឃុំ​អូរ​ប្រសាទ ស្រុក​មង្គល​បូ​រី រង​របួស​បាក់ឆ្អឹង​ស្មងជើង​ស្តាំ ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​ត្រូវ​បាន​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្តីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន ស្រុក​មង្គល​បូ​រី ។ ចំណែក​រថយន្ត​បង្ក​ម៉ាក ឡិច​ស៊ី RX300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ 2A-5858 អ្នកបើកបរ​មិន​ត្រូវ​បាន​គេ​ស្គាល់អត្ត​សញ្ញាណ​​​ទេ ព្រោះ​ក្រោយ​ពី​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ហើយ​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នេះ ដំបូង​រថយន្ត​បាន​បើក​មក​ពី​ទិស​ខាងត្បូង​ទៅ​ជើង ពេល​ដល់​ចំណុច​កើតហេតុ​បាន​បើក​ជែង​រថយន្ត​១​គ្រឿង​ទៀត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ​ម៉ូតូ​ដែល​ជិះ​ឌុ​ប​គ្នា​៣​នាក់​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​(​បញ្ច្រាស់ទិស​គ្នា​) បណ្តាល​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​របួស​បាក់ជើង និង​ភ្លៅ​ទាំង​៣​នាក់ ដេករ​ដូ​ល​រណែល​ពេញ​ផ្លូវ ចំណែក​រថយន្ត និង​ម៉ូតូ​រង​ការ​ខូច​ធ្ងន់ធ្ងរ​ទាំង​២​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក បន្ទាប់​ពី​ធ្វើការ​វាស់វែង​រួច ដើម្បី​រក​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕