សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ដល់​មន្ត្រី​នគរបាល​យុត្តិធម៌​នៅ​ស្នងការដ្ឋាន​គ​របាល​ខេត្ត

ខេត្តកំពត ៖ ដើម្បី​ពង្រឹង​តួនាទី​ដល់​មន្ត្រី​នគរបាល​យុត្តិធម៌​គ្រប់​ស្ថា​ប​ន័​ជំនាញ​ឲ្យ​កាន់តែ​មានការ​យល់​ដឹង​ច្បាស់​ក្នុង​ការ​គោរព និង​អនុវត្ត​ច្បាប់​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌ ជូន​ដល់​ប្រជា​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​នៅ​ទូ​ទាំង​ខេត្ត កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លង​ទៅ​ថ្មី​ៗ​នេះ​នៅ​ក្នុង​សាល​ប្រជុំ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត មាន​បើក​អង្គ​សិក្ខាសាលា​មួយ​ស្តី​ពី​ការ​ផ្សព្វផ្សាយ​ច្បាប់ ក្រោម​អធិបតី​យ​ភាព​លោក ឯក ឆេ​ង​ហ៊ួ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ និងព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​៣​រូប​ទៀត​បាន​ចូលរួម ។

នៅ​ក្នុង​អង្គ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​ច្បាប់​នា​ពេល​នោះ​ក៏​មា​វត្តមាន​មន្ត្រី​នគរបាល​យុត្តិធម៌​ជា​សមាជិក​ក្នុង​ការិយាល័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត មន្ត្រី​នគរបាល​យុត្តិធម៌​ក្នុងស្រុក​ទាំង​៨ និង​នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទាំង​៩៣​ឃុំ​ទូ​ទាំង​ខេត្ត សរុប​ប្រមាណ​ជាង​១០០​នាក់​ចូលរួម​ផង​ដែរ ។

លោក ឯក ឆេ​ង​ហ៊ួ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ធ្វើការ​បកស្រាយ​ពន្យល់​យ៉ាង​ក្បោះក្បាយ​អំពី​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​ចំពោះ​រាល់​ករណី​ដែល​មាន​បទល្មើស​កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន គឺ​មុន​នឹង​ធ្វើ​សកម្មភាព​ឃាត់ខ្លួន​ជនល្មើស ឬ​ឆែកឆេរ​លំនៅ​ឋាន​ដែល​ទទួល​បាន​ព័ត៌មាន​ថា មាន​លាក់​ទុក​នូវ​វត្ថុ​តាង​បទល្មើស​ផ្សេង​ៗ គឺ​មុន​នឹង​អនុវត្ត​រាល់​ករណី​ខាងលើ នគរបាល​យុត្តិធម៌​ត្រូវ​រាយការណ៍ ឬ​សុំ​យោបល់​មក​ព្រះ​រាជ​អាជ្ញា​ជា​មុន នៅ​ពេល​ព្រះរាជអាជ្ញា​ចេញ​ដីកា ទើប​មន្ត្រី​នគរបាល​យុត្តិធម៌​យើង​ចុះ​អនុវត្ត ចៀសវាង​ការ​អនុវត្ត​ដោយ​មិន​យល់​ច្បាប់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ថ្នាំងថ្នាក់​មក​លើ​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​ក្នុង​ការ​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប​បទល្មើស ។ លោក​បន្ត​ថា បើ​មន្ត្រី​នគរបាល​យុត្តិធម៌​យើង​ទាំងអស់​គ្នា​ធ្វើ​បាន​ដូច្នេះ ច្បាប់​យើង​នឹង​មានតម្លាភាព ប្រជាពលរដ្ឋ​ក៏​មានការ​យល់​ដឹង និង​ចូលរួម​គាំទ្រ​ក្នុង​ការ​អនុវត្ត​ច្បាប់​ជាមួយ​សមត្ថ​កិច្ច​នគរបាល​យុត្តិធម៌​យើង​ផង​ដែរ ។

លោក​ព្រះរាជអាជ្ញា​ក៏​បាន​រំលឹក​ឡើង​ផង​ដែរ​ចំពោះ​ចំណុច​ខ្វះខាត​ក្នុង​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​យើង​នា​ពេល​កន្លង​មក ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លេច​ចេញ​ជា​បាតុភាព​មិន​ប្រក្រតី​ជាមួយ​ប្រជាពលរដ្ឋ ។ ដូច្នេះ​ក្រោយ​ពី​ការ​បកស្រាយ​ពន្យល់​យ៉ាង​ក្បោះក្បាយ​ក្នុង​មាត្រា​ច្បាប់​នីមួយ​ៗ​នេះ​ទៅ លោក​សូម​ឲ្យ​សមាជិក នៃ​អង្គ​សិក្ខាសាលា​ទាំងមូល លើកយក​ចំណុច​មួយ​ចំនួន​ដែល​សមាជិក​យើង​មាន​ច​ម្ង​ល់​ដាក់​ជា​សំណួរ ដើម្បី​អង្គ​សិក្ខាសាលា​ទាំងមូល​ធ្វើការ​ពិភាក្សា និង​ដោះស្រាយ ដើម្បី​ឲ្យ​មានការ​យល់​ដឹង​ទាំងអស់​គ្នា និង​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ក្នុង​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​យើង ៕