កិច្ចចរចា​ជាថ្មី​នៅ​ទីក្រុង​វីយែន ​ស្តីពី​វិបត្តិ​ស៊ីរី ​ធ្វើ​ឡើង​ដោយ​គ្មាន​លទ្ធផល

កាលពី​ថ្ងៃសៅរ៍​ទី​១៤ វិច្ឆិកា ​ស្រប​ពេល​ដែល​បារាំង​ទើប​តែ​រង​ការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏​គួរ​ឲ្យ​តក់​ស្លុត​ នៅ ទីក្រុង​វីយែន​ឯណោះ​ គឺ​មាន​ការ​បើក​ការ​ប្រជុំ​ចរចា​ជំហាន​ទីពីរ ​ ដើម្បី​រក​ដំណោះស្រាយ​វិបត្តិ​នៅ​ស៊ីរី។ ឆ្លងកាត់​ ការ​ចរចា​រយៈ​៦​ម៉ោង ​លទ្ធផល​គឺ​ទទេ​ស្អាត ​ព្រោះ​ភាគី​ទាំង​អស់​ នៅតែ​មិន​ចុះ​សម្រុង​គ្នា ​ លើ​ចំណុច​ពីរ​សំខាន់ ​ទីមួយ​គឺ​តួនាទី​និង​អំណាច​ របស់​ប្រធានាធិបតី​ស៊ីរី​ បាស្ឆា អាល់អាសាដ ​ហើយ​ទី​ពីរ​គឺ ​ការ​ធ្វើ​តារាង​ឈ្មោះ​ក្រុម​ឧទ្ទាម​ស៊ីរី​ទាំងអស់ ​ដែល​អាច​ចាត់​ទុក​ថា​ ជា​ក្រុម​ភេរវកម្ម​ ហើយ​ដែល​ត្រូវ​តែ​បង្រ្កាប​ឲ្យ​ខ្ទេច​អស់។