៤​ ចំណុច​កុំ​ឲ្យ​ឈឺ​ចាប់​​ មុន​សម្រេច​វិល​រក​សង្សារ​ចាស់


៤​ ចំណុច​កុំ​ឲ្យ​ឈឺ​ចាប់​​ មុន​សម្រេច​វិល​រក​សង្សារ​ចាស់

ស្នេហា គឺ​ជា​ ការ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​។ តែ​ពេល​ស្រលាញ់​គ្នា​ហើយ​ក៏​បែក​គ្នា​ទៅ​វិញ​ ហើយ​ក្រោយ​មក​​ម្នាក់​ទៀត​ក៏​មក​សុំ​ជា​នា​គ្នា​វិញ​ ទាំង​ដែល​គេ​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​កន្លង​មក​ តែ​ពេល​ឃើញ​គេ​ព្យាយាម​ធ្វើ​ល្អ​គ្រប់​យ៉ាង​ដើម្បី​យក​ចិត្ត​ ក៏​ចាប់​ផ្ដើម​អាណិត​ចង់​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​គេ​វិញ​ស្រប​ពេល​កូន​ចិត្ត​មួយ​ទៀត​មក​រំលឹក​ថា​ តើ​ចាប់​ផ្ដើម​លើក​នេះ​ អាច​ឈឺ​ចាប់​ដូច​លើក​មុន​ទៀត​ ឬយ៉ាង​ណា​?

 

៤​ ចំណុច​កុំ​ឲ្យ​ឈឺ​ចាប់​​ មុន​សម្រេច​វិល​រក​សង្សារ​ចាស់

រូបតំណាង

 

លោក​ ទួន សុវណ្ណរិទ្ធិ អ្នក​ប្រឹក្សា​ផ្លូវ​ចិត្ត​របស់​ទំព័រ​មើល​ចិត្ត ( (www.facebook.com/merlchitpage) ​បាន​ផ្ដល់​យោបល់​តាម​រយៈ​ Sabay ​ថា ដើម្បី​កុំ​ឲ្យ​មាន​ការ​ឈឺ​ចាប់ ជួប​ហើយ​បែក បែក​ហើយ​ជួប​ម្ដង​ជា​ពីរ​ដង យុវវ័យ​គួរ​ពិចារណា​លើ​ចំណុច ​រួមមាន៖

 

1. នៅ​ស្រឡាញ់​គេ​​ទៀត​ឬ​ទេ​ ?

 

គួរ​សួរ​ខ្លួន​ឯង​ដោយ​ស្មោះ​ត្រង់​ថា “ តើ​ខ្ញុំ​ពិត​ជា​នៅ​ស្រឡាញ់​គេ​ទៀត​ឬ​ក៏​អស់​ចិត្ត​ហើយ​?” អ្នក​ខ្លះ​ចង់​ជួប​គ្នា​វិញ គ្រាន់​តែ​ដើម្បី​កុំ​ឲ្យ​មិត្តភ័ក្ដិ​​ថា​អន់​ឬ​ច្រណែន​ពេល​ឃើញ​អតីត​សង្សារ​មាន​អ្នក​ថ្មី​តាម​ស្នេហ៍​ ។ អ្នក​ខ្លះ​ទៀត ព្រម​ជួប​គ្នា​វិញ​ដោយ​សារ​ឈឺ​ចាប់​ពេក ចេះ​តែ​គិត​ថា​ក្រែង​ជួប​គ្នា​វិញ​ លែង​ឈឺ​ចាប់ ។ មូល​ហេតុ​បែប​នេះ មិន​សូវ​សម​រម្យ​ឡើយ ​កាន់​តែ​ឈឺ​ចាប់​ហើយ​អាច​នឹង​បែក​គ្នា​ជា​ថ្មី​ឡើង​វិញ​ទៀត​ផង​ ។

 

2. ដោះ​ស្រាយ​បញ្ហា​ហើយ​ឬ​នៅ​ ?

 

គួរ​ពិចារណា​ពី​បញ្ហា​មួយ​ចំនួន​ដែល​ភាគី​នីមួយ​ៗ​ទទួល​យក​មិនបាន ដូចជា​ទម្លាប់​ផឹក​ស៊ី និយាយ​លេង​សើច​លេប​ខាយ​​បែប​ស្នេហា​នឹង​បុរស​ឬ​ស្ត្រី​ដទៃ ភាព​សោះ​កក្រោះ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ដៃ​គូ​ ការ​ទាម​ទារ​ហួង​ហែង​ខ្លាំង​ជា​ដើម​ ។ ជួន​កាល ការ​បែក​គ្នា​និង​សុំ​ជួប​គ្នា​វិញ​នេះ​ អាច​បង្រៀន​អ្នក​ឲ្យ​កាន់​តែ​យល់​ចិត្ត​គ្នា និង​ត្រៀម​ខ្លួន​រស់​នៅ​ជា​មួយ​គ្នា​កាន់​តែ​យូរ​អស់​មួយ​ជីវិត​ផង​ក៏​មាន​ ។

 

3. ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​ ?

 

គួរ​សួរ​ចិត្ត​ខ្លួន​ឯង​និង​ដៃ​គូ​ថា តើ​បាន​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​សម្រាប់​ការ​សាង​ស្នេហ៍​នឹង​គ្នា​ឡើង​វិញ​ ? តើ​ព្រម​លើក​លែង​ទោស​ចំពោះ​រឿង​ពី​អតីត​ហើយ​ឬ​នៅ​? ហើយ​បាន​គិត​ហើយ​ឬ​នៅ​ថា​ត្រៀម​ខ្លួន​សម្រាប់​ការ​បែក​បាក់​ជា​ថ្មី បើ​ស្នេហា​មិន​សម​ប្រកប​តាម​ការ​រំ​ពឹង​ទុក​នោះ​ ?

 

4. គិត​ធ្វើ​យ៉ាង​ណា​ជា​មួយ​គ្នា​ត​ទៅ​ទៀត​ ?

 

​គួរ​ពិភាក្សា​គ្នា តើ​គិត​ចង់​ធ្វើ​អ្វី​ត​ទៅ​ទៀត​ជា​មួយ​គ្នា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើ​នេះ​គ្រាន់​តែ​ជា​ការ​សាក​ល្បង​ឡើង​វិញ​ ? ស្រឡាញ់​គ្នា​លេង​ៗ​ ? ឬ​ចង់​រស់​នៅ​ជាមួយ​គ្នា​រហូត​ ? តើ​មាន​ផែន​ការ​យ៉ាង​ណា​ដើម្បី​រក្សា​ស្នេហា​នេះ​ឲ្យ​គង់​វង្ស​ ? គួរ​រៀន​ពី​បទពិសោធន៍​ល្អ​ៗ ចៀស​វាង​នូវ​កំហុស​ឆ្គង​កន្លង​មក រៀន​អភ័យ​ទោស​ អត់​អោន​នឹង​យោគ​យល់​គ្នា​ឲ្យ​បាន​ច្រើន ​។

 

លោក​វណ្ណរិទ្ធ​ បាន​បន្ថែម​ថា អ្នក​ដែល​បដិសេធ​ជួន​កាល​ក៏​អាច​ឈឺ​ចាប់​ផង​ដែរ បើ​ការ​បដិសេធ​នោះ​ កើត​ចេញ​ពី​ការ​ភ័យ​ខ្លាច​ឈឺ​ចាប់​ម្ដង​ទៀត តែ​ចិត្ត​មួយ​ទៀត​ក៏​នៅ​តែ​ស្រឡាញ់​គេ​ផង​ដែរ​ ។ ហេតុនេះ មុន​ចាប់​ផ្ដើម​ស្នេហា​ក្ដី មុន​បែក​គ្នា​ មុន​ជួប​គ្នា​វិញ​ក្ដី គួរ​ពិភាក្សា​គ្នា​ទាំង​សង​ខាង​ ដើម្បី​កុំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ ហើយ​ជួយ​ឲ្យ​អ្នក​សម្រេច​ចិត្ត​បាន​កាន់​តែ​ច្បាស់ ដោយ​មិន​មែន​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​ការ​រំជួល​ចិត្ត​នោះ​ទេ។ គូ​ស្នេហ៍​មិន​គួរ​ព្រម​ទទួល​ក្ដី​ស្នេហ៍​ដោយ​សារ​ការ​រំភើប​ ម្ល៉ោះ​ហើយ​ការ​ព្រម​ជួប​គ្នា​វិញ គឺ​រឹត​តែ​ត្រូវ​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់​ផង​ដែរ​ ។

 

តើ​ប្រិយ​មិត្ត​អ្នក​អាន​យល់​យ៉ាង​ណា​?

 

សូមអាន ៖ ហេតុផល​៥​យ៉ាង​ធ្វើ​ឲ្យ​អ្នក​រក​សង្សារ​មិន​បាន

 

អត្ថបទ ៖ លឹម សុ​នា