ព្រឹត្តិការណ៍ TIFFY Super Fight មកដល់វគ្គផ្ដាច់ព្រ័ត្រ

ភ្នំពេញ:    ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​ក្នុង​ព្រឹត្តិការណ៍ TIFFY Super Fight លើស​ង្វៀន TV5 នា​កីឡដ្ឋាន TIFFY ARENA នៅ​ថ្ងៃទី​១៥​វិច្ឆិកា​នេះ​បាន​ឈានដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ។​

​    ​ផៃ គឹម​ហឿ​ត​ក្លឹប​គី​សែ​មាន​រិ​ទ្ធ​ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ញ៉េ សិទ្ធ​របស់​ក្លឹប​អេ​ភូ​ថង​កីឡា ។ កាល​ប្រកួត​ នៅ​ជុំ​ទី ១ គឹម​ហឿ​ត​ឈ្នះ​អ្នក​ប្រដាល់​ឈាន រស្មី​ក្លឹប​ខេត្ត​រតនគីរី​ដោយ​ពិន្ទុ ឯ ញ៉េ សិទ្ធ ឈ្នះ​ជុន សាវុធ​ក្លឹប​ពោធិ៍​ជ័យ​កីឡា​ដោយ​ពិន្ទុ ។

​    ​នៅ​ជុំ​ទី ២ ផៃ គឹម​ហឿ​ត​ឈ្នះ​សេក ចាន់​រាជ​ក្លឹប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ដោយ​ពិន្ទុ ឯ ញ៉េ សិទ្ធ ឈ្នះ​យ៉​ន​ វិចិត្រ​ក្លឹប​ទ័ព​ឆ័​ត្រ​យោង​៩១១​នៅ​ទឹក​ទី ២ ។ ជុំ​ទី ៣ គឹម​ហឿ​ត​ឈ្នះ​ឃឹម សា​វ៉េ​ត​ក្លឹប​ព្រះខ័ន​រាជ​ដោយ​ពិន្ទុ និង ញ៉េ សិទ្ធ​ឈ្នះ​ផា សុផាត​និល​ក្លឹប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​ដោយ​ពិន្ទុ​ដែរ ។​

​    ​៣​ជុំ​ហើយ​ដែល​អ្នក​ប្រដាល់​ទាំង ២​រូបនេះ​មិនទាន់​ស្គាល់​ចាញ់ ។ សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​នឹង​ មាន​ម្នាក់​ត្រូវ​ចាញ់​ដែល​អ្នកចាញ់​រង់ចាំ​ប្រជែង​គ្នា​ដណ្ដើម​លេខ ៣ ជាមួយ​អ្នក​ដែល​ចាញ់​វគ្គ​នេះ​ជាមួយគ្នា ឯ អ្នកឈ្នះ​ប្រជែង​យក​ខ្សែក្រវាត់ ។​នរណា​ឈ្នះ ?

​    ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះដែរ ឡុង សំនាង​ក្លឹប​សាល​វ័​ន្ដ​កីឡា​ប្រកួត​ជាមួយ​ឌុន ប៊ុនធឿន​មកពី​ ក្លឹប​ខេត្តព្រៃវែង ។​

​    ​កាល​ជុំ​ទី ១ សំណាង​ឈ្នះ​ម៉ន គឹម​ឡុង​ក្លឹប​ទ័ព​ឆ័​ត្រ​យោង​៩១១ ដោយ​ពិន្ទុ ឯ ឌូ​ន ប៊ុនធឿន​ផ្ដួល​ធឿន បូ​ឡា​ក្លិប​កងពលតូច លេខ ៨​នៅ​ទឹក​ទី ២ ។​ជុំ​ទី ២​សំណាង យកឈ្នះ​ផុន ថុល​ក្លឹប​តា​ព្រហ្ម​មានជ័យ​ដោយ​ពិន្ទុ  ចំពោះ​ប៊ុនធឿន ឈ្នះ​ទេស ឧ​ត្ត​ម​ក្លឹប​កងពលតូច​លេខ ៧០​នៅ​ទឹក​ទី ២ ។​ជុំ​ទី ៣ សំណាង​ឈ្នះ​ថន ភឿ​ត​ក្លឹប​ឃ្លាំងមឿង​កីឡា​ដោយ​ពិន្ទុ និង ឌុន ប៊ុនធឿន​ឈ្នះ​ធន ចាន់​តាក់​ក្លឹប​កងយោធពល​ខេមរភូមិន្ទ​ដោយ​ពិន្ទុ ។​

​    ​សម្រាប់​ជុំ​ទី ៣ នេះ​ជា​ជុំ​ដ៏​សំខាន់បំផុត​ព្រោះ​អ្នកឈ្នះ​គឺ​ឡើង​ប្រកួត​ផ្ដាច់ព្រ័ត្រ​ ដណ្ដើម​ចំនាត់ថ្នាក់​លេខ ១ ឯ អ្នកចាញ់​នៅត្រឹមតែ​ប្រ​ជេ​ង​គ្នា​ដណ្ដើម​ចំណាត់ថ្នាក់​លេខ ៣​ប៉ុណ្ណោះ ។ នរណា​មានឱកាស​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ?