ភេរវកម្ម​នៅ​ប៉ារីស៖ ហ្វេសប៊ុក ហ៊ុន សែន ឲ្យ​តួ​លេខ​អ្នក​ស្លាប់​ខុស


បើគេចង់បានព័ត៌មាន ជុំវិញភេរវកម្មនៅរដ្ឋធានីប៉ារីស ជាពិសេសពីតួលេខ នៃអ្នកស្លាប់​នៅក្នុង​ព្រឹត្តិការណ៍ ដ៏​អាណោច​អាធម​នេះ ពីទំព័រហ្វេសប៊ុក របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គេច្បាស់​ជាខកចិត្ត​ជា​ពុំខាន។
ភេរវកម្ម​នៅ​ប៉ារីស៖ ហ្វេសប៊ុក ហ៊ុន សែន ឲ្យ​តួ​លេខ​អ្នក​ស្លាប់​ខុស

តួលេខ«បំប៉ោង»របស់ហ្វេសប៊ុកលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថតផ្តិតពីហ្វេសប៊ុក)

ប្រជាជនបារាំង ដែលកំពុងរងនូវការតក់ស្លុត ក្នុងអំពើភេរវកម្មបាញ់ប្រហារ ដោយយុទ្ធជនស្ម័គ្រ​ព្រះ​អាឡាហ៍ របស់ក្រុមរដ្ឋអ៊ីស្លាម កណ្ដាលរដ្ឋធានីនោះ ទំនងជាបានធូរស្បើយបន្តិច នឹងសារចូលរួមរំលែកទុក្ខ សរសេរ​ជាភាសាបារាំង របស់នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើរទៅកាន់លោកប្រធានាធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) កាលពីព្រឹកថ្ងៃសៅរ៍នេះ។ ប៉ុន្តែប្រជាជនបារាំង អាចនឹងអាក់អន់ស្រពន់ចិត្ត ទៅ​នឹង​តួលេខ​អ្នកស្លាប់ នៅក្នុងព្រឹត្តិការណ៍នេះ ដែលទំព័រហ្វេសប៊ុកផ្លូវការ របស់នាយករដ្ឋមន្ត្រី បីទសវត្សន៍​របស់​កម្ពុជា បាន​សរសេរ​តម្លើង ដល់ទៅជាង១០ ឬជាង២០នាក់។

ជាមួយនឹងសាររំលែកទុក្ខ និងរូបថតប៉ុន្មានសន្លឹក ដែលនិយាយពីព្រឹត្តិការណ៍ ភេរវកម្មកណ្ដាលរដ្ឋធានី ប៉ារីស និងដែលបង្ហោះ នៅលើទំព័រហ្វេសប៊ុក របស់លោក ហ៊ុន សែន អ្នកគ្រប់គ្រងទំព័រនេះ (Admin) ឬ​អាច​ជា​លោក ហ៊ុន សែន តែម្ដង បានសរសេរអមថា៖ «កម្ពុជាសូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ​បំផុត ជាមួយ​ប្រជាពលរដ្ឋបារាំង និងក្រុមគ្រួសាររងគ្រោះ ដោយសារអំពីវាយប្រហារ ដ៏ឃោរឃៅបំផុត ដោយ​ភេរវករ​នៅ រោងមហោស្រព Bataclan, Paris កាលពីយប់ថ្ងៃសុក្រនេះ ដែលបានធ្វើឲ្យមនុស្សជាង ១៤០ នាក់​បាត់​បង់​ជីវិត និងរបួសជាច្រើនរយនាក់។»

ប៉ុន្តែប្រភពផ្លូវការ ជាច្រើននៅក្នុងប្រទេសបារាំង ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ (ការិយាល័យនៅ​រដ្ឋធានី​ប៉ារីស) ទទួលបាន តាំងពីដើមដំបូង នៃហេតុការណ៍វាយប្រហារ រហូតមកដល់ព្រឹកថ្ងៃសៅរ៍នេះ បាន​អះ​អាង​ពីចំនួនអ្នកស្លាប់ មានជាង១២០នាក់។ សារព័ត៌មានធំៗ នៅក្នុងប្រទេសបារាំងជាច្រើន ក៏បានអះអាង ពី​ចំនួន​អ្នកស្លាប់ ដែលមកទល់នឹងម៉ោងនេះ មានមិនលើសពី១២៨នាក់ឡើយ។ ជាពិសេស ប្រធានាធិបតី​បារាំង ក៏​បាន​ចេញ​មក​ប្រកាស តាមកញ្ចក់ទូរទស្សន៍ ពីចំនួននៃអ្នកស្លាប់ ១២៨នាក់ ក្នុង​ថ្ងៃសៅរ៍​នេះ​ដែរ។

តើហ្វេសប៊ុកលោក ហ៊ុន សែន បានតួលេខនេះពីណាមក?

ជាការពិតហើយ នៅក្នុងហេតុការណ៍របៀបនេះ ចំនួននៃជនរងគ្រោះ ពិតជាអាចប្រែប្រួល ទៅតាមពេល​វេលា ពីម៉ោងនេះ ទៅកាន់ម៉ោងមួយទៀត ដោយសារមូលហេតុផ្សេងៗគ្នា។ ប៉ុន្តែរហូតមកដល់ម៉ោងនេះ រដ្ឋាភិបាល​បារាំង ឬមន្ត្រីទទួលខុសត្រូវ របស់រដ្ឋបារាំង មិនទាន់បានប្រកាស ពីចំនួនអ្នកស្លាប់ ថាមាន​រហូត​ដល់ជាង«១៤០នាក់» នោះឡើយ។ បើ​អញ្ចឹង តើហ្វេសប៊ុកនាយករដ្ឋមន្ត្រី ដែលមានអ្នកតាមដាន ដល់​ទៅ​ជាង​១លាននាក់ និងដែលលើកឡើង ពីតួលេខមិនផ្លូវការ ដល់ទៅជាង១៤០នាក់នេះ បាន​តួលេខ​ពី​ណា​មក?

សារព័ត៌មានក្នុងស្រុកមួយ ឈ្មោះ «Fresh News» បានសរសេរអត្ថបទ ពីហេតុការណ៍នេះ ដោយអះអាង​ពីចំនួនអ្នកស្លាប់ ជាង១៤០នាក់នេះ ទំនងជាយោងប្រភព ពីសារព័ត៌មាន ផ្សាយជាភាសាអង់គ្លេស CNN, Dailly Mail, BBC ឬសារព័ត៌មានណាផ្សេង ដែលបានធ្វើការផ្សព្វផ្សាយ ពីចំនួនអ្នកស្លាប់នេះ ថាមានចំនួន រហូតដល់ទៅជាង ១៥០នាក់។ ចំនួននេះ ទំនងជាត្រូវបានបំប៉ោង នៅក្នុងហេតុការណ៍ វាយលុករំដោះ​​ចំណាប់​ខ្មាំង របស់កងកម្លាំងពិសេសបារាំង ពីកណ្ដាប់ដៃភេរវករ នៅក្នុងរោងល្ខោន បាតាក្លង់ (BataClan) ដែល​ធ្វើឲ្យមានមនុស្សស្លាប់ និងរបួសធ្ងន់ជាច្រើននាក់។ ប៉ុន្តែចំនួនអ្នកស្លាប់ និងអ្នករងរបួសនេះ ត្រូវបាន​អាជ្ញាធរបារាំង រាប់ឡើងវិញ និងមានភាពច្បាស់លាស់ថា នៅវេលានេះ មានអ្នកស្លាប់ត្រឹមតែ១២៨នាក់ ប៉ុន្តែ​អ្នករងរបួសបានកើនឡើង រហូតដល់ទៅជាង៣០០នាក់។

តើហ្វេសប៊ុកនាយករដ្ឋមន្ត្រី គួរលើកពីតួលេខមិនផ្លូវការ មកផ្សាយឬទេ?

លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ដឹងពីចម្លើយទាក់ទងនឹងករណី បំប៉ោងតួលេខ នៃជន​រងគ្រោះ​នេះ ច្បាស់លាស់ណាស់ ថាតើមានការប៉ះពាល់បែបណា។ ក្នុងព្រឹត្តិការណ៍រត់ជាន់គ្នា នៅកោះពេជ្រ នាឆ្នាំ​២០១០ តួលេខមិនផ្លូវការជាច្រើន ដែលត្រូវបានស្រង់ប្រភព ចេញពីពលរដ្ឋផ្ទាល់ បានឲ្យដឹងថា ពលរដ្ឋ​ដែល​រងគ្រោះដល់ជីវិត មានចំនួន រហូតដល់ទៅជាង៣៥០នាក់។ ប៉ុន្តែរដ្ឋាភិបាលវិញ បានរាប់ឃើញ មាន​តែ​ជាង​១៥០នាក់​ប៉ុណ្ណោះ។ នៅពេលនោះ រដ្ឋាភិបាលលោក ហ៊ុន សែន ថែមទាំងចេញសេចក្ដីប្រកាសព័ត៌មាន ព្រមាន​កុំ​ឲ្យ​តួ​លេខ​ដ៏ច្រើន ដែលរដ្ឋាភិបាលហៅថា ជាការបំប៉ោងតួលេខនេះ ក្លាយជាអាជីវកម្មនយោបាយ ដើម្បី​ធ្វើការ​វាយ​ប្រហារ បកមកលើរដ្ឋាភិបាលវិញ នោះទៀតផង៕