ហ៊ុន សែន ស្នើ​ពលរដ្ឋ​រស់​តាម​ព្រំដែន កុំ​ឲ្យ​ជួល​ដី​ឲ្យ​បរទេស

ខណៈភាពចម្រូងចម្រាស់ ជុំវិញបញ្ហាព្រំដែន ជាមួយនឹងបណ្តាប្រទេសជុំវិញកម្ពុជា នៅមិនទាន់ត្រូវ​បាន​ដោះ​ស្រាយ​រួច​នោះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឲ្យប្រជា​ពលរដ្​ឋកម្ពុជា ទាំងអស់«បញ្ឈប់» ការជួលដី ទៅឲ្យបរទេស នៅតាម«ព្រំដែន» នៃ​ប្រទេស​ទាំង​បី។
ហ៊ុន សែន ស្នើ​ពលរដ្ឋ​រស់​តាម​ព្រំដែន កុំ​ឲ្យ​ជួល​ដី​ឲ្យ​បរទេស
ខ្សែបន្ទាត់ព្រំដែន រវាងប្រទេសកម្ពុជា (ខេត្តស្វាយរៀង) និងប្រទេសវៀតណាម (ខេត្តឡុងអាន) មើលពីលើផែនទី Google Map។

រដ្ឋាភិបាលកម្ពុជានឹងចេញជា«សារាចរ» ស្នើទៅប្រជាពលរដ្ឋ ដែលរស់នៅតាមព្រំដែន «កុំអោយជួលដី (ស្រែ ឬចំការ) ឲ្យបរទេស» ឲ្យទៅជនជនជាតិវៀតណាម រួមទាំងថៃ និងលាវជាដើម ដើម្បីជៀសវាង បញ្ហា​ដីខ្មែរ​ស្រែវៀតណាម, ដីខ្មែរស្រែថៃ ឬដីខ្មែរស្រែលាវ ជាដើម។ នេះបើតាមទំព័រហ្វេសប៊ុក របស់លោក ហ៊ុន សែន ដែល​សរសេរឲ្យដឹង ពីដំណឹងនេះ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា។

ក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី ក្នុងថ្ងៃទី១៣ដដែលនេះ លោកនាយករដ្ឋមន្រ្តី បានចាត់ទុកបញ្ហា នៃ​ការហាម​ឃាត់ប្រជាពលរដ្ឋតាមព្រំដែន មិនឲ្យជួលដីឲ្យបរទេសនោះ ថាជា«ដំណឹង»មួយ យ៉ាងសំខាន់។ លោក​បន្តថា ក្រៅពីការហាមឃាត់នេះ រដ្ឋាភិបាលកម្ពុជា នឹងមានវិធានការថ្មីមួយ ក្នុងការ«អភិវឌ្ឍន៍» នៅ​តាម​ព្រំដែន ជាមួយនឹងការសាងសង់ លំនៅដ្ឋានសម្រាប់កងទ័ពជាដើម។ លោក ហ៊ុន សែន បាន​សរសេរ​ឲ្យ​ដឹងថា៖ «រាជរដ្ឋាភិបាលនឹងពិនិត្យ មើលស្ថានភាពជាក់ស្តែង នៅតាមទីតាំងទាំងនោះ ដើម្បីរកវិធានការ អភិវឌ្ឍន៍ រួមទាំងការសាងសង់លំនៅដ្ឋាន សម្រាប់កងទ័ព នៅតាមបណ្តាព្រំដែន ដើម្បីការពារ​ទឹកដី​កម្ពុជា។»

លោកនាយករដ្ឋមន្ត្រី បានបន្តថា រដ្ឋាភិបាលកម្ពុជា នឹងផ្ញើលិខិតទៅនាយករដ្ឋមន្រ្តី​នៃប្រទេស​ដែល​មាន​ព្រំ​ប្រទល់ ជាមួយកម្ពុជា ដើម្បីសហការ និង ហាមឃាត់ មិនអោយពលរដ្ឋ នៃប្រទេសទាំងនោះ មកជួល​ដី​នៅ​តាមព្រំដែនកម្ពុជា។ លោកថា ទន្ទឹមនឹងនេះប្រទេសជាប់ព្រំដែនទាំងអស់ រួមមាន វៀតណាម ថៃ និងឡាវ នឹង​ត្រូវសហការគ្នា ពង្រឹងសេដ្ឋកិច្ច ដើម្បីជួយលើកស្ទួយ ជីវភាពពលរដ្ឋនៅតាមព្រំដែន អោយ​កាន់​តែ​ប្រសើរ​ឡើង។

ការលើកឡើង របស់លោក ហ៊ុន សែន ត្រូវបានអបអរសាទរ នឹងសម្ដែងការគាំទ្រ ដោយមន្រ្តីជាន់ខ្ពស់​មួយ​រូប នៃគណបក្សសង្គ្រោះជាតិ។ តែមន្ត្រីដែលសុំមិនបញ្ចេញឈ្មោះរូបនោះ បានទាមទារ សុំឲ្យមាន​ការ​អនុវត្ត​ជាក់ស្តែង ជៀសជាងការអះអាង តាមរយៈ«តែ»សំដិ ឬលិខិតស្នាមនោះ។ លោកថា បើមានការអនុវត្ត ឲ្យ​បាន​កាន់តែឆាប់ នោះនឹងកាន់តែល្អ។

មន្រ្តីគណបក្សប្រឆាំង បានពន្យល់ពីការជួលដី ឲ្យជនបរទេសជិតខាងថា ប្រជាពលរដ្ឋខ្មែរ មិនដែលចង់ ឬ​មាន​«ចេតនា» ក្នុងការជួលដី ទៅឲ្យជនបរទេស នៃប្រទេសជិតខាងឡើយ បើទោះជាមានករណីខ្លះ ត្រូវ​បាន​ធ្វើដោយការ«បង្ខំ»ចិត្តក៏ដោយ។ លោកបានថ្លែងបញ្ជាក់ថា៖ «ការជួលនេះ ព្រោះតែពួកគាត់​គ្មាន​ជម្រើស។ ណា​មួយ រដ្ឋាភិបាលមិនដែលយកចិត្តទុកដាក់ និងគិតគូរ ដល់ជីវភាពរបស់ពលរដ្ឋ តាមព្រំដែនឡើយ។ ពិសេស​ជាងនេះទៀត ក៏មិនដែលមាន កិច្ចអភិវឌ្ឈន៍ណាមួយ តាមព្រំដែនដែរ។ (...) ពលរដ្ឋមិន​ដែល​ចង់​ជួល​ដី ឲ្យបរទេសទេ។ (...) ពលរដ្ឋមួយចំនួនថា បរទេស ពិសេសវៀតណាម ជាអ្នកមកសុំជួល ហើយ​វៀតណាម​ថា បើមិនជួលឲ្យពួកគេ ពួកគេនឹងមិនឲ្យពលរដ្ឋខ្មែរធ្វើអ្វី ឬដាំអ្វីកើតឡើយ។ (...) រដ្ឋាភិបាល ពិសេស​អាជ្ញាធរ​តាមតំបន់ មិនដែលគិតគូរ និងយកចិត្តទុកដាក់ ដល់ជីវភាពពលរដ្ឋ តាមព្រំដែនផងនោះ។»៕