វិទ្យាស្ថាន Cam Ed បង្កើតព្រឹត្តិការណ៍បាល់បោះនារី

ភ្នំពេញ:     ​ភ្នំពេញ​:​វិទ្យាស្ថាន Cam Ed បាន​បង្កើត​នូវ​ព្រឹត្តិការណ៍​ប្រកួត​បាល់បោះ​នារី​ជា​លើកដំបូង​សម្រាប់​ សាលា​របស់ខ្លួន​នៅ​ឆ្នាំ​២០១៥​នេះ ។​

​    ​ពិធី​សម្ភោ​ធន៍​បើក​ការប្រកួត​បានធ្វើ​នៅ​ទីលាន​Primum Sport Club កាលពី​ថ្ងៃទី​១៤​វិច្ឆិកា ។​លោក​Casey Barnett ដែលជា​នាយក​វិ​ទ្យ​ស្ថាន Cam Ed បាន​មានប្រសាសន៍ថា​នេះ​ជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ថ្មី​មួយទៀត​របស់​សាលា ​លោក​បន្ទាប់ពី​លោក​បង្កើត​ឲ្យ​មាន​ដោយ​ជោគជ័យ​នូវ​ការប្រកួត​បាល់ទាត់​លើ​ ទីលាន​ខ្នាតតូច​សម្រាប់​នារី និង បុរស​នោះ ។​ការប្រកួត​បាល់បោះ​នារី​នេះ​នឹង​ក្លាយជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​មួយ​ ទៀត​របស់​សាលា​លោក ។​

​    ​លោក​បន្តថា​ការដែល​លោក​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​កីឡា​ច្រើន​សម្រាប់​ សាលា​របស់លោក​នេះ​មិនមែន​គ្រាន់តែ​ដើម្បី​សម្រាប់​ចូលរួម​ប្រកួត​កីឡា​ និស្សិត​សាកលវិទ្យាល័យ​តែប៉ុណ្ណោះ​ទេ​តែ​ការលេង​កីឡា​គឺជា​ វិធីសាស្ត្រ​មួយ​សម្រាប់​បង្រៀន​មនុស្ស​ឲ្យ​ចេះ​ទទួលខុសត្រូវ​លើ​ការងារ ។​បង្រៀន​មនុស្ស​ឲ្យ​ចេះ​ធ្វើ​ការងារ​ជា​ក្រុម ប្រកបដោយ​ស្មារតី​សមូហភាព​ទៀតផង ។​

​    ​លោក Casey Barnett ក៏បាន​បន្ថែម​ដែរ​ថា​ស្ត្រី​ក៏​អាច​ចូលរួម​លេង​កីឡា និង គ្រប់​ការងារ​សំខាន់ៗ​ក្នុងសង្គម​បាន​ដូច​បុរស​ដែរ ។​

​    ​ជាមួយនឹង​ពិធី​សម្ភោ​ធន៍​បើក​ការប្រកួត​នេះ Cam Ed បានផ្ដល់​អាហារូបករណ៍​រយៈពេល ៤ ឆ្នាំ​ដល់​ និស្សិត​បូ ពិសី​ទៀតផង ។​