ពិភពលោក​ប្រតិកម្ម​លើ​ការ​វាយប្រហារ​នៅ​ប៉ារីស​ដោយ​តក់ស្លុត​និង​កំហឹង

ពិភពលោក​ប្រតិកម្ម​លើ​ការ​វាយប្រហារ​នៅ​ប៉ារីស​ដោយ​តក់ស្លុត​និង​កំហឹង

ជន​រងគ្រោះ​នៃ​ការ​វាយប្រហារ​នៅ​ប៉ារីស​ដេក​នៅ​លើ​ផ្លូវ​ដើរ​នៅ​ខាង​ក្រៅ​ភោជនីយដ្ឋាន La Belle Equipe នៅ​ក្នុង​ក្រុង​ប៉ារីស​កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥។

នៅ​ទូទាំង​ពិភពលោក​ ដំណឹង​អំពី​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ក្នុង​ក្រុង​ប៉ារីស​នាំ​ឱ្យ​មាន​ប្រតិកម្ម​ប្រកប​ដោយ​ការ​រន្ធត់​ និង​ការ​ខឹង​សម្បារ​ ហើយ​ក្រុម​មេដឹកនាំរដ្ឋាភិបាល​ជា​ច្រើន​បាន​អំពាវនាវ​ឱ្យ​មាន​ការ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ទល់​នឹង​ពួក​ជ្រុល​និយម។

សេចក្តី​ប្រកាស​របស់​ពួក​រដ្ឋ​ឥស្លាម​ដែល​ថា​សមាជិក​របស់​ខ្លួន​បាន​ធ្វើ​ការ​វាយ​ប្រហារ​បង្ហូរ​ឈាម​ទាំង​នេះ​នាំ​ឱ្យ​មាន​ការ​ថ្កោលទោស​ជា​បន្ទាន់។

នៅ​ក្នុង​ក្រុង​ឡុងដ៏ លោក​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​បាន​រិះគន់​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ថា​ជា​ «ពួក​ឃាតករ​ឃោរឃៅ​ និង​គ្មាន​ចិត្ត​មេត្តា» ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា ​ប្រទេស​អង់គ្លេស​នឹង​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​កម្ចាត់​ «មនោគម​វិជ្ជា​ប្រកប​ដោយ​ពិសពុល​ និង​ជ្រុលនិយម​នេះ»។

លោក Cameron បាន​មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្រោយ​ការ​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​ភ្លាមៗ​មួយ​ដែល​បាន​ប្តេជ្ញា​គាំទ្រ​ប្រទេស​បារាំង។​ លោក​បាន​និយាយ​ថា​លោក​រំពឹង​ថា​នឹង​មាន​ជនជាតិ​អង់គ្លេស​មួយ​ចំនួន​បាត់បង់​ជីវិត​នៅ​ក្នុង​ក្រុង​ប៉ារីស ក៏ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ដែរ​ថា​ពួក​រដ្ឋ​ឥស្លាម​នឹង​ទទួល​បរាជ័យ។​

នៅ​ឯ​វិមាន​វ៉ាទីកង់ សម្តេចប៉ាប Francis បាន​សម្តែង​ព្រះ​ទ័យ​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង​ហើយ​ព្រះអង្គ​បាន​មាន​បន្ទូល​ថា «មិន​អាច​មាន​ការ​បញ្ជាក់​ថា​ត្រឹមត្រូវ​បាន​ទេ ទោះ​ជា​ខាង​សាសនា​ ឬ​ខាង​មនុស្សធម៌​ក៏​ដោយ» ចំពោះ​ការ​វាយ​ប្រហារ​បែប​នេះ។

លោក​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​ Narendra Modi បាន​ថ្កោលទោស​ឧប្បត្តិហេតុ «ព្រៃ​ផ្សៃ» នៅ​ក្នុង​ក្រុង​ប៉ារីស​ដោយ​មាន​ប្រសាសន៍​ធ្ងន់ៗ​ថា​ «មនុស្ស​ជាង​១០០នាក់​បាន​បាត់បង់​ជីវិត​នៅ​ពេល​ពួក​គេ​ធ្វើ​អ្វី​ដែល​ពួកគេ​ចូលចិត្ត ឬចំណាយ​ពេល​វេលា​នៅ​ជាមួយ​មនុស្ស​ជា​ទីស្រឡាញ់​របស់​ពួកគេ»៕