កូនតូច​យំ​អត់​ទឹកភ្នែក តើ​ធម្មតា​ដែរ​ឬ​អត់​?

កូនតូច​យំ​អត់​ទឹកភ្នែក តើ​ធម្មតា​ដែរ​ឬ​អត់​?

​កូន​របស់​ប្រុស​ខ្ញុំ​អាយុ​បាន​២​សប្តាហ៍​ហើយ​។ ថ្មីៗ​នេះ ខ្ញុំ​យល់​ថា​គ្រប់​ពេល​ដែល​គេ​យំ​គឺ​គ្មាន​ទឹកភ្នែក​ហូរ​ចេញ​ឡើយ​។ ចំណែក​ឯ​បងប្អូន​ប្រុស​ជីដូនមួយ​របស់​កូន​ខ្ញុំ​វិញ​អាយុ​៦​ខែ​ហើយ ប៉ុន្តែ​ឱ្យ​តែ​គេ​យំ​គឺ​ដឹង​តែ​មាន​ទឹកភ្នែក​តែម្តង​។ ចុះ​ហេតុអ្វី​បាន​ជា​កូន​ខ្ញុំ​យំ​អត់​ទឹកភ្នែក​អីចឹង​? តើ​វា​ជា​រឿង​ធម្មតា​ដែរ​ទេ​? តើ​ខ្ញុំ​គួរ​ធ្វើ​ដូច​ម្តេចទៅ​? ខ្ញុំ​បារម្ភ​ខ្លាំងណាស់​។

​ករណីបែបនេះ អ្នក​មិន​បាច់​បារម្ភ​អ្វី​ឡើយ​។ នេះ​គឺជា​ហេតុការណ៍​ធម្មជាតិ​មួយ​ប៉ុណ្ណោះ ព្រោះ​បំពង់​បង្ហូរទឹកភ្នែក​របស់​ក្មេង​មិនទាន់​លូតលាស់​បាន​ពេញលេញ​នៅឡើយ​នៅ​ពេល​កើត​មក​។ យ៉ាងណា    មិញ រឿង​នេះ​មិនមែន​បញ្ជាក់​ថា​ទារក​មិនមាន​បំពង់​បង្ហូរទឹក​ភ្នែក​ឡើយ​។ ទារក​គ្រប់គ្នា​កើត​មក​សុទ្ធតែ​មាន Basal Tearing មានន័យ​ថា​បំពង់​បង្ហូរទឹកភ្នែក​របស់​ពួកគេ​ត្រូវបាន​បង្កើតឡើង​ដោយមាន​សំណើម​គ្រប់គ្រាន់​សម្រាប់​តែ​រក្សា​ភ្នែក​ឱ្យ​សើម​ប៉ុណ្ណោះ​។ ទារក​នឹង​យំ​ហូរ​ទឹកភ្នែក​វិញ​នៅ​អាយុ​ចាប់ពី ៣ ទៅ​១២​សប្តាហ៍​។ ករណីខ្លះ វា​អាច​នឹង​ត្រូវការ​ពេល​យូរ​ជាង​នេះ​ដែរ​រហូត​ដល់​ពីរ​បី​ខែ​ដំបូង​។

​ករណី​ធ្ងន់ធ្ងរ​ខ្លះ វា​អាច​នឹង​ឈានដល់​៦​ខែ​ទើប​ទារក​យំ​មាន​ទឹកភ្នែក​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​ក៏​អាច​បញ្ជាក់​ថា​ជា​សញ្ញា​នៃ​ការ​ខ្សោះ​ជាតិ​ទឹក ឬ​មាន​អ្វី​ស្ទះ​នៅ​បំពង់​បង្ហូរទឹកភ្នែក​។ ការ​ខ្សោះ​ជាតិ​ទឹក​គឺជា​រឿង​មួយ​ដែល​កើតមាន​ជា​ញឹកញាប់​លើ​ទារក​ធំៗ ដូច្នេះ​ការ​ឱ្យ​ពួកគេ​ញ៉ាំ​ទឹក​បាន​ច្រើន និង​រក្សា​ជាតិ​ទឹក​បាន​គ្រប់គ្រាន់​នោះ នឹង​ជួយ​ឱ្យ​ស្ថានភាព​ប្រសើរ​មកវិញ​បាន​។ ទារក​ខ្លះ​អាច​នឹង​មាន​បញ្ហា​ស្ទះ​បំពង់​បង្ហូរទឹកភ្នែក ប៉ុន្តែ​អាច​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ពីរ​បី​ខែក្រោយ​។ រឿង​នេះ​បញ្ជាក់ថា បំពង់​បង្ហូរទឹកភ្នែក​ធ្វើ​ការងារ​ល្អ និង​មាន​ទឹកភ្នែក​ត្រឹមត្រូវ ប៉ុន្តែ​មិន​អាច​ហូរ​បានល្អ​។ ហេតុដូច្នេះ​ហើយ វា​នឹង​នាំ​ឱ្យ​ចាល់​ទឹកភ្នែក​ច្រើន​ក្នុង​បំពង់​នោះ និង​អាច​មាន​ឃើញ​ហូរ​ទឹកភ្នែក​ចេញពី​ភ្នែក​ពណ៌​លឿងៗ​ទៀត​។ ករណី​បែប​នេះ​អាច​ព្យាបាល​បាន​ជាមួយនឹង​ថ្នាំលាប​ភ្នែក ឬ​ការ​ម៉ាស្សា​ថ្នមៗ​ទៅលើ​ជាយ​ភ្នែក​ខាងក្នុង​ដើម្បី​បំបាត់​ការស្ទះ​ក្នុង​បំពង់​បង្ហូរទឹកភ្នែក​នោះ​។ ប៉ុន្តែ​បើសិន​ជា​បញ្ហា​នេះ​នៅតែ​កើត​មាន​ជាប់​រហូត អ្នក​ត្រូវ​តែ​នាំ​កូន​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​ជំងឺ​កុមារ ឬ​ជំនាញ​ភ្នែក​កុមារ​ដើម្បី​ដឹង​អំពី​មូលហេតុ​ពិតប្រាកដ​របស់​វា​។

​ដូច្នេះ​មិន​បាច់​បារម្ភ​អ្វី​ឡើយ​បើសិនជា​គេ​មាន​អាយុ ២ ទៅ​៣​ខែ ហើយ​បើសិនជា​គេ​នៅតែ​យំ​មិន​មាន​ទឹកភ្នែក​ទៀត​គួរតែ​នាំទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​ជំងឺ​កុមារ​ដើម្បី​ទាត់​ចោល​រាល់​ផលវិបាក​ទាក់ទង​នឹង​សុខ​ភាព​ផ្សេងៗ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។