វីស្តូបញ្ចេញកំហឹង​ជា​មួយ​​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​​

រាជ​ធានីភ្នំពេញ ​៖ ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៦​​ផ្ទាំង​ ​ត្រូវ​​រង​ការ​បាក់​និង​វៀច​ដោយសា​រថយន្ត​មួយ​គ្រឿង​រេចង្កូត​ទៅ​បុក​កាលពី​ម៉ោង​៩​និង៣០​​នាទី​យប់​ថ្ងៃ​ទី​១៤ វិច្ឆិកា ២០១៥​ ​នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ម៉ូតូ​ ​​មហាវិថី​សហព័ន្ធ​រុ​ស្សី​ ស្ថិត​​នៅ​ភូមិ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ ​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​គោលដៅ​ខាងលើ​បាន​ឲ្យ​ដឹង​ថា ​មុនពេល​​កើតហេតុ​ ​គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​VISTO ពណ៌​ស​ពាក់​ស្លាក​លេខ​កណ្តាល​2A-6871 ​​បើកបរ​ដោយ​ស្ត្រី​ម្នាក់​ និង​អ្នក​រួម​ដំណើរ​មាន​ស្ត្រី​២នាក់​​​ផ្សេង​ទៀត ​​​បើកបរ​មក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ​លុះ​មក​ដល់​ចំណុច​ខាងលើ​ ស្រាប់តែ​រថយន្ត​​រេ​ចង្កូតជ្រុល​ទៅ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​តែម​យ​តង​បណ្តាលឱ្យ​​បាក់ ​និង​វៀច​អស់​ចំនួន៦​​ផ្ទាំង​តែ​ម្តង​ ។

បើ​តាម​សម្តី​​អ្នក​​បើករថយន្ត​បង្ក​សុំ​មិន​បញ្ចេញ​​ឈ្មោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ​នៅ​មុន​កើតហេតុ​ គាត់​បាន​មក​ពី​ចូលរួម​បុណ្យកឋិន​​ទាន ​ក៏​បើករថយន្ត​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ដោយ​មាន​គ្នា​​៣​​នាក់​ ខ​ណៈ​មក​ដល់​ចំ​ណុ​ចាង​លើ​ ស្រាប់តែ​រថយន្ត​គាំង​ចង្កូត​កាច់​មិន​មក​ក៍​ជ្រុល​ទៅ​បុក​រនាំង​ដែក​ខាងលើ​តែ​ម្តង ​ប៉ុន្តែ​ពួក​គាត់​មិន​មាន​រង​របួស​អ្វី​ឡើយ​ ។

ក្រោយ​កើតហេតុ​ រថយន្ត​បង្ក​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំ​ពេញ ​ចំណែក​អ្នក​បើក​សមត្ថកិច្ច​គ្រាន់តែ​សាកសួរ​ហើយឱ្យ​​ត្រឡប់​ទៅ​ផ្ទះ​វិញ ​រង់​​ចាំ​ចូលខ្លួន​ដោះស្រាយ​ពេល​ក្រោយ​ ៕