ពលរដ្ឋ​ខេត្ត​ក្រចេះ​ចោទ​ស្មៀន​ឃុំ​អូរឫស្សី​កណ្ដាល​ថា​លក់​ដី​ផ្លូវ​រទេះ​ឲ្យ​ក្រុមហ៊ុន​កូរ៉េ

ពលរដ្ឋ ៧១​គ្រួសារ​រស់នៅ​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្ត​ក្រចេះ ចោទ​ស្មៀន​ឃុំ​អូរឫស្សី​កណ្ដាល ថា លក់​ដី​ផ្លូវ​រទេះ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ពាណិជ្ជកម្ម​កសិកម្ម​ខ្មែរ​របស់​កូរ៉េ។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ក្រុមហ៊ុន​នេះ​បាន​ជីក​ប្រឡាយ​បិទ​ផ្លូវ និង​ឈូស​ឆាយ​កំណត់​ព្រំ​ដី​ជាង ២​ខែ​កន្លង​មក បន្ទាប់​ពី​ទិញ​ដី​ពី​ស្មៀន​ឃុំ។ ចំណែក​ស្មៀន​ឃុំ​អូរឫស្សី បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

ពលរដ្ឋ​រស់នៅ​ភូមិ​អូរឫស្សី និង​ភូមិ​ស្ដៅ សង្កាត់​ក្រចេះ អះអាង​ថា ស្មៀន​ឃុំ​អូរឫស្សី​កណ្ដាល លោក ធឹង រិទ្ធី មាន​ចេតនា​លក់​ដី​ផ្លូវ​រទេះ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ពាណិជ្ជកម្ម​កសិកម្ម​ខ្មែរ (Agricultural Trade Investment khmer) ប្រហែល ៥​ខែ​កន្លង​មក។ លើស​ពី​នេះ អ្នក​ភូមិ​កត់​សម្គាល់​ថា ផ្លូវ​រទេះ​នេះ គឺ​ជា​ផ្លូវ​ដែល​ពលរដ្ឋ​ធ្លាប់​ធ្វើ​ដំណើរ​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម។

តំណាង​ពលរដ្ឋ អ្នកស្រី សាន សំអោ និយាយ​ថា ផ្លូវ​រទេះ​ទទឹង ១៥​ម៉ែត្រ​មួយ​ខ្សែ និង​ផ្លូវ​មួយ​ខ្សែ​ទៀត​ត្រង់​ចំណុច​ត្រពាំង​កណ្ដោល មាន​លក្ខណៈ​បត់បែន​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​៧ ក្រុង​ក្រចេះ   ត្រូវ​ក្រុមហ៊ុន​វិនិយោគ​ពាណិជ្ជកម្ម​កសិកម្ម​ខ្មែរ ជីក​ប្រឡាយ​បិទ​ផ្លូវ​ជាង ២​ខែ​កន្លង​មក ធ្វើ​ឲ្យ​បង្អាក់​ការ​ប្រមូល​ផល​កសិកម្ម​នៅ​រដូវ​ច្រូត​កាត់​នេះ។ អ្នកស្រី​ថា អាជ្ញាធរ​មូលដ្ឋាន​ហាក់​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ​ឲ្យ​ទាន់​រដូវ​ច្រូត​កាត់​នោះ​ឡើយ គឺ​ពន្យារ​ពេល​ដោះស្រាយ ខណៈ​អ្នក​ភូមិ​ត្រូវ​ការ​ផ្លូវ​ចាំបាច់៖ «សុំ​សំណូមពរ​ឲ្យ​លុប​ប្រឡាយ​ទាំងអស់​បើក​ផ្លូវ ១៥​ម៉ែត្រ​ឲ្យ​វិញ។ គេ​ជីក​បាំង​ធ្វើ​ដី​ក្រុមហ៊ុន។ ពិបាក! អត់​ចូល​ទៅ​ស្រែ​បាន អត់​មាន​ផ្លូវ​ទៅ»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ ស្មៀន​ឃុំ​អូរឫស្សី លោក ធឹង រិទ្ធី បដិសេធ​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ ដោយ​លើក​ហេតុផល​ថា ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន។ លោក​អះអាង​ថា ដី​ផ្លូវ​រទេះ​ដែល​អ្នក​ភូមិ​ទាមទារ គឺ​ជា​ផ្លូវ​ឋិត​ក្នុង​ដី​កម្មសិទ្ធិ​របស់​លោក ដែល​លក់​ឲ្យ​ក្រុមហ៊ុន​កន្លង​មក។ លោក​ថា ដី​ដែល​លោក​លក់​ឲ្យ​ក្រុមហ៊ុន​មាន​ប្លង់​កម្មសិទ្ធិ ឬ​ប្លង់​រឹង ដែល​ពុំ​បាន​បញ្ជាក់​ពី​ផ្លូវ​រទេះ​ដែល​អ្នក​ភូមិ​ទាមទារ​នោះ​ទេ៖ «ខាង​ជើង​គេ​បើក​ផ្លូវ​ហើយ សុរិយោដី​គេ​បាន​កំណត់​ហើយ។ ខ្ញុំ​មាន​ប្លង់ ខ្ញុំ​ទិញ​ត​ពី​គេ។ សាក្សី​ខ្ញុំ​នៅ​រស់​ទាំងអស់។ ខ្ញុំ​ឈូស ៤ ទៅ ៥​ឆ្នាំ​ដី​នោះ»

កាល​ពី​ថ្ងៃ​ទី​៦ វិច្ឆិកា ពលរដ្ឋ ៥៦​នាក់​ក្នុង​ចំណោម​ពលរដ្ឋ ៧១​គ្រួសារ តវ៉ា​នៅ​ចំណុច​ត្រពាំង​កណ្ដោល ដោយ​ទាមទារ​ឲ្យ​អាជ្ញាធរ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​វិនិយោគ​ពាណិជ្ជកម្ម​កសិកម្ម​ខ្មែរ​របស់​កូរ៉េ បើក​ផ្លូវ​រទេះ​ឡើង​វិញ បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​បាន​ជីក​ប្រឡាយ​កំណត់​ព្រំ​ដី​បិទ​ផ្លូវ​រទេះ​អ្នក​ភូមិ​ចំនួន ២​ខ្សែ​អស់​រយៈពេល​ជាង ២​ខែ។

យ៉ាង​នេះ​ក្តី មេ​ឃុំ​អូរឫស្សី អ្នកស្រី ពុយ ភារុន បញ្ជាក់​ថា អាជ្ញាធរ​កំពុង​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ ដោយ​សម្រួល​ឲ្យ​ក្រុមហ៊ុន​លុប​ប្រឡាយ​ទឹក​ដើម្បី​បើក​ផ្លូវ។ អ្នកស្រី​អះអាង​ថា មាន​ពលរដ្ឋ​មួយ​ចំនួន​មាន​ចេតនា​យក​ដី​ផ្លូវ​រទេះ​ធ្វើ​ស្រែ និង​ហាម​ឃាត់​មិន​ឲ្យ​ក្រុមហ៊ុន​បោះ​បង្គោល​កំណត់​ព្រំ​ដី៖ «ក្នុង​នាម​ជា​អាជ្ញាធរ​ប្រឹង​អស់​ពី​សមត្ថភាព នៅ​តែ​ចោទ​ថា​អាជ្ញាធរ​មិន​ប្រឹង​ធ្វើ​ការ។ ខ្ញុំ​បាន​បញ្ជាក់​ជូន​ពលរដ្ឋ បើ​ក្រុមហ៊ុន​រំលោភ​ដី​ពលរដ្ឋ គឺ​ក្រុមហ៊ុន​ជា​អ្នក​សង់ ហើយ​និង​លុប​ផ្លូវ​រទេះ​ជូន​ពលរដ្ឋ​វិញ»

ករណី​នេះ តំណាង​ក្រុមហ៊ុន​វិនិយោគ​ពាណិជ្ជកម្ម​កសិកម្ម​ខ្មែរ​របស់​កូរ៉េ លោក ពៅ ធ្លាប់​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​ទិញ​ដី​ពី​ស្មៀន​ឃុំ លោក ធឹង រិទ្ធី ប្រហែល ៥​ខែ​កន្លង​មក និង​មាន​ប្លង់​កម្មសិទ្ធិ ឬ​ប្លង់​រឹង​ត្រឹមត្រូវ។ លោក​ថា នៅ​ពេល​បោះ​បង្គោល​កំណត់​ព្រំ​ដី ឬ​ជីក​ប្រឡាយ មាន​មន្ត្រី​សុរិយោដី និង​អាជ្ញាធរ​ត្រួត​ពិនិត្យ​ដោយ​ផ្អែក​លើ​ប្លង់​កម្មសិទ្ធិ​ជាក់ស្តែង៖ «កាយ​ប្រឡាយ គឺ​តាម​ប្លង់​រឹង​ទាំងអស់​ដែរ ឲ្យ​សុរិយោដី​ជួយ​ឆែក»

កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា អភិបាល​ក្រុង​ក្រចេះ លោក យិង វណ្ណៈ បាន​សន្យា​ក្នុង​វេទិកា​សាធារណៈ​ស្តី​អំពី​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​ថ្នាក់​មូលដ្ឋាន ដោយ​បញ្ជាក់​ថា អាជ្ញាធរ​នឹង​ព្យាយាម​រក​ដំណោះស្រាយ​ករណី​នេះ​ជូន​ពលរដ្ឋ។

ទាក់ទង​បញ្ហា​នេះ ប្រធាន​ផ្នែក​ដីធ្លី​នៃ​សមាគម​អាដហុក (ADHOC) លោក ឡាត់ គី ធ្លាប់​មាន​ប្រសាសន៍​បញ្ជាក់​ថា ផ្លូវ​សាធារណៈ គឺ​ពុំ​មាន​បុគ្គល​ណា​មាន​សិទ្ធិ​យក​ផ្លូវ​ទៅ​លក់​ដូរ និង​ធ្វើ​អាជីវកម្ម​ឡើយ។ លោក​ថា ប្រសិន​បើ​ជន​ណា​ម្នាក់​បាន​លក់​ដូរ​ផ្លូវ​សេវភាព គឺ​ជា​ទង្វើ​ល្មើស​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។