មន្ត្រី​យោធា​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង​លួច​បាញ់​សម្លាប់​ក្រោយ​ពី​ទៅ​ចូលរួម​វាស់ដី​ទំនាស់​នៅ​ស្រុក​ភ្នំព្រឹក

ខេត្តបាត់ដំបង ​៖ ប្រភព​ព័​ត៌មាន​ពី​ស្រុក​ភ្នំព្រឹក​បាន​ឲ្យ​ដឹង​ថា មន្ត្រី​យោធា​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​បាញ់​សម្លាប់ គ្រា​ដែល​គាត់​កំពុង​នៅ​ក្នុងផ្ទះ​ម្នាក់ឯង​ កាលពី​វេលា​ម៉ោង​៦ និង៤០​នាទី​យប់​ ថ្ងៃ​ទី​១៤ ​វិច្ឆិកា នៅ​ក្នុងភូមិ​ភ្នំ​ប្រាំពីរ ឃុំ​ប៊ួ​រ ស្រុក​ភ្នំព្រឹក​។

សេចក្ដី​រាយ​ការ​ណ៍បាន​បញ្ជាក់​ថា មន្ត្រី​យោធា​រូប​នោះ​ឈ្មោះ​លី គឹ​ម​ឈុ​ន អាយុ​៤៧​ឆ្នាំ​ នៅ​ក្នុង​អង្គភាព​កងពលតូច​ថ្មើ​ជើង​លេខ​៥៣ និង​រស់នៅ​ក្នុងភូមិ-ឃុំ​ខាងលើ​។ ជន​រង​គ្រោះ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ប្រើប្រាស់​អាវុធ​ខ្លីលួច​បាញ់ប្រហារ​មួយ​គ្រាប់​ចំ​ក្បែរ​ត្រចៀក​ខាងស្ដាំ​ធ្លាយ​ទៅ​ខាងឆ្វេង​បណ្ដាល​ឲ្យ​ស្លាប់​ភា្ល​ម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង​។

បើ​តាម​ការ​ស្រង់​សំដី​ពី​ភរិយា​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ការ​លួច​បាញ់ប្រហារ​នេះ​បាន​កើតឡើងក្រោយ​ពេល​ប្ដី​របស់​គាត់​ និង​អ្នក​ភូមិ​ប៉ុន្មាន​នាក់​ទៀត បាន​នាំ​គ្នា​ទៅ​លួច​វាស់វែង​ដី​ដែល​មាន​ជម្លោះ​រ៉ាំរ៉ៃ​មួយ​កន្លែង​ជាមួយ​ក្រុមហ៊ុន​«​សួន​មានសម្បត្តិ​» នៅ​ចំណុច​«​បុស​ស្អំ​» កាលពី​រសៀល​ថ្ងៃ​ទី​១៤ ​វិច្ឆិកា លុះ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ក៏​ត្រូវ​គេ​លួច​បាញ់​សម្លាប់​តែ​ម្ដង​។ ពេល​នេះ​កម្លាំង​សមត្ថកិច្ច​កំពុង​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ និង​ស្រាវជ្រាវ​រកមុខ​ជន​ដៃដល់​នោះ​ហើយ​៕ ​