ជិះ​ម៉ូតូបុក​ទ្រុង​គោយន្ត​កន្ត្រៃ​​បណ្តាល​ឱ្យ​ស្លាប់​​នឹង​កន្លែង​

ខេត្តបាត់ដំបង ​៖ មន្ត្រី​នគរបាល​ស្រុក​សំពៅ​លូន​បាន​រាយ​ការ​ណ៏​ថា បុរស​ម្នាក់​ដែល​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ បាន​ស្លាប់​ដោយសារ​ជិះ​ម៉ូតូពីក្រោយ​បុក​ទ្រុង​គោ​យន្ត​កន្ត្រៃ​ កាលពី​វេលា​ម៉ោង​៨និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១៤ វិច្ឆិកា នៅ​ចំណុច​​ភូមិ​វាលវង់ ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន​ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា គោ​យន្ត​កន្ត្រៃ​នេះ បើកបរ​ដោយ​គ្មាន​ស្លាក​សញ្ញា ឬភ្លើង​សញ្ញា​នៅ​នឹង​ទ្រុង​ផ្នែក​ខាងក្រោយ​ទេនៅ​ពេល​ធ្វើ​ដំណើរ​ពេល​យប់ ទើប​អ្នក​ជិះ​ម៉ូតូ​​​​លឿន​ផង​មើល​មិនឃើញ​​ជ្រុល​ទៅ​​បុក​ពីក្រោយ​ពេញទំហឹង​ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង ​។

មន្ត្រី​ជំនាញ​បាន​នាំ​យក​​ម៉ូតូ ​និង​គោ​យន្ត​បង្កហេតុ​ទៅ​រក្សា​ទុក​នៅ​អធិការ​​​ដ្ឋាន​​ស្រុក​សំពៅ​លូន​​ ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ​៕ ​