អ្នកលក់​នំ​ប៉ាវ​ពោះម៉ាយ​ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​ស្រោច​ទឹក​ចំហុយ​នំ​ប៉ាវ​រលាក​ពេញ​ខ្លួន

រាជធានី​ភ្នំពេញ ៖ បុរស​ពោះម៉ាយ​ម្នាក់​ជា​អ្នកលក់​នំ​ប៉ាវ​តាម​ម៉ូតូ​បាន​ជិះ​ម៉ូតូ​គេច​ពី​រទេះ​លក់​នំ​បុ័ង​សាច់​បណ្តាល​ឲ្យ​ធ្លាក់​ជង្ហុក​ដួល​ស្រោច​ទឹក​ចំហុយ​នំ​ប៉ាវ​រលាក​ពេញ​ខ្លួន និង​រង​របួស​ធ្ងន់ធ្ងរ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ត្រង់​ចំណុច​ជិត​រង្វង់​មូល​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ ប្រាក់ កុសល ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​លក់​នំ​ប៉ាវ ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​ផ្សារ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ ។

ប្រភព​បានឲ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ដើរ​លក់​នំ​ប៉ាវ​ដូច​សព្វមួយដង លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រទេះ​លក់​នំ​បុ័ង​សាច់​បើក​វ៉ា​រថយន្ត​មួយ​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា​ ធ្វើ​ឲ្យ​គាត់​ខំប្រឹង​គេច​ពី​រទេះ​លក់​នំ​បុ័ង​សាច់​បណ្តាល​ឲ្យ​ធ្លាក់​ជង្ហុក​ដួល​ម៉ូតូ​កំពប់ទឹក​ចំហុយ​នំ​ប៉ាវ​ពី​ក្នុង​ធុង​លើ​ម៉ូតូ​ស្រោច​ពេញ​ខ្លួន​តាំងពី​ក្បាល​ដល់​ចុងជើង រលាក​រលួយ​ពេញ​ខ្លួន រង​របួសធ្ងន់ ។

ជន​រង​គ្រោះ​បាន​ប្រាប់​ទាំង​អាកា​រៈ​ញ័រញាក់​ដូច​កូន​សត្វ​ថា ប្រពន្ធ​កូន​គាត់​ស្លាប់​អស់ហើយ គាត់​ជា​បុរស​ពោះម៉ាយ រស់នៅ​តែ​ម្នាក់ឯង ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ពេល​ដែល​រលាក​ទឹក​ក្តៅ​នោះ​ ជន​រង​គ្រោះ​បាន​រត់​ទាំង​ញ័រញាក់​ចុះ​ទៅ​ត្រាំ​ទឹក​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​រត់​ដេញចាប់​ដាក់​ចូល​ក្នុង​រថយន្ត​សង្គ្រោះ​អង្គភាព​៧១១ ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុ​សមៈតែ​ម្នាក់ឯង​មិន​មាន​សាច់ញាតិ​ជួយ​មើលថែ​ទេ ។

បើ​តាម​សម្ដី​របស់​អ្នកគ្រូ​ពេទ្យ​ដែល​ប្រចាំការ​នៅ​ពេល​នោះ​បាន​ប្រាប់​ថា ការ​រលាក​នេះ​គឺ​ស្ថិត​ក្នុង​ដំណាក់កាល​ទី​៣ គឺ​ធ្ងន់ធ្ងរ ៕