រ៉ឺ​ម៉ក​ដឹក​កម្ម​ការិនី​ដាច់​ដុំ​កង់​ក្រ​ឡាប់​ផ្ងារ​ជើង​​​របួសធ្ងន់​-ស្រាល​១៧​នាក់​នៅ​ក្រុង​បា​វិត

ខេត្តស្វាយរៀង ​៖​ រ៉ឺម៉ក​ដឹក​កម្មការិនី​ចំនួន​១៦​នាក់​បើក​សុខៗ​បាន​​ដាច់​ដុំ​រ៉ឺ​ម៉ក​ខាងឆ្វេង​របូត​កង់​ចេញពី​រ៉ឺ​ម៉ក​ក្រឡាប់​ធ្លាក់​ចូល​ហាវ​ថ្នល់​បណ្តាល​ឲ្យ​កម្ម​ការ​នី​ជិះ​ក្នុង​រ៉ឺ​ម៉ក​រង​របួសទាំង​អស់​ និង​អ្នក​បើក​បរ​រ៉ឺម៉ក​របួស​ស្រាល។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​កាលពី​វេលា​ម៉ោង​៧​ និង​២០​នាទី​ព្រឹក ​ថ្ងៃ​ទី​១៤ ​វិច្ឆិកា ​២០១៥ នៅ​លើកំ​ណាត់​ផ្លូវជាតិ​លេខ​១ ​ស្ថិត​ក្នុងភូមិ​ថ្នល់ជាតិ​ សង្កាត់​ច្រក​ម្ទេស ​ក្រុង​បា​វិត​។

​បើ​តាម​មន្ត្រី​នគរ​បាល​សង្កាត់​ច្រក​ម្ទេស​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​អ្នកបើកបរ​រ៉ឺ​ម៉ក​ម្នាក់​ឈ្មោះ​ញ៉ែ​ម​ សេ​ថា ​ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ ​នៅ​ភូមិ​ព្រៃ​តា​ញ៉​យ​ ឃុំខ្សែ​ត្រ​ ស្រុក​កំពង់​រោ​ទិ៍ ​បើក​រ៉ឺ​ម៉ក​ដឹក​កម្ម​ការិ​នី​១៦​នាក់​តាម​ផ្លូវជាតិ​លេខ​១ ​ពី​ទឹ​ស​ខាង​លិចទៅ​កើត​ លុះដល់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ​ដាច់​ដុំ​ភ្លៅ​រ៉ឺ​ម៉ក​ខាងឆ្វេង​របូត​កង់​ក្រឡាប់​ពីរ​បី​ត្រឡប់​ផ្ងា​រជើង​ឡើង​លើ​បណ្តាល​ឲ្យ​កម្ម​ការិនី​របួសធ្ងន់​១៦​នាក់ ​រី
ឯ​អ្នកបើកបរ​រ៉ឺ​ម៉ក​របួសស្រាល​។​

សមត្ថកិច្ច​បន្ត​ទៀត​ថា​ មូលហេតុ​គ្រោះ​ថ្នាក់​នេះបណ្តាល​មក​ពី​ដឹក​មនុស្ស​លើស​ទម្ងន់​ច្រើន​ពេក​ទើប​បាក់ដុំ​ភ្លៅ​រ៉ឺ​ម៉ក​ ៕