ភេរវកម្ម​នៅ​ប៉ារីស៖ អ្នក​ស៊ើប​អង្កេត​រក​ឃើញ​ភេរវជន​«បី​ក្រុម»

តុល្យភាពផ្លូវការ ត្រូវបានប្រកាសឲ្យដឹង ដោយលោក ហ្វ្រង់ស៊័ ម៉ូឡាំង (François Molins) រដ្ឋអាជ្ញា​បារាំង ប្រចាំ​រដ្ឋធានី​ប៉ារីស កាល​ពី​យប់​ថ្ងៃ​សៅរ៍ ថាមកដល់«ម៉ោងនេះ» ចំនួនអ្នកស្លាប់ មានដល់១២៩នាក់ និង​ចំនួន​អ្នក​របួស មាន​ដល់​៣៥២នាក់។ ភេរវជនទាំងអស់ ដែលបើកការវាយប្រហារ កណ្ដាលរដ្ឋធានីប៉ារីស កាលពីយប់​ថ្ងៃសុក្រ​នោះ ត្រូវ​បាន​ស្គាល់​ថា មាន​៣ក្រុម។
ភេរវកម្ម​នៅ​ប៉ារីស៖ អ្នក​ស៊ើប​អង្កេត​រក​ឃើញ​ភេរវជន​«បី​ក្រុម»
អ្នកជួយសង្គ្រោះ កំពុងជម្លៀសជនមានរបួស ចេញពីកន្លែងកើតហេតុ នៃការវាយប្រហារភេរវកម្ម កណ្ដាលរាជធានីប៉ារីស។ (រូបថត AP)

ខណៈការស៊ើបអង្កេត កំពុងបន្តធ្វើទៅមុខទៀត ទាក់ទងនឹងការវាយប្រហារភេរវកម្ម ប្រដាប់ដោយអាវុធ និង​គ្រាប់បែក កាលពីយប់ថ្ងៃសុក្រ កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំងនោះ រដ្ឋអាជ្ញានៃសាធារណរដ្ឋបារាំង ប្រចាំនៅរដ្ឋធានីប៉ារីស លោក ហ្វ្រង់ស៊័ ម៉ូឡាំង បានចូលខ្លួន ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ពីអ្វីដែល​លោក និងក្រុមអ្នកស៊ើបអង្កេត បានរកឃើញ រួមជាមួយនឹងតួលេខផ្លូវការមួយចំនួន។

តុល្យភាពផ្លូវការ ស្លាប់១២៩នាក់... ប៉ុន្តែអាចកើនទៀត!

តុល្យភាពផ្លូវការ តែមានលក្ខណៈជាបណ្ដោះអាសន្ន និងអាចកើនឡើងទៀត ដែលចេញពីការវាយប្រហារ កាលពីយប់ថ្ងៃសុក្រនេះ បានឲ្យដឹងថា ជនរងគ្រោះដល់ជីវិត មានចំនួន១២៩នាក់ និងជនរងគ្រោះដោយ​របួស មានចំនួន៣៥២នាក់ ក្នុងនោះ ៩៩នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ នេះជាការថ្លែងប្រកាស របស់លោក​រដ្ឋអាជ្ញា។ រីឯភេរវជនវិញ មានចំនួន៧នាក់ និងបានស្លាប់ទាំងអស់ នៅក្នុងសកម្មភាពឧក្រិដ្ឋរបស់ពួកគេ។ លោក ម៉ូឡាំង បានថ្លែងឲ្យដឹងទៀតថា ភេរវជនចំនួន៦នាក់ បានបំផ្ទុះគ្រាប់បែក ធ្វើអត្តឃាត។

ភេរវជនចំនួន៣ក្រុម ត្រូវបានស្គាល់ពីអត្តសញ្ញាណ

«វាដូចជាមានភាពប្រាកដណាស់ ថាភេរវជនចំនួន៣ក្រុម ត្រូវបានស្គាល់ ដែលជាអ្នកបង្ក ឲ្យមានអំពើ​យង់​ឃ្នង​នេះ» លោករដ្ឋអាជ្ញាបានបញ្ជាក់ថា៖ «នៅសឹងគ្រប់ចំណុច នៃការវាយប្រហារ គ្រឿងឧបករណ៍​បំផ្ទុះ (ឬ​គ្រាប់​បែក) ដែលយកមកប្រើ និងដែលត្រូវបានរកឃើញនោះ មានលក្ខណៈដូចគ្នាទាំងស្រុង»។

ភេរវជនធ្លាប់ជាប់ឈ្មោះ ក្នុងបញ្ជី«S»

លោក ម៉ូឡាំង បានបន្តទៀតថា៖ «នៅខណៈនេះ ភេរវជនម្នាក់ដែលចាប់មនុស្សជាច្រើន ធ្វើជាចំណាប់ខ្មាំង នៅក្នុងរោងល្ខោន បាតាក្លង់ (Bataclan) ត្រូវបានកំណត់ ពីអត្តសញ្ញាណ ដោយសារស្នាមក្រយ៉ៅម្រាមដៃ នៅនឹងកន្លែងកើតហេតុ។ ជននេះ កើតនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ១៩៨៥ ក្នុងក្រុង "Courcouronnes" នៃ​តំបន់ "Essonne (ជាយក្រុងប៉ារីស)" ហើយធ្លាប់បានប្រព្រឹត្តិ បទល្មើសមួយចំនួន និងត្រូវបានកត់ចូល ក្នុង​បញ្ជី «S» នៃ​ក្រុមអ៊ីស្លាមនិយមតឹង នៅក្នុងប្រទេសបារាំង ប៉ុន្តែមិនដែលធ្លាប់ចូល ជាសមាជិក ឬមានជាប់ទាក់ទង នឹងបណ្ដាញភេរវកម្មឡើយ។»

រក​ឃើញលិខិតឆ្លងដែន នៃប្រទេសស៊ីរី នៅក្បែរនឹងភេរវជនម្នាក់ ដែលបានបំផ្ទុះគ្រាប់បែក ដាក់ជាប់នឹងខ្លួន នៅ​ក្បែ «Stade de France» ពហុកីឡាដ្ឋានធំ របស់ប្រទេសបារាំង។ ដោយសារលិខិតឆ្លងដែននោះ គេ​បាន​ដឹងថា ជននោះកើតនៅខែកញ្ញា ឆ្នាំ១៩៩០ ក្នុងប្រទេសស៊ីរី ប៉ន្តែជននេះ មិនត្រូវអាជ្ញាធរស្គាល់ពីមុន​មក​ទេ៕