កុមារ​ក្រីក្រ​ក្នុង​ក្រុង​សៀមរាប​ទទួលបាន​កង់​ពី​ធនាគារ អរ អេក ប៊ី ឥណ្ឌូ​ឆៃ​ណា

សៀមរាប៖ កុមារ​ក្រីក្រ​ចំនួន១០០នាក់ ដែល​សិក្សា​នៅ​សាលា​បឋម​និង​វិទ្យាល័យ​ក្នុង​ក្រុង​សៀមរាប ទទួលបាន​កង់​ម្នាក់​មួយគ្រឿង​ពី​ធនាគារ អរ អេក ប៊ី ឥណ្ឌូ​ឆៃ​ណា (RHB Indochina)។ កុមារ​ក្រីក្រ​ទាំងនោះ សព្វថ្ងៃ​កំពុង​សិក្សា​នៅ​វិទ្យាល័យ ហ៊ុន សែន វត្ត​ស្វាយ និង​សាលាបឋមសិក្សា ទួល​រវៀង។

នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ពិធី​ចែក​កង់​ដល់​សិស្ស​ក្រីក្រ បានរៀបចំ​ឡើង​នៅ​បរិវេណ​វិទ្យាល័យ ហ៊ុន សែន វត្ត​ស្វាយ ដែលមាន​លោកគ្រូ អ្នកគ្រូ សិស្ស អាណាព្យាបាល ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​ធនាគារ អរ អេក ប៊ី ប្រមាណ​ជិត២០០នាក់​ចូលរួម។ 

នាយក​សាលា​វិទ្យាល័យ ហ៊ុន សែន វត្ត​ស្វាយ លោក ភិន សុវណ្ណារិទ្ធ បាន​និយាយថា សិស្ស​ភាគច្រើន​ដែល​កំពុង​សិក្សា​នៅ​វិទ្យាល័យ​របស់លោក គឺមាន​ជីវភាព​ក្រីក្រ។ លោក​បន្តថា ពួកគេ​ភាគច្រើន​ខ្វះ​មធ្យោបាយ​ធ្វើដំណើរ និង​មាន​ទីលំនៅ​ឆ្ងាយ​ពី​សាលារៀន​ជាដើម។ លោក សុវណ្ណារិទ្ធ បាន​អរគុណ​ដល់​ធនាគារ អរ អេ​ច ប៊ី ចំពោះ​ការឧបត្ថម្ភ​កង់​ទាំង១០០គ្រឿង ហើយ​លោក​សង្ឃឹមថា វប្បធម៌​ចែករំលែក​នេះ នឹងមាន​ជា​បន្តបន្ទាប់​ទៀត។
កុមារ​ក្រីក្រ​ក្នុង​ក្រុង​សៀមរាប​ទទួលបាន​កង់​ពី​ធនាគារ អរ អេក ប៊ី ឥណ្ឌូ​ឆៃ​ណា

អគ្គនាយក​ធនាគារ អរ អេក ប៊ី លោក Lim Long Seng បាន​រម្លឹក​ពី​ប្រវត្តិ​កកើត​របស់​ធនាគារ នៅក្នុង​ប្រទេស​កម្ពុជា។ ក្រោយពី​ចាប់ផ្តើម​បើក​ដំណើរ​តាំងពី​ឆ្នាំ២០០៨ បច្ចុប្បន្ន​ធនាគារ​បាន​ពង្រីក​សាខា​រហូតដល់ ១០សាខា​ទូទាំងប្រទេស ជាមួយនឹង​ការរីកចម្រើន គួរ​ឲ្យ​កត់សម្គាល់។ លោក Lim Long Seng បញ្ជាក់ថា ដោយសារតែ​ការរីកចម្រើន​របស់​ធ​នាគារ​នេះហើយ ធ្វើ​ឲ្យ​ធនាគារ​ត្រូវ​បែងចែក​ពេលវេលា​កាន់តែច្រើន ដើម្បី​ជួយ​កុមារ​ក្រីក្រ​នៅ​កម្ពុជា ក្នុង​បំណង​រួមចំណែក​អភិវឌ្ឍ​សង្គម។

កម្មវិធី​នៅ​ព្រឹក​ថ្ងៃទី១៥ វិច្ឆិកា​នេះ សិស្សានុសិស្ស ព្រមទាំង​បុគ្គលិក​នៃ​ធនាគារ អរ អេក ប៊ី ក៏បាន​ចូលរួម​សំអាត​បរិស្ថាន​នៅក្នុង​បរិវេណ​សាលា​វិទ្យាល័យ ហ៊ុន សែន វត្ត​ស្វាយ​ផងដែរ មុន​ពិធី​ចែក​កង់ និង​សម្ភារ​សិក្សា​ដល់​កុមារ​ក្រី​ក្រទាំង១០០នាក់។ ពិធី​នេះដែរ គឺជា​កិច្ចសហការ​រវាង ធនាគារ អរ អេក ប៊ី និង​ក្លឹប​អ្នកជិះ​កង់​ដើម្បី​សហគមន៍។ គួរ​បញ្ជាក់ថា សិស្ស​វិទ្យាល័យ ហ៊ុន សែន វត្ត​ស្វាយ មាន​ចំនួន ១៥២៧នាក់ ក្នុងនោះ​ស្រី ៧៥៣នាក់ ភាគច្រើន​ជា​សិស្ស​ក្រីក្រ៕
កុមារ​ក្រីក្រ​ក្នុង​ក្រុង​សៀមរាប​ទទួលបាន​កង់​ពី​ធនាគារ អរ អេក ប៊ី ឥណ្ឌូ​ឆៃ​ណា
កុមារ​ក្រីក្រ​ក្នុង​ក្រុង​សៀមរាប​ទទួលបាន​កង់​ពី​ធនាគារ អរ អេក ប៊ី ឥណ្ឌូ​ឆៃ​ណា

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​