ឯកសារ​ជំនួយស្មារតី បង្ហាញ​ពី​ទិដ្ឋភាព​ច្បាប់ ទាក់ទង​នឹង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក​សមរង្ស៊ី​

ភ្នំពេញ: បន្ទាប់ពី​មាន​ដីកាចាប់ខ្លួន​ឯកឧត្តម​សមរង្ស៊ី កាលពី​ថ្ងៃទី​១៣​វិច្ឆិកា គឺមាន​ការបក​ស្រាយ​ជាច្រើន ពិសេស​គឺ​ការ​លើកឡើងថា លោក សមរង្ស៊ី នឹងមិន​ត្រូវ​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ​បានទេ ព្រោះ​លោក ជា​អ្នកតំណាងរាស្ត្រ មាន​អភ័យឯក​សិទ្ធិ​សភា​។ ក៏ប៉ុន្តែ​ឯកសារ​ជំនួយស្មារតី ស្តីពី  ទិដ្ឋភាព​ច្បាប់​ទាក់ទង​នឹង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ឈ្មោះ សមរង្ស៊ី បាន​បង្ហាញថា អភ័យឯកសិទ្ធិសភារ​បស់​លោក​សមរង្ស៊ី ត្រូវ​បាត់បង់​ជា​ស្វ័យប្រវត្តិ នៅពេល​តំណាងរាស្ត្រ ដេ​ល​មាន​សាល​ក្រម​ស្ថាពរ ឬ​សាល​ដីកា​ស្ថាពរ​សម្រេច​ថា ជា​ទណ្ឌិត​ជាប់ពន្ធនាគារ​។ នេះ​បើ​យោងតាម​ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​។​

​ឯកសារ​ជំនួយស្មារតី ស្តីពី ទិដ្ឋភាព​ច្បាប់​ទាក់ទង​នឹង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ឈ្មោះ សមរង្ស៊ី ចំនួន ៤ ទំព័រ ត្រូវបាន​គេ​ផ្សព្វផ្សាយ​កាលពី​យប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥  បាន​បកស្រាយ​លើ​ទិដ្ឋភាព​ច្បាប់​សំខាន់ៗ ពិសេស​យោងតាម​មាត្រា ១៤ កថាខណ្ឌ​ទី​៣ នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ បាន​កំណត់ថា “​តំណាងរាស្ត្រ ដែលមាន​សាលក្រម​ស្ថាពរ ឬ​សាលដីកា​ស្ថាពរ សម្រេច​ថា ជា​ទណ្ឌិត​ជាប់ពន្ធនាគារ ត្រូវ​បាត់បង់​នូវ​សិទ្ធិ បុព្វសិទ្ធិ និង​សមាជិក​ភាពជា​សមាជិក​រដ្ឋសភា​”​។​

​ឯកសារ​នោះ ក៏បាន​បញ្ជាក់ថា មាត្រា ៨០ នៃ​រដ្ឋធម្មនុញ្ញ ដែល​ចែង​អំពី​អភ័យឯក​សិទ្ធិសភា មិនបាន​ការពារ​ទណ្ឌិត​ពី​ការចាប់ខ្លួន ដើម្បី​អនុវត្ត​ទោស​ដោយ​អនុវត្តតាម​អំណាច​សេចក្តីសម្រេច​ស្ថាពរ​របស់​តុលាការ ដែលជា​អំណាច​ឯករាជ្យ​ឡើយ​។​

​ឯកសារ​ជំនួយស្មារតី​នោះ ត្រូវបាន​ផ្សព្វផ្សាយ​ភ្លាមៗ បន្ទាប់ពី​លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​នៅ​ចំពោះមុខ​ពលករ​ខ្មែរ​ជាច្រើន​នាក់ នៅ​ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​សៅរ៍ ទី​១៤ វិ​ចិ្ឆ​កា​ថា លោក​នឹង​វិល​ត្រលប់ មកកាន់​ប្រទេស​កម្ពុជា​វិញ តាម​ការគ្រោងទុក បើទោះបីជា​ពេលនេះ មាន​ដីកា​ពី​តុលាការ បង្គាប់​ឲ្យ​ប៉ូលិស​ចាប់ខ្លួន​រូប​ឯកឧត្តម ក៏ដោយ​។

​ក្នុង​ខ្លី​ប​វិ​ដេ​អូ ដែល​បាន​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក​សមរង្ស៊ី កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​១៤​វិច្ឆិកា លោក សមរង្ស៊ី បាន​ថ្លែងថា កម្ពុជា​ជា​ស្រុកកំណើត និង​មាតុភូមិ​របស់​លោក ដូច្នេះ​លោក​ត្រូវតែ​ចូលមក​ប្រទេស​វិញ​ដាច់ខាត​។ លោក សមរង្ស៊ី ក៏បាន​អះអាងថា ជំហរ​របស់លោក គឺ​គ្មាន​ផ្លាស់ប្ដូរ​ទេ​។​

​លោក សម រង្ស៊ី និង​លោក កឹម​សុខា គ្រោង​នឹង​វិលត្រឡប់ មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​យប់​ថ្ងៃទី​១៦ ខែវិច្ឆិកា​។  

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៣​វិ​ចិ្ឆ​កា ឆ្នាំ​២០១៥ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា បង្គាប់​ឲ្យ​ប៉ូលិស ចាប់ខ្លួន​លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​សំណុំ​រឿងក្តី​ជាមួយ​លោក ហោ​ណាំហុង រដ្ឋមន្ត្រីការបរទេស កាលពី​ឆ្នាំ​២០០៨​។

​ក្នុង​សំណុំ​រឿងក្តី ដែល​លោក សមរង្ស៊ី ថ្លែង​នៅ​ថ្ងៃទី​១៧​មេសា ឆ្នាំ​២០០៨ នៅ​ជើងឯក​ថា លោក​ហោ​ណាំហុង ជា​ប្រធាន​គុក​បឹងត្របែក សម័យ​ខ្មែរក្រហម​។ រឿងក្តី​នោះ តុលាការ​បានសម្រេច​ផ្តន្ទាទោស​កំបាំងមុខ លើ​លោក​សមរង្ស៊ី ដាក់ពន្ធនាគារ ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៨ លាន​រៀល​៕​