បារាំង​ស្ថិត​ក្នុង​ស្ថាន​ភាព​សង្គ្រាម​ក្រោយ​ការ​វាយ​ប្រហារ​ភេរវ​កម្ម​នៅ​ក្រុង​ប៉ា​រីស​ស្លាប់​១២៩​នាក់​

ការ​ស៊ើប​អង្កេត​ធំ​មួយ​កំពុង​ធ្វើ​យ៉ាង​សកម្ម​ដើម្បី​កំណត់​អត្ត​សញ្ញាណ​ពួក​អ្នក​វាយ​ប្រហារ​ភេរ​វកម្ម​យ៉ាង​បង្ហូរ​ឈាម​បំផុត​​នៅ​បារាំង​ ដែល​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​សង្គ្រាម​នៅ​កណ្តាល​ក្រុង​ប៉ា​រីស​តែ​ម្តង​។

ការ​វាយ​ប្រហារ​នេះ​ប្រកាស​ទទួល​ខុស​ត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លាម​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​១២៩​នាក់ និង​របួស​៣៥២​នាក់​។

យោង​តាម​តុល្យ​ការ​បណ្តោះ​អាសន្ន​ក្នុង​ការ​វាយ​ប្រហារ​កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​១៣ វិច្ឆិកា នោះ​នៅ​ក្រុង​ប៉ារីស​ក៏​មាន​ជន​បរទេស​ច្រើន​នាក់​ដែរ​។

ក្នុង​ចំណោម​ជន​បរទេស​ស្លាប់​ មាន​ជន​ជាតិ​បែល​ហ្ស៊ិក​​យ៉ាង​តិច​២​នាក់​ អេស្ប៉ាញ​ម្នាក់​ ព័រ​ទុយ​ហ្គាល់​ម្នាក់ រ៉ូម៉ា​នី​២​នាក់ អង់​គ្លេស​ម្នាក់ ទុយ​នី​ស៊ី​២​នាក់​ ស៊ី​លី​ម្នាក់​ អាល់​ហ្សេរី​២​នាក់​ និស្សិត​ស្រី​អាមេរិក​ម្នាក់​ ហើយ​ជន​ជាតិ​អាមេរិក​២​នាក់​រង​របួស​។ ចំណែក​ជន​ជាតិ​ស៊ុយ​អែត​ម្នាក់​អាច​ត្រូវ​ស្លាប់​ដែរ​។

ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​១២៩​នាក់​ មាន​អ្នក​វាយ​ប្រហារ​៧​នាក់​ពុំ​មែន​៨​នាក់​ដូច​ការ​បញ្ជាក់​កាល​ពី​មុន​នេះ​ឡើយ​ ។

យោង​តាម​រដ្ឋ​អាជ្ញា​ក្រុង​ប៉ារីស​ថា ភេរ​វករ​៣​ក្រុម​បាន​វាយ​ប្រហារ​ដោយ​មានការ​សម្រប​សម្រួល​គ្នា​។

ក្រុម​ទាំង​៣​វាយ​ប្រហារ​លើ​​កន្លែង​ផ្សេងៗ​គ្នា​​សុទ្ធ​តែ​បំពាក់​អាវុធ​ដូចៗ​គ្នា​ ពិសេស​មាន​គ្រឿង​ផ្ទុះ​ដាក់​ជាប់​នឹង​ចង្កេះប្រភេទ TATA ដូច​គ្នា​។ ក្រៅពី​ស្លាប់​៧​នាក់​ ភេរវករ​ឯ​ទៀត​អាច​រត់​គេច​ខ្លួន​។

ក្នុង​ចំណោម​ជន​អត្ត​ឃាត​ត្រូវ​សម្លាប់​ម្នាក់​កំណត់​ដឹង​អត្ត​សញ្ញាណ​ថា ជាជន​ជាតិ​បារាំង​។

យោង​តាម​សារ​ព័ត៌​មាន​បែល​ហ្ស៊ិក​ថា ការ​ឆែក​ឆេរ​ត្រូវ​បាន​ធ្វើ​កាល​ពី​រសៀល​ថ្ងៃ​ទី​១៤ វិច្ឆិកា នៅ MOLENBEEV ជា​សង្កាត់​មួយ​នៃ​ទី​ក្រុង​ព្រុច​សែល​ រដ្ឋ​ធានី​បែល​ហ្ស៊ិក ដែល​ការ​ឆែក​ឆេរ​សំដៅ​លើ​ផ្ទះ​របស់​យុវ​ជន​៣​នាក់​ដែល​សង្ស័យ​ចូល​រួម​ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ក្រុង​ប៉ា​រីស​។

យុវ​ជន​ទាំង​៣​នាក់​នោះ​ត្រូវ​បាន​ចាប់ខ្លួន​រួច​ហើយ​ ៕