អ្នកនាំពាក្យ​ក្រសួងការបរទេស​៖ ការ​បំផ្ទុះ​គ្រាប់បែក នៅ​ភោជនីយដ្ឋាន​ខ្មែរ នៅ​ទីក្រុង​ប៉ារីស មិនមាន​ខ្មែរ​រងគ្រោះ​ទេ​

ភ្នំពេញ: ​រហូតដល់​ព្រឹក​ថ្ងៃអាទិត្យ ទី​១៥​វិច្ឆិកា​នេះ លោក​ជុំ​សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ឲ្យ​ដឹងថា មិនមាន​ពលរដ្ឋ​ខ្មែរ រងគ្រោះថ្នាក់ ក្នុងការ​បំផ្ទុះ​គ្រាប់បែក នៅ​ភោជនីយដ្ឋាន​ខ្មែរ "Le Petit Cambodge" នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នោះទេ​។ ចំណែក​នៅ​កន្លែង​ផ្សេងទៀត លោក​ជុំ​សុន្ទរី បាន​អះអាងថា មិនទាន់មាន​របាយការណ៍​ណាមួយ បញ្ជាក់​ឲ្យ​ច្បាស់​ថា មាន ឬ​គ្មាន​ពលរដ្ឋ​ខ្មែរ​គ្រោះថ្នាក់​ក្នុងករណី​វាយប្រហារ​របស់​ភេរ​វករ ដោយ​បាញ់ និង​បំផ្ទុះ​គ្រាប់បែក នៅ​ទីក្រុង​ប៉ារីស​នោះ​នៅឡើយ​ទេ​។
 
​លោក ជុំ សុន្ទរី បាន​មានប្រសាសន៍ថា បន្ទាប់ពី​មាន​ករណី​បំផ្ទុះ​គ្រាប់ សម្លាប់​មនុស្ស​ច្រើន​នាក់ នៅ​ទីក្រុង​ប៉ារីស លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស បាន​ទាក់ទង​ទៅ​ស្ថានទូត​ខ្មែរ ប្រចាំ​ទីក្រុង​ប៉ារីស ឲ្យ​ចុះ​ពិនិត្យមើល​ឲ្យ​ច្បាស់ ថា​តើ​មាន​គ្រោះថ្នាក់ ឬ​ប៉ះពាល់​ដល់​ពលរដ្ឋ​ខ្មែរ ឬទេ​?​។ ភ្លាមៗ ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​បារាំង បាន​ទៅដល់​ភោជនីយដ្ឋាន​ខ្មែរ នៅ​ទីក្រុង​ប៉ារីស ដែល​រង​ការ​បំផ្ទុះ​នោះ តែ​មិនមាន​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​ខ្មែរ​ទេ​។

​ដោយឡែក​ទីតាំង​ដែល​ផ្ទុះ​ផ្សេងទៀត លោក​ជុំ​សុន្ទរី បាន​លើកឡើងថា ស្ថានទូត​ខ្មែរ មិនទាន់​ក្តោប​ព័ត៌មាន​ជុំ​នៅឡើយ ខណៈ​កំពុង​ស្រាវជ្រាវ​បន្ត​។​

​កាសែត​បរទេស បាន​ចុះផ្សាយ​ថា ចំនួន​អ្នកស្លាប់​ដោយ​ការវាយប្រហារ នៅក្នុង​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​សុក្រ ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ម៉ោង ១០​យប់ ត្រូវ​នឹង​ម៉ោង ៥​ទាបភ្លឺ ម៉ោង​នៅ​ប្រ​ទែស​កម្ពុជា បានសម្លាប់​មនុស្ស​ចំនួន ១២៩ នាក់ និង​រងរបួស ៣៥២ នាក់​។ ក្នុងនោះ ៩៩​នាក់ រងរបួស​ធ្ងន់​។

​ក្រុម​ភេរ​វករ បាន​វាយប្រហារ​នៅ​កន្លែង​ផ្សេងៗ យ៉ាងហោចណាស់ ៥ ទៅ ៦​កន្លែង នៅ​ប៉ារីស ដោយ​ការបាញ់ប្រហារ និង​ដាក់​គ្រាប់បែក​បំផ្ទុះ នៅ​កន្លែង​ប្រកួត​បាល់ទាត់ នៅ​ភោជនីយដ្ឋាន និង​កន្លែង​ប្រគំ​តន្ត្រី ជាដើម​។ ក្នុងចំណោម​ភោជនីយដ្ឋាន​ទាំងនោះ ក៏មាន​ភោជនីយដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ផងដែរ ដែលមាន​ឈ្មោះថា "Le Petit Cambodge"​។​

​ក្រោយពី​ហេតុការណ៍​នោះ ភ្លាមៗ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន នៅ​រសៀល​ថ្ងៃទី​១៤​វិច្ឆិកា បាន​ផ្ញើ​សារ​រំលែក​ទុក្ខ ជូន​លោក​ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស័​រ ហូ​ឡង់​។ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ចំហរ​។ ដោយឡែក​ប្រជាពលរដ្ឋ​ខ្មែរ ក្រៅពី​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ជនរងគ្រោះ ពលរដ្ឋ​កម្ពុជា​ក៏បាន​ប្តូរ​រូប Profile នៅលើ​ហ្វេ​ស​ប៊ុ​ក ផងដែរ​៕​