ទីផ្សារ​លក់​ផ្ទះ​នៅ​ប្រទេស​ចិន​ស្ទុះ​ឡើង​យឺត​ក្នុង​រយៈពេល​10​ខែ​ដំបូង​ឆ្នាំ​2015​នេះ

ប្រទេស​ចិន ៖ តាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​ស្ថិតិ​ជាតិ​បង្ហាញ​ថា ការ​លក់​លំនៅ​ឋាន​មាន​សន្ទុះ​យឺត​ជាង​មុន​បន្តិច​ក្នុងអំឡុងពេល​១០​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥ នេះ ។

ការិយាល័យ​ស្ថិតិ​ជាតិ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា គិត​ចាប់ពី​ខែមករា​ដល់​ខែតុលា ការ​លក់​ផ្ទះ​ថ្មី​មិន​រាប់​បញ្ចូល​លំនៅ​ឋាន​ធូរ​ថ្លៃ​ដែល​ជួយ​ទំនុកបម្រុង​ដោយ​រដ្ឋាភិបាល បាន​កើនឡើង​១៨%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ឬ​ស្មើនឹង​៥,៤៧​ទ្រី​លាន​យន់ (៨៥៩​ប៊ី​លាន​ដុល្លារ​) មាន​កម្រិត​ស្ទុះ​យឺត​ជាង​មុន​បន្តិច បើ​ធៀប​នឹង​កំណើន​១៨,២% ក្នុង​រយៈពេល​៣​ត្រីមាស​ដំបូង ។

ចំណែក​ទីតាំង​ផ្ទះ​ដែល​លក់​បាន​កើនឡើង​ប្រមាណ​ជា​៧,៩% ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ ឬ​ស្មើនឹង​៨៣៧​លាន​ម៉ែត្រក្រឡា មាន​កំណើន​៨,២% ក្នុង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៤ ។

មន្ត្រីជាន់ខ្ពស់​ផ្នែក​ស្ថិតិ​របស់​ការិយាល័យ​សាមី លោក Li Jiao មាន​ប្រសាសន៍​ថា ៖ «​ដំណើរ​ថយក្រោយ​ក្នុង​កម្លាំង​ជំរុញ​របស់​អ្នកទិញ​ត្រូវ​បាន​កំណត់​ជា​ពិសេស​ក្រៅពី​ទីក្រុង​ស្នូល ខណៈ​បណ្តា​ក្រុង​ធំ​ៗ​នៅ​តែ​រក្សា​អត្រាកំណើន​មិន​ប្រែប្រួល​ដដែល បើ​ធៀប​នឹង​អំឡុង​ពេល​៩​ខែ​ដំបូង ។ ជាង​នេះ​ទៀត យើង​មើលឃើញ​ពី​ការ​បោះ​ជំហាន​នៃ​កំណើន​ដែល​គួរ​ឲ្យ​កត់សម្គាល់ ជា​ពិសេស ប្រភេទ​ផ្ទះ​មាន​ទំហំ​ធំ​នៅ​ទូ​ទាំង​ប្រទេស ដែល​សំដៅលើ​ផ្ទះ​មាន​ទំហំ​លើស​ពី​១៤៤​ម៉ែត្រក្រឡា​» ។

រីឯ​លោក Lu Qilin អគ្គនាយក​ផ្នែក​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Shanghai Homelink Real Estate Agency Co, ថ្លែង​ថា ៖ «​ការ​ទិញ​ផ្ទះ​ទាំង​តាម​ហាងឆេង​តម្លៃ និង​ទីតាំង​មាន​ហាងឆេង​ត្រូវ​បាន​បញ្ចូល​ក្នុង​កំណើន​ទន់ខ្សោយ​ក្នុង​ខែកញ្ញា និង​តុលា ដែល​បង្ហាញ​ឲ្យ​នូវ​ការ​បញ្ចប់​កំណើន​ដ៏​ខ្លាំងក្លា​» ។ ប៉ុន្តែ​លោក Lu Qilin លើក​ឡើង​ថា ៖ «​តម្លៃ​ផ្ទះ​ដែល​មាន​កម្រិត​ខ្ពស់​អាច​ធ្វើ​ឲ្យ​អ្នកទិញ​មានការ​រារែក​ចិត្ត​» ។

ម្យ៉ាងទៀត វា​ហាក់បីដូចជា​តម្លៃ​ផ្ទះ​ថ្មី ជា​មធ្យម​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ដែល​អ្នក​ស្វែងរក​ទិញ​ផ្ទះ​ជនជាតិ​ចិន​ជា​ច្រើន​ជួប​ការ​លំបាក ប្រសិនបើ​នៅ​តែ​បន្ត​កើនឡើង ឬ​ឡើងថ្លៃ ។

តម្លៃ​ផ្ទះ​ថ្មី​ជា​មធ្យម​នៅ​ចិន​បាន​កើនឡើង​៦​ខែ​ជាប់​ៗ​គ្នា​គិត​មក​ត្រឹម​ខែតុលា នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ទីភ្នាក់ងារ China Index Academy ។

ថ្លៃ​លក់​ចេញ​ជា​មធ្យម​នៃ​លំនៅ​ឋាន​ថ្មី​ក្នុង​បណ្តា​ទីក្រុង​ចំនួន​១០០ ដែល​ត្រូវ​បាន​ពិនិត្យ​ដោយ​អង្គភាព​ខាងលើ​បាន​កើនឡើង​០,៣% ពី​មួយ​ខែ​ទៅ​មួយ​ខែ ឬ​១០.៨៤៩​យន់​ក្នុង​មួយ​ម៉ែត្រក្រឡា​ក្នុង​ខែតុលា កើនឡើង​បន្តិច​ពី​អត្រាកំណើន​០,២៨% ក្នុង​ខែកញ្ញា ។ តម្លៃ​ហាងឆេង​បាន​កើនឡើង​ក្នុង​ទីក្រុង​ចំនួន​៤៨ និង​ធ្លាក់​ថ្លៃ​នៅ​ក្នុង​បណ្តា​ក្រុង​ចំនួន​៥២ ផ្សេង​ទៀត ៕