យោធា​តួកគី​សម្លាប់​ពួក IS ០៤ នាក់ នៅក្បែរព្រំដែន​ស៊ីរី

ក្រុងអានការ៉ា៖ សារព័ត៌មានក្នុងតំបន់ NTV បានចុះផ្សាយថា យោធាតួកគី បានសម្លាប់ ពួកបដិវត្តឥស្លាម IS ០៤ នាក់ កាលពីថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅព្រំដែនតួកគី-ស៊ីរី។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆកា ឆ្នាំ២០១៥នេះ ដោយយោងតាមប្រភព យោធាបានឲ្យដឹងថា ខណៈពេលដែលកងទ័ព របស់តួកគីកំពុងចុះល្បាត នៅតាមបណ្តោយ ព្រំដែនស៊ីរី ទីប្រជុំជន Oguzeli ស្រាប់តែសង្កេតឃើញរថយន្តជនសង្ស័យ ០២គ្រឿង ជិះសម្តៅមកទាហានការពារព្រំដែន ដោយមានប្រដាប់អាវុធនៅជាប់នឹងដៃ។

ប្រភពព័ត៌មានបានឲ្យ ដឹងទៀតថា ពួកសកម្មប្រយុទ្ធ IS បានធ្វើការវាយប្រហារភ្លាមៗ បន្ទាប់ពីទាហានតួកគី បានគំរាមចាកចេញពីកន្លែងនោះ។ កងទ័ពតួកគី ក៏បានធ្វើការវាយបក ដោយបានសម្លាប់ ពួក IS ០៤ នាក់។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីមានករណីបំផ្ទុះគ្រាប់បែក នៅកណ្តាលទីក្នុង Ankara ដែលបានសម្លាប់ប្រជាជន ១០២ នាក់ និងរងរបួសជាច្រើននាក់ កាលពីថ្ងៃទី ១០ ខែតុលាមក ប្រទេសតួកគី បានរឹងបន្តឹងនិងបង្កើនស្មារតី ប្រុងប្រយ័ត្នខ្ពស់លើសុវតិ្ថភាព ក្នុងប្រទេស ដើម្បីការពារនិងប្រយុទ្ធប្រឆាំងនឹងពួកភេរវក ឬពួកសកម្ មប្រយុទ្ធឥស្លាម IS៕

យោធា​តួកគី​សម្លាប់​ពួក IS ០៤ នាក់ នៅក្បែរព្រំដែន​ស៊ីរី