រថភ្លើង​លឿន​សាកល្បង ​ក្រឡាប់​ធ្លាក់​ផ្លូវដែក​នៅ​បារាំង​ស្លាប់​១០​នាក់

រថភ្លើង​លឿន​សាកល្បង​មួយ​ បាន​ធ្លាក់​ពី​ផ្លូវដែក​កាលពី​ថ្ងៃ​ទី​១៤ វិច្ឆិកា នៅ​ជិត​ទីក្រុង​ស្ត្រា​ស្បួ​រ ប្រទេស​បារាំង ហើយ​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​មួយ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១០​នាក់ ។ នេះ​ជា​គ្រោះថ្នាក់​ស្លាប់​មនុស្ស​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​រថភ្លើង​លឿន​បារាំង​ចាប់តាំងពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ពី​ឆ្នាំ​១៩៨១​មក  ។

ជន​រង​គ្រោះ​ទាំង​១០​នាក់​នោះ​ស្ថិត​ក្នុង​ក្រុម​អ្នកបច្ចេកទេស និង​អ្នក​ថែទាំ​ផ្លូវដែក​ ដែល​ជិះ​ក្នុង​រថភ្លើង​លឿន​នេះ ។ រថភ្លើង​កំពុង​រត់​ក្នុង​ល្បឿន​ដល់​ប្រមាណ​ជា​៣៥០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ពេល​ជួប​គ្រោះថ្នាក់​ដែល​កើត​មាន​នា​វេលា​ម៉ោង​១៥​ម៉ោង​ក្នុងស្រុក​នៅ ECKWERSHEIM ចម្ងាយ​ប្រមាណ​ជា​២០​គីឡូម៉ែត្រ ខាងជើង​ក្រុង​ស្ត្រា​ស្បួ​រ​តាម​ផ្លូវ​រថភ្លើង​លឿន ដែល​គ្រោង​ដាក់​ឱ្យ​ប្រើប្រាស់​នា​រដូវ​ផ្កា​រីក​ខាង​មុខ​នេះ ។

ក្រៅពី​មនុស្ស​ស្លាប់​ទាំង​១០​នាក់ មនុស្ស​២៥​នាក់​រង​របួស​ភាគច្រើន​របួសធ្ងន់ ។ ក្រៅពី​នេះ ក៏​មាន​សេចក្តីរាយការណ៍​ពី​មនុស្ស​៥​នាក់​បាត់​ខ្លួន​ផង​ដែរ ប្រហែលជា​អ្នក​ទាំងនេះ​ជាប់​ក្នុង​ទូរថភ្លើង​ក្រឡាប់​ចូល​ទឹក ។

លោក DOMINIQUE NICOLAS JANE អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​ម្នាក់​គូសបញ្ជាក់​ថា គ្រោះថ្នាក់​នេះ​បណ្តាល​មក​ពី​រថភ្លើង​បើក​លឿន​ខ្លាំង​ពេក ។
នាយក​ក្រុមហ៊ុន​ផ្លូវដែក​បារាំង​គូសបញ្ជាក់​ថា ពុំ​មាន​ជាប់​ទាក់ទិន​គ្នា​ណាមួយ​ជាមួយ​ការ​វាយប្រហារ​ភេរវកម្ម​កាលពី​យប់​ថ្ងៃ​ទី​១៣ វិច្ឆិកា នៅ​ក្រុងប៉ារីស​ឡើយ ដោយ​លោក​រំលឹក​ថា ពុំ​មាន​អ្នកដំណើរ​ណា​ម្នាក់​ជិះ​ក្នុង​រថភ្លើង​នេះ​ទេ ពេល​កំពុង​សាកល្បង ៕