ជនសង្ស័យ​ ០២នាក់ ជិះម៉ូតូ​១គ្រឿង​ បាញ់ប្លន់​យក​ម៉ូតូ​ប្រជាពលរដ្ឋ​ ជិះឌុបគ្នា​០៤នាក់​ បណ្តាលឲ្យ​​ ខាង​ជនរងគ្រោះ​ស្លាប់ម្នា​ក់ និង​របួស​២នាក់​ ក្នុង​ទឹកដី​ស្រុកឈូក​

កំពត៖ ក្រុមចោរប្លន់ ប្រដាប់អាវុធ មិនស្គាល់អត្តសញ្ញាណ មានគ្នា០២នាក់ ជិះម៉ូតូឌុបគ្នា១គ្រឿង បានធ្វើសកម្មភាពប្រើកាំភ្លើងធន់ AK ចំនួន០១ដើម បាញ់ប្លន់ម៉ូតូ របស់ជនរងគ្រោះម៉ាក សង់សេ ១២៥ពណ៌ខ្មៅ សេរី២០១៥ជិះឌុបគ្នាចំនួន០៤នាក់ បណ្តាលឲ្យខាងជនរងគ្រោះ ស្លាប់ម្នាក់ និងរបួស០២នាក់ នៅម៉ោង ១២និង៣០នាទី រំលងអាធ្រាត្រ ចូលថ្ងៃទី១៥ ខែវិច្ឆកា  ឆ្នាំ២០១៥ ត្រង់ចំណុចលើផ្លូវ ក្រាលគ្រួសក្រហម (ឈូក-ក្រាំងរលួស)  ស្ថិតក្នុងភូមិដំណាក់ទ្រព្យ ខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។

មន្ត្រីនគរបាលស្រុកឈូក បានឲ្យដឹងថា ជនរងគ្រោះទាំង០៤នាក់: ១/ឈ្មោះសេក សុខគា ភេទប្រុស អាយុ១៣ឆ្នាំ(ស្លាប់), ២/ឈ្មោះសេក សុខមាន ភេទប្រុស អាយុ១៦ឆ្នាំ ជាអ្នកឌុប បាន រងរបួសក្រោមបោះដៃផុតខាងឆ្វេង, ៣/ឈ្មោះជ័រ ហុង ភេទប្រុស អាយុ១៥ឆ្នាំ រងរបួសបាតដៃស្តាំ និង ៤/ឈ្មោះនុត ប៊ុនធឿន ភេទប្រុស អាយុ១៤ឆ្នាំ មិនបណ្តាលឲ្យរងរបួសអ្វីឡើយ។

មន្ត្រីដដែលបន្តថា: ក្នុងករណីបាញ់ប្លន់នេះ ក្រុមចោរ,ប្លន់មិនបានសម្រេចទេ ក្នុងអំពើប្លន់នេះ មុនផ្ទុះអាវុធ ពួកវាបានស្រែកឲ្យម៉ូតូជនរងគ្រោះឈប់ ប៉ុន្តែខាងជនរងគ្រោះ មិនព្រមឈប់ឡើយ ចេះតែបន្តដំណើរទៅមុខតាមធម្មតា ឃើញដូច្នេះពួកវាក៏បាញ់សំដៅទៅលើខាងជនរងគ្រោះ  អស់ជាច្រើនគ្រាប់ ក៏បណ្តាលឲ្យជួបគ្រោះថ្នាក់ យ៉ាងដូច្នេះតែម្តងទៅ។

ក្រោយធ្វើសកម្មភាពប្លន់រួច ក្រុមជនសង្ស័យបានជិះម៉ូតូ បើកគេចខ្លួនបាត់ដោយសុវត្ថិភាព។ លោកឧត្តមសេនីយ៍ស្នងការខេត្តម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថា: នេះជាករណីប៉ុនប៉ងប្លន់ លោកអាចសន្និដ្ឋានបានថា ករណីលើកនេះវាអាចដូចគ្នានឹងករណីប្លន់មួយដែលបានកើតឡើងក្នុងស្រុក អង្គរជ័យកន្លងមក គឺជនសង្ស័យតែមួយ។

លោកស្នងការបន្តថា ក្រោយទទួលបានព័ត៌មាន ប្លន់ខាងលើនេះភ្លាម រូបលោកក៏បានបញ្ជា កម្លាំង ចុះទៅដល់កន្លែងកើតហេតុ និង បច្ចុប្បន្នកម្លាំងបាននិង កំពុងយកចិត្តទុកដាក់បំផុត បន្តធ្វើការស្រាវជ្រាវ វែករកមុខសញ្ញាខាងលើនេះហើយ៕