ឆ្នាំ​២០១៤ និង​ឆមាស​ទី​១ ឆ្នាំ​២០១៥ រាជធានី​ភ្នំពេញ មាន​គម្រោង​សាងសង់​ចំនួន ៦៩៤ គម្រោង

ភ្នំពេញ: ក្នុង​ឆ្នាំ​២០១៤ និង​ឆមាស​ទី​១ ឆ្នាំ​២០១៥ កន្លងទៅនេះ រាជធានី​ភ្នំពេញ មាន​គម្រោង​សាងសង់​ចំនួន ៦៩៤ គម្រោង លើ​ផ្ទៃដី​សរុប ៤.២៤៤.២៩២​ម៉ែត្រក្រឡា ហើយ​គិត​មកដល់​ពេលបច្ចុប្បន្ន​នេះ សំណង់​បុរី​ក្នុង​រាជធានី​ភ្នំពេញ មាន​ចំនួន ១១០ កន្លែង និង​សំណង់​អគារ​ខ្ពស់​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​សរុប ៦២៨ អគារ ដែលមាន​ទំហំ​ទុនវិនិយោគ​ប្រមាណ ១.៤៤១.០១៧.១២៦,០០​ដុល្លារ​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​អគារ​តាំង​លក់​ស្នាក់នៅ​រួម នៅ​ផ្លូវ​២០០៤ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០១៥ លោ​ប៉ា សុជាតិ​វង្ស អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ជាការ​ពិតណាស់ សេដ្ឋកិច្ចកម្ពុជា​នី​មាន​សក្កា​នុព​ល​រីកលូតលាស់​ខ្ពស់ និង​មាន​កាលានុវត្តភាព​ក្នុង​ការធ្វើ​ពិពិធ​កម្ម​លើ​វិស័យ​ជាច្រើន ដែល​នេះ​អាច​បញ្ជាក់​យ៉ាងច្បាស់​ថា ប្រទេស​កម្ពុជា​នៅមាន​លំហ​សម្រាប់ធ្វើ​ការវិនិយោគ​ក្នុង​ចំនួន​ដ៏​ច្រើន​នាពេលខាងមុខ​។​

​លោក​បាន​បន្តថា សម្រាប់​ការសម្រេចចិត្ត​វិនិយោគ សាងសង់​ខុន​ដូ​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​នាពេលនេះ គឺ​ស្រប​ពេលដែល​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ន មាន​សុខសន្តិភាព​ពេញលេញ មាន​ស្ថិរភាព​នយោបាយ​ដែលជា​មូលដ្ឋានគ្រឹះ​ក្នុងការ​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​មាន​លំនឹង​ម៉ាក្រូសេដ្ឋកិច្ច ជាពិសេស​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​អតិផរណា​ទាប​។​

​ជាមួយនឹង​កំណើនសេដ្ឋកិច្ច​គួរ​ឲ្យ​គត់​សម្គាល់​នេះ ប្រទេស​កម្ពុជា បានប្រែក្លាយ​ពី​ប្រទេស​កំពុងអភិវឌ្ឍន៍​ចំណូល​ទាប មកជា​ប្រទេស​កំពុងអភិវឌ្ឍន៍​មាន​ចំណូល​មធ្យម​ដែល​បញ្ជាក់​ឲ្យ​កាន់តែច្បាស់​ថា អំណាច​ទិញ របស់​ប្រជាពលរដ្ឋ​កម្ពុជា មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​ដែលជា​សក្កា​នុព​ល​ដ៏​ធំ​សម្រាប់​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ជាពិសេស​សំណង់ផ្ទះ​ល្វែង ផ្ទះ​វីឡា អគារ​ស្នាក់នៅ​រួម សណ្ឋាគារ ខុន​ដូ​ទំនើបៗ ប្រកបដោយ​ប្រណីតភាព សម្រាប់​បម្រើ​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ហើយ​ក្នុងនោះ​ខុន​ដូ គឺជា​ការ​ផ្តល់នូវ​ជម្រើស​ថ្មី​បន្ថែមទៀត សម្រាប់​បំពេញតម្រូវការ​ទីផ្សារ​អចលនទ្រព្យ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ជនបរទេស ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​និយម​ចូលចិត្ត​ការរស់នៅ​បែប​សម័យថ្មី​។ នេះ​ជាការ​លើកឡើង​របស់លោក​អភិបាល ប៉ា សុជាតិ​វង្ស​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា លើសពីនេះ ដើម្បី​ជា​កត្តា​ជំរុញ និង​គាំទ្រ​ដល់​ការវិនិយោគ​ផ្នែក​ឯកជន រាជរដ្ឋាភិបាល​កម្ពុជា និយាយ​ជារួម និង​និយាយ​ដោយឡែក សាលា​រាជធានី​ភ្នំពេញ បច្ចុប្បន្ន បាននិងកំពុង​ខិតខំ​ជំរុញ​ការអភិវឌ្ឍ ដោយ​ផ្តោត​យ៉ាងសំខាន់​ទៅលើ ការកសាង​ហេ​ដ្ឋា​រចនា​រូបវ័ន្ត​ដូចជា ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធ​ប្រឡាយ​លូ បណ្តាញ​ទឹកស្អាត បណ្តាញ​អគ្គិសនី​សាធារណៈ បណ្តាញ​ទូរគមនាគមន៍ ការកែលម្អ​សួនច្បារ​សាធារណៈ ផ្លូវ​ក្រោម​ដី ស្ពាន​អាកាស ដែល​សមិទ្ធផល​ទាំងអស់នេះ នឹង​ក្លាយជា​ធាតុ​ចូល​ដ៏​សំខាន់ ដើម្បី​បង្កើន​នូវ​ការទាក់ទាញ និង​ទំនុកចិត្ត​ពី​សំណាក់​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅប្រទេស ឲ្យ​ចូលមក​បណ្តាក់ទុន​ធ្វើ​អាជីវកម្ម​ក្នុង​រាជធានី​ភ្នំពេញ​កាន់តែ​ច្រើនឡើងៗ​។​

​លោក​បានធ្វើការ​កត់សម្គាល់​ថា តាមរយៈ​ការកសាង​ក្របខ័ណ្ឌ​គតិយុត្ត ដែលជា​ផ្នែក​ទន់ និង​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ទាំងនេះ រាជធានី​ភ្នំពេញ បាននិងកំពុង​ប្រែក្លាយ​មុខមាត់​ថ្មី ប្រកបដោយ​ភាព​ទាក់ទាញ និង​មានការ​រីកចម្រើន​យ៉ាងខ្លាំង​។ ជាក់ស្តែង​បច្ចុប្បន្ននេះ​យើង​ឃើញថា ទីក្រុង​រណប អគារ​ណិ​ជ្ជ​កម្ម សំណង់​បុរី ផ្ទះល្វែង អគារ​ស្នាក់នៅ​រួម សណ្ឋាគារ និង​ខុន​ដូ ត្រូវបាន​សាងសង់​ឡើងជា​បន្តបន្ទាប់ ដែលជា​រួម ក្នុង​ឆ្នាំ​២០១៤ និង​ឆមាស​ទី​១​ឆ្នាំ​២០១៥​កន្លងទៅនេះ រាជធានី​ភ្នំពេញ មាន​គម្រោង​សាងសង់​ចំនួន ៦៩៤ គម្រោង លើ​ផ្ទៃដី​សរុប ៤.២៤៤.២៩២​ម៉ែត្រក្រឡា ហើយ​គិត​មកដល់​ពេលបច្ចុប្បន្ន​នេះ សំណង់​បុរី​ក្នុង​រាជធានី​ភ្នំពេញ មាន​ចំនួន ១១០​កន្លែង និង​សំណង់​អគារ​ខ្ពស់​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​សរុប ៦២៨​អគារ ដែលមាន​ទំហំ​ទុនវិនិយោគ​ប្រមាណ ១.៤៤១.០១៧.១២៦,០០​ដុល្លារ​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​សម្តែង​នូវ​ការអបអរសាទរ និង​គាំទ្រ​ចំពោះ​ការវិនិយោគ​លើ​គម្រោង​ខុន​ដូ​ថ្មីៗ​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​ភាពជោគជ័យ​ថ្មី​មួយទៀត នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ខិតខំ​ទាក់ទាញ​ការ​និ​វិយោគ​ទាំង​ក្នុង និង​ក្រៅប្រទេស ពិសេស​គឺ​ការខិតខំ​ប្រឹងប្រែង​នូវ​ទំនុកចិត្ត និង​ជំនឿ​ជឿជាក់​ជូន​ដល់​វិនិយោគិន​ធុរជន​ក្នុង​វិស័យ​អចលនទ្រព្យ​ដែល​កំពុង​បោះជំហាន​ទៅមុខ​យ៉ាង​លឿន សមស្រប​ទៅនឹង​ការកើនឡើង​នូវ​ចំណូល​ប្រចាំខែ​របស់​ប​ប្រជាពលរដ្ឋ​ម្នាក់ៗ សំដៅ​រួមចំណែក​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ចជាតិ និង​ការអភិវឌ្ឍ​រាជធានី​ភ្នំពេញ ឲ្យ​កាន់តែ​ស៊ី​វិ​ល័យ​បន្ថែមទៀត​៕

ឆ្នាំ​២០១៤ និង​ឆមាស​ទី​១ ឆ្នាំ​២០១៥ រាជធានី​ភ្នំពេញ មាន​គម្រោង​សាងសង់​ចំនួន ៦៩៤ គម្រោង

ឆ្នាំ​២០១៤ និង​ឆមាស​ទី​១ ឆ្នាំ​២០១៥ រាជធានី​ភ្នំពេញ មាន​គម្រោង​សាងសង់​ចំនួន ៦៩៤ គម្រោង

ឆ្នាំ​២០១៤ និង​ឆមាស​ទី​១ ឆ្នាំ​២០១៥ រាជធានី​ភ្នំពេញ មាន​គម្រោង​សាងសង់​ចំនួន ៦៩៤ គម្រោង