ចុះ​ទៅ​មើល​មង​ក្នុង​បឹង​ទុកចៅ​ចោល​លើ​ខ្នង​ទំនប់​ប្រឡាយ​ ត្រឡប់មក​វិញ​ចៅ​លង់​ទឹក​ស្លាប់

ខេត្ត​កណ្តាល​ ៖ ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់​បាន​លង់​ទឹក​ប្រឡាយ​ស្លាប់​គួរ​ឱ្យ​សង្វេគ ខណៈ​ពេល​ជីតាចុះ​ទៅ​មើល​មងទុក​​​ឱ្យនាង​ឈរលើ​ខ្នង​ទំនប់​តែ​ម្នាក់​ឯង ។ ហេតុ​ការណ៍​នេះ​​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពីវេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ វិច្ឆិកា ២០១៥ ​​នៅ​ចំណុច​ប្រឡាយ​ទឹក​ទំនប់​ទទឹង​ ស្ថិតក្នុង​ភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀន​ស្វាយ​​។

ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ចាន់ សុវណ្ណ​រី អាយុ​៥​ឆ្នាំ ឪពុក​ឈ្មោះ​ពន់ ចាន់ អាយុ​២៩​ឆ្នាំ មាន​មុខ​របរ​ជា​កសិករ ម្តាយ​ឈ្មោះ​សេក សាត អាយុ​២៦​ឆ្នាំ ជា​កសិករ​ រស់​នៅ​ភូមិ​-ឃុំ​កើត​ហេតុ​ខាង​លើ​។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ក្មេង​ស្រី​រង​គ្រោះ​បាន​ទៅ​មើ​ល​មង​ជាមួយ​ជីតា​បង្កើត​ឈ្មោះ​សូ សុភា អាយុ​៥៣​ឆ្នាំ ​​​​។ ពេល​ទៅ​ដល់​ចំណុច​ប្រឡាយ​ទំនប់​ទទឹង​ ជីតា​បាន​ទុក​​ចៅ​ឱ្យ​នៅ​ឈរ​លើ​ទំនប់​ម្នាក់​ឯង ចំណែក​រូប​គាត់​បាន​ចុះ​ទៅ​មើល​មង​ក្នុង​បឹង​។

ប្រភព​បន្ត​ថា ខណៈ​ពេល​មើល​មង​រួច​ត្រឡប់​មក​វិញ​បាត់​ចៅ​មិន​ឃើញ​ក៏​ដើរ​រក​តាម​ស្នាម​ដាន​ជើង​ដើរ​ចុះ​ប្រឡាយ​ទឹក​។ ដោយ​មានការ​សង្ស័យ​រូប​គាត់​បាន​ចុះ​មុជ​រាវ​រក​ស្រាប់​តែ​ប្រទះ​ឃើញ​សព​ចៅ​ស្រី​លង់​ទឹក​ជម្រៅ​ប្រហែល​១​ម៉ែត្រ​ស្លាប់​បាត់​ទៅ​ហើយ​៕