សាលា​រាជធានី​ភ្នំពេញ​និង​ខណ្ឌ​ជ្រោយចង្វារ​ដង្ហែ​កឋិនទាន​ទៅ​កាន់​វត្ត​អម្ពរ​ផល​ហៅ​វត្ត​ចុង​កោះ

រាជធានី​ភ្នំពេញ ៖ អង្គ​កឋិនទាន​របស់​សាលា​រាជធានី​ភ្នំពេញ និង​ខណ្ឌ​ជ្រោយចង្វារ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​វិ​ធ្ឆិ​កា ឆ្នាំ​២០១៥ បាន​ដង្ហែ​ចេញពី​សាលា​ខណ្ឌ​ជ្រោយចង្វារ​ទៅ​វេ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា​អស់​កាល​ត្រីមាស​ក្នុង​ពុទ្ធ​សី​ម៉ា​ក្នុង​វត្ត​អម្ពរ​ផល ស្ថិត​នៅ​ភូមិ​ចុង​កោះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយ​ចង្វារ ។

នៅ​ក្នុង​ឱកាស​នោះ​មានការ​ចូលរួម​ពី​លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រីរាជការ កងកម្លាំងប្រដាបអាវុធ​ជុំវិញ​សាលា​ខណ្ឌ និង​ពុទ្ធ​បរ​ស័​ទ​យ៉ាងច្រើន​កុះករ ។

អង្គ​កឋិនទាន​នេះ​ផ្តួចផ្តើម​ដោយ​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វារ ដែល​បាន​ជួបជុំ​ពុទ្ធ​បរិស័ទ​ញាតិ​មិត្ត​ជិត​ឆ្ងាយ​នៅ​ក្នុង​ផ្សារ​រុងរឿង របស់​ក្រុមហ៊ុន OCIC ក្បែរ​សាលា​ខណ្ឌ​ជ្រោយចង្វារ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​វិ​ឆ្ឆិ​កា ដើម្បី​និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត និង​សម្តែងធម៌​ទេសនា ។ លុះ​ថ្ងៃអាទិត្យ ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ត្រូវ​នឹង​ថ្ងៃ​ទី​៥​កើត ខែកត្តិក ឆ្នាំមមែ សប្តស័ក ព​.​ស​២៥៥៩ ជួបជុំ​ពុទ្ធបរិស័ទ និង​មន្ត្រីរាជការ ដង្ហែ​អង្គ​កឋិនទាន​ឆ្ពោះទៅ​កាន់​វត្ត​អម្ពរ​ផល ។

បច្ច័យ​ដែល​ប្រមូល​បាន​ពី​អង្គ​កឋិនទាន​សាមគ្គី​នេះ​ដើម្បី​ទុក​កសាង​សមិទ្ធិ​ផល​នានា​ក្នុង​វត្ត​សរុប ចំនួន​១០៧​លាន​៧៦០០​រៀល និង​១៣០០០​ដុល្លារ ៕