បទ​ល្មើស​នេសាទ​សម្រាប់​ចិញ្ចឹម​ត្រីរ៉ស់​ ត្រី​ឆ្តោ មិន​អាច​​កម្ចាត់បាន

ខេត្តបាត់ដំបង​ ៖ ប្រភព​ព័​ត៌​មានបាន​ឲ្យ​ដឹង​ថា ក្រុម​ឈ្មួញ​ដែល​ប្រ​ព្រឹត្តបទ​ល្មើស​នេសាទ​​បច្ចុប្បន្ន​នេះ​កំពុង​ដឹក​ជញ្ជូន​ត្រី​គ្រប់​ប្រភេទ ដែល​បាន​មក​ពី​ការ​ប្រើ​ប្រាស់​​ឧប​ករណ៏​​នេសាទ​ខុសច្បាប់ ​យក​ទៅ​លក់​ចែកចាយ​ឲ្យ​ម៉ូយ​យ៉ាង​គគ្រឹក​គ​គ្រែង ជា​ពិសេស​ ប្រភេទ​ត្រី​សម្រាប់​​ផ្គត់ផ្គង់​ឲ្យ​ចំណី​ត្រី​ឆ្ដោ ​និង​ត្រី​រ៉ស់ នៅ​ពេល​មន្ត្រី​ជលផល​ត្រូវ​ថ្នាំ​សណ្ដំ​ដេក​លក់​មិន​កម្រើក​ ។

ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​១៤ វិច្ឆិកា ក្រុម​ប្រ​ព្រឹត្តបទ​ល្មើស​នេសាទ​ជា​ច្រើន​នាក់​ដែល​គេ​ស្គាល់​ថា ជា​ម្ចាស់​ «​ណ​រ៉ាវ​» បាន​ដឹក​ជញ្ជូន​ត្រី​រាប់​សិប​តោនមក​លក់​បន្ត​ឲ្យ​ម៉ូយ​នៅ​ចំណុច​​​អូរ​រឹម​ ​ក្នុងភូមិ​សាស្ត្រ ឃុំ​តា​ប៉ុន ស្រុក​សង្កែ ដែល​មាន​រថយន្ត​៦​គ្រឿង​ ចាំ​ទ​ទូល​​ដឹក​ ។ ក្នុង​ចំណោម​ម្ចាស់​បទល្មើស​នេសាទ​ទាំងនោះ ត្រូវ​គេ​ស្គាល់ឈ្មោះ​ លឿង ហៅ​យាយ​លឿង និង​ឈ្មោះ​វិត ។

ក្រុម​ប្រ​ព្រឹ​ត្តបទ​ល្មើស​នេសាទ​ទាំងនេះ ត្រូវ​គេ​ដឹង​ថា បាន​ដឹក​ជញ្ជូន​ត្រី​ស្ទើរ​រាល់ថ្ងៃ​តាម​កាណូត មក​លក់​ឲ្យ​ម៉ូយ​នៅ​ចំណុច​ខាងលើ​ ។ ភាគច្រើន​នៃ​ត្រី​ទាំងនោះ​ជា​ប្រភេទ​ត្រី​ល្អិត​ៗ ​សម្រាប់​​តម្រូវការ​ដល់​អ្នក​ចិញ្ចឹម​ត្រី​ឆ្ដោ ​និង​ត្រី​រ៉ស់​រាប់រយ​កន្លែង ដែល​កំពុង​រីក​រាលដាល​យ៉ាង​អនាធិ​ប​តេ​យ្យ​នៅ​ក្នុង​ក្រុង​បាត់ដំបង និង​ស្រុក​ឯក​ភ្នំ ដោយ​គ្មាន​ការ​​ទប់ស្កាត់​ ឬ​បង្ក្រាប​ពី​មន្ត្រី​ជំនាញ​ឡើយ​​ ។​

​មិន​អាច​កំចាត់​បទ​ល្មើស​​នេសាទ​អស់​ទេ ​ទើប​បទ​ល្មើស​ចិញ្ចឹម​ត្រីរ៉ស់ ត្រីឆ្តោ កើត​មាន​រាប់​​រយ​កន្លែង នៅ​ខេត្ត​​បាត់​ដំបង ៕