អាមេរិក​និង​ចិន​ព្រមព្រៀង​គ្នា​ទៅ​លើ​ចក្ខុវិស័យ​សម្រាប់​ការ​អភិវឌ្ឍ​នៅ​​អាហ្រ្វិក

អាមេរិក​និង​ចិន​ព្រមព្រៀង​គ្នា​ទៅ​លើ​ចក្ខុវិស័យ​សម្រាប់​ការ​អភិវឌ្ឍ​នៅ​​អាហ្រ្វិក

​លោក​ស្រី Susan Thornton ឧបការី​រង​នៃ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាង​កើត​និង​តំបន់​ប៉ាស៊ីហ្វិក។អាមេរិក​និង​ចិន​ព្រមព្រៀង​គ្នា​ទៅ​លើ​ចក្ខុវិស័យ​សម្រាប់​ការ​អភិវឌ្ឍ​នៅ​​អាហ្រ្វិកមេដឹកនាំ​នៃ​ប្លុក​សេដ្ឋកិច្ច​ BRICS​ ថត​រូប​រួម​គ្នា​ក្នុង​អំឡុង​កិច្ច​ប្រជុំកំពូល​នៅ​ទីក្រុង​ Ufa ប្រទេស​រុស្ស៊ី។មន្រ្តី​រដ្ឋាភិបាល​អាមេរិក​បាន​និយាយ​ថា រដ្ឋាភិបាល​ខ្លួន​ និង​រដ្ឋាភិបាល​​ចិន​សុទ្ធ​តែ​ចង់​ឲ្យ​ប្រជាជាតិ​​នៅ​ទ្វីប​អាហ្វ្រិក​ទទួល​បាន​​សន្តិភាព​និង​ការ​អភិវឌ្ឍ ហើយ​​ក៏​កំពុង​តែ​ធ្វើ​កិច្ចការ​រួមគ្នា​នៅ​ក្នុង​ទ្វីប​នេះ។​ ចូហានណេសប៊ឺក—

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន​បាន​ប្រកួត​ប្រជែង​អំណាច​គ្នា​ដើម្បីឲ្យ​ពួក​គេ​មាន​ឥទ្ធិពល​លើ​ទ្វីប​អាហ្វ្រិក។ តាម​ការ​វាស់​ស្ទង់​ភាគ​ច្រើន​ ​ចិនស្ថិត​ក្នុង​លំដាប់​កំពូល​ក្នុង​ការ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ដែន​ដី​អាហ្វ្រិក ដោយសារ​តែ​មានការ​បណ្ដាក់​ទុន​ធុន​ធ្ងន់​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ដ៏​ច្រើន​លើស​លប់​នៅ​ទូទាំង​ទ្វីប​នេះ ដែល​មាន​ទឹក​ប្រាក់​រហូត​ដល់​ទៅ​២២០ពាន់​លាន​ដុល្លារ កាល​ពី​ឆ្នាំ​មុន។ ចំនួន​ទឹក​ប្រាក់​នេះ​ មាន​ច្រើន​ជាង៣​ដង​ បើ​ប្រៀបធៀប​ទៅ​នឹង​ពាណិជ្ជកម្ម​របស់​អាហ្វ្រិក​ជា​មួយ​សហរដ្ឋ​អាមេរិក។

ក៏ប៉ុន្តែ​ ខណៈពេល​ដែល​មហាអំណាច​ទាំង​ពីរ​នៅ​តែ​បន្ត​បង្កើន​ទំហំ​វិនិយោគ និង​កិច្ច​ខំ​ប្រឹងប្រែង​ផ្នែក​ការទូត​របស់​ពួកគេ​ អាមេរិក​និង​ចិន​មាន​សេចក្តី​រីករាយ​នឹង​ធ្វើ​ការ​រួម​គ្នា។ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ស្រី Susan Thornton ឧបការី​រង​នៃ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាង​កើត​និង​តំបន់​ប៉ាស៊ីហ្វិក។

លោក​ស្រី​បាន​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្នុង​សប្តាហ៍​នេះ​ អំពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង (Xi Jinping) កាល​ពី​ពេល​ថ្មីៗ​នេះ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ ដែល​មិន​សូវ​បានផ្សព្វផ្សាយ​ឲ្យ​ទូលំ​ទូលាយ ​ដោយសារ​តែ​មាន​ការ​ផ្សព្វផ្សាយ​យ៉ាង​ខ្លាំង​ពី​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ប៉ាប Francis ទៅ​កាន់​សហរដ្ឋ​អាមេរិក។

លោក​ស្រី​បាន​និយាយ​ថា៖ «ជា​ដំបូង វា​ហាក់​ដូចជា​ជាក់ស្តែង ​ហើយ​វា​កើត​ឡើង​ម្តងហើយ​ម្តង​ទៀត​ ដែល​ថា​ សហរដ្ឋ​អាមេរិក​និង​ចិន​មើល​ឃើញ​អត្ថប្រយោជន៍​នៅ​អាហ្វ្រិក​ក្នុង​ទិសដៅ​តែ​មួយ។ ពោល​គឺ​ យើង​ចង់​ឃើញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ស្ថេរភាព​នយោបាយ និង​សន្ដិភាព​នៅ​ក្នុង​ទ្វីប​នេះ។ ដូច្នេះ​ យើង​សូម​ស្វាគមន៍​ចំពោះ​ការ​រួម​ចំណែក​របស់​ចិន​ទៅ​លើ​សន្ដិភាព និង​សន្ដិសុខ​នៅ​អាហ្រ្វិក ដូចជា​ការ​ដាក់​ពង្រាយ​កង​រក្សា​សន្តិសុខ​នៅ​ក្នុង​តំបន់​ដែល​រង​ការ​ប៉ះពាល់​ដោយ​អំពើ​ហិង្សា​ និង​ការ​ចូល​រួម​របស់​ប្រទេស​ចិន​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​នឹង​ចោរកម្ម​តាម​សមុទ្រ​នៅ​តំបន់​អាហ្វ្រិក​ភាគ​ឦសាន (Horn of Africa) ផង​ដែរ»។

លោក​ស្រី​បាន​បន្ត​ទៀត​ថា សហរដ្ឋ​អាមេរិក​ក៏​ស្វាគមន៍​ដល់​ការ​រួមចំណែក​របស់​ចិន​ក្នុង​កិច្ចការ​មនុស្ស​ធម៌​ផងដែរ​ ដូចជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីករាលដាល​នៃ​ជំងឺ​អេបូឡា (Ebola) ​នៅ​អាហ្វ្រិក​ខាង​លិច និង​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម ដែល​ជួយ​លើក​កម្ពស់​បរិយាកាស​វិនិយោគ​នៅ​ទី​នោះ។

ការ​លើក​ឡើង​របស់​លោក​ស្រី​ Susan Thornton​ នៅ​ពេលនេះ​ ខុស​គ្នា​ពី​ការ​ថ្លែង​នានា​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ អូបាម៉ា ដែល​ហាក់​ដូចជា​ផ្តោត​ចំៗ​ទៅ​លើ​ប្រទេស​ចិន​ នៅ​ពេល​ដែល​លោក​និយាយ​ទៅ​កាន់​ក្រុម​មេដឹកនាំ​នៅ​អាហ្រ្វិក​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​កាល​ពី​ខែ​កក្កដា​ថា៖​ «ទំនាក់ទំនង​សេដ្ឋកិច្ច​មិន​គ្រាន់​តែ​ជា​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ស្រុក​ដោយ​ការ​ប្រើ​កម្លាំង​ពលកម្ម​បរទេស​ ឬ​ការ​រុករក​ធនធាន​ធម្មជាតិ​របស់​ទ្វីប​អាហ្រ្វិក​នោះ​ទេ»។

ម្យ៉ាងទៀ​ត ការ​យល់​ឃើញ​មាន​លក្ខណៈ​ប្រកួតប្រជែង​របស់​លោក ​អូបាម៉ា​ ក៏​បង្ហាញ​ដែរ​ថា ​តើ​ប្រទេស​អាហ្វ្រិក​គួរ​សម្លឹង​មើល​ដៃគូ​ពាណិជ្ជកម្ម​និង​ការ​ទូត​របស់​មហា​អំណាចទាំង​ពីរ​នេះ​ដោយ​របៀប​ណា។ ជា​ពិសេស​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ហាក់​ដូចជា​កំពុង​គិត​ពិចារណា​លើ​តុល្យភាព​នៃ​ប្រទេស​មហា​អំណាច​ទាំង​ពីរ​នេះ ដោយ​បាន​បង្ហាញ​ពី​កិច្ចសហការ​ជាមួយ​នឹង​ប្រទេស​លោក​ខាង​កើត ដែល​គេ​មើល​ឃើញ​តាម​រយៈ​ការ​សម្រេច​ចិត្ត​របស់​ប្រទេស​នេះ​ ចូល​ទៅ​ក្នុង​ប្លុក​សេដ្ឋកិច្ច​ដែល​មាន​ឈ្នោះ​ថា​ BRICS។ ប្លុក​សេដ្ឋកិច្ច​ BRICS ​រួម​មាន​ប្រទេស​ប្រេស៊ីល រុស្សី​ ឥណ្ឌា ​ចិន​ និង​អាហ្វ្រិក​ខាង​ត្បូង។

ក្នុង​ដំណើរ​ទស្សនកិច្ច​កាល​ពី​ខែ​កញ្ញា ​ទៅ​កាន់​ប្រទេស​ចិន ​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង លោក​ Jacob Zuma ​ហាក់​ដូចជា​និយាយ​បោះ​ពាក្យ​សម្តី​ទៅ​លើ​សហរដ្ឋ​អាមេរិក​ថា៖ «ក្នុង​នាម​ជា​មហា​អំណាច​ដ៏​ធំ​មួយ ប្រទេស​ចិន​បាន​ប្រឹង​អស់​ពី​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ការពារ​សន្តិភាព និង​សន្តិសុខ​នៅ​ទូទាំង​ពិភពលោក​ ហើយ​វា​មិនមែន​ជា​ការ​ឈ្លានពាន​នោះ​ទេ»។

អាមេរិក​និង​ចិន​ព្រមព្រៀង​គ្នា​ទៅ​លើ​ចក្ខុវិស័យ​សម្រាប់​ការ​អភិវឌ្ឍ​នៅ​​អាហ្រ្វិកមេដឹកនាំ​នៃ​ប្លុក​សេដ្ឋកិច្ច​ BRICS​ ថត​រូប​រួម​គ្នា​ក្នុង​អំឡុង​កិច្ច​ប្រជុំកំពូល​នៅ​ទីក្រុង​ Ufa ប្រទេស​រុស្ស៊ី។

លោក​ស្រី Thornton បាន​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​អាហ្វ្រិក​តាម​រយៈ​សន្និសីទ​វីដេអូ​ពី​ទីក្រុង​វ៉ាស៊ីនតោន​ថា មិន​មាន​ការ​ប្រកួត​ប្រជែង​បែប​នោះ​ទេ ហើយ​ថា​ប្រទេស​ទាំង​ពីរ​ផ្តោត​ទៅ​លើ​ការធ្វើ​ឲ្យ​ប្រទេស​អាហ្វ្រិក​មាន​ភាព​ល្អ​ប្រសើរ​ឡើង។

«វា​មិនមែន​ជា​ការ​ប្រកួតប្រជែង​រវាង​ចិន និង​អាមេរិក​ក្នុង​ការ​ត្រួតត្រា ឬ​ការ​ពង្រីក​ឥទ្ធិពល​ ដោយ​មធ្យោបាយ​ណា​មួយ​នោះ​ទេ។ វា​គឺ​ជា​ការ​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​នៅ​ក្នុង​តំបន់​នោះ និង​នៅ​ក្នុង​ប្រទេស​នោះ​ទៅ​វិញ​ទេ​ ហើយ​ក៏​ដូចជា​ជួយ​ឲ្យពួកគេ​ប្រឈម​មុខ​ដោះស្រាយ​បញ្ហា​ប្រឈម​ធំៗ​បំផុត​ដែល​ពួក​គេ​កំពុង​ជួបប្រទះ​នៅ​ពេល​នេះ»។

ស្ថានភាព​វិវត្តន៍​ដ៏​វិជ្ជមាន​បែប​នេះ​ នឹង​ផ្តល់​ជាប្រយោជន៍​ដល់​ភាគី​ចូលរួម​ទាំង​ឡាយ ទោះ​បី​ជា​ភាព​ជោគជ័យ​ក្នុង​ភាព​ជា​ដៃគូ​រវាង​ចិន និង​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​នោះ​ ហាក់​ដូចជាផ្ទុយ​ពី​ការ​លើកឡើង​របស់​ប្រធានាធិបតី​ដែល​ពាក់ព័ន្ធ​ទាំងឡាយ​ក៏ដោយ៕

ប្រែ​សម្រួល​ដោយ ខាន់ សុគុំមនោ