មេធាវីឯករាជ្យ៖ លោក សម រង្ស៊ី បាត់បង់​អភ័យឯកសិទ្ធិ​ ដោយ​ស្វ័យ​ប្រវត្តិ​

ភ្នំពេញ៖ ក្រោយពីមានដីកាចាប់ខ្លួន លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវមតិសាធារណៈជន និងអ្នកច្បាប់នានាបានលើកផ្សេងៗគ្នា ដើម្បីឲ្យកាន់តែច្បាស់នោះ លោក សួន វិសាល មេធាវីឯករាជ្យ បានធ្វើការបកស្រាយអំពីនីតិវិធី នៃការអនុវត្ត ដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ីថា លោក បានបាត់បង់អភ័យឯកសិទ្ធិដោយស្វ័យប្រវត្តិ។

លោកមេធាវីបានលើកឡើងថា មាត្រា១៤នៃច្បាប់ស្តីពីលក្ខន្តិកៈ នៃតំណាងរាស្រ្តបានចែងថា តំណាងរាស្រ្តដែលមានសាលដីកា និងសាលក្រមស្ថាពរ សម្រេចថាជាទណ្ឌិតជាប់ពន្ធនាគារបាត់បង់ទាំងស្រុងនូវសិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាព នៃសមាជិករដ្ឋសភា។

លោកបានបញ្ជាក់ថា “ក្នុងន័យនេះ ទោះបីតំណាងរាស្រ្តណាក៏ដោយ ប្រសិនបើគាត់ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់គុក ហើយសាលក្រមចូលជាស្ថាពរបានន័យថា គាត់បាត់បង់សមាជិកតំណាងរាស្រ្តដោយស្វ័យប្រវត្តិតែម្តង។ ចឹងតុលាការអាចចេញដីកាចាប់ខ្លួនបានដោយឯកឯង មិនចាំបាច់ឆ្លងការប្រជុំដកអភ័យឯកសិទ្ធិ អីផ្សេងៗនោះទេ។ នេះក្នុងន័យច្បាប់ ព្រោះច្បាប់យើងបានចែងចឹង បានន័យថា បាត់បង់សិទ្ធិដោយស្វ័យប្រវត្តិតែម្តង។ បើច្បាប់យើងចែង ដោយឡែកមួយទៀត ប្រសិនបើគាត់ជាតំណាងរាស្រ្តហើយ ហើយមុនចោទប្រកាន់អីផ្សេងៗទៀត អាហ្នឹងបានយើងត្រូវធ្វើនីតិវិធីដកតំណាងរាស្រ្ត ប៉ុន្តែនេះចៅក្រមចូលស្ថាពរចឹងតុលាការបើកផ្លូវរួចជាស្រេចហើយ”។

លោកបន្តថា តាមច្បាប់កម្ពុជាក៏ដូចជាប្រទេសផ្សេងៗទៀត នៅពេលសាលក្រមចូលជាស្ថាពរ ព្រះរាជអាជ្ញាទទួលបន្ទុកព្រហ្មទណ្ឌ គឺទទួលបន្ទូកក្នុងការធានានូវការអនុវត្ត ឬក៏អនុវត្តន៍ផ្ទាល់ បញ្ជាឲ្យសមត្ថកិច្ចធ្វើការចាប់ខ្លួនឲ្យមកផ្តន្ទាទោសតាមច្បាប់។ ការអនុវត្តសាលក្រម គឺផ្អែកទៅលើអាជ្ញាយុកាលនៃទោស។

សូមជំរាបថា លោក សម រង្ស៊ី ត្រូវបានតុលាការក្រុងភ្នំពេញចេញដីកាឱ្យចាប់ខ្លួន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ខណៈដែលលោកកំពុងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ហើយបន្តទៅប្រទេសកូរ៉េខាងត្បូង។ ការបញ្ជាឱ្យចាប់ខ្លួននេះធ្វើឡើងតាមសំណើរបស់ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជាដើមបណ្តឹងដែលសុំឱ្យតុលាការ អនុវត្តសាលក្រម និងសាលដីកា ដែលលោកបានឈ្នះក្តីលើ លោក សម រង្ស៊ី ពាក់ព័ន្ធនឹងបទ «បរិហាកេរ្តិ៍សាធារណៈ និងញុះញង់ឲ្យមានការរើសអើង» ប្រព្រឹត្តនៅសារមន្ទីរជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨៕

មេធាវីឯករាជ្យ៖ លោក សម រង្ស៊ី បាត់បង់​អភ័យឯកសិទ្ធិ​ ដោយ​ស្វ័យ​ប្រវត្តិ​