សម្តេច ហ៊ុន សែន អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញ​ណ​ក្ខ​ន្ធ​ចំពោះ​ប្រជាពលរដ្ឋ​បារាំង ដែល​បាន​ស្លាប់ នៅក្នុង​អំពើ​ភេរវកម្ម​

ភ្នំពេញ: នៅវេលា​ម៉ោង ១០ ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្អែក​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល អញ្ជើញ​ដាក់​កម្រងផ្កា និង​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ នៅ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ចំពោះ​ប្រជាពលរដ្ឋ​បារាំង ដែល​បាន​ស្លាប់​នៅក្នុង​អំពើ​ភេរវកម្ម វាយប្រហារ​ពី​សំណាក់​ក្រុម​ភេរ​វករ នៅក្នុង​សាល​ប្រគុំ​តន្ត្រី បា​តា​ក្លង់ និង​ទីកន្លែង​ផ្សេងទៀត ដែល​ក្នុងនោះ​មាន​ភោជនីយដ្ឋាន​ខ្មែរ​មួយ​ដែរ ដែល​បាន​បណ្តាល​ឲ្យ​ប្រជាជន​ជាច្រើន​រយ​នាក់​ស្លាប់ និង​របួស នៅ​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើការ​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា ចំពោះ​ការវាយប្រហារ​ពី​សំណាក់​ក្រុម​ភេរ​វករ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម នៅក្នុង​សាល​ប្រគុំ​តន្ត្រី​បា​តា​ក្លង់ និង​ទីកន្លែង​ផ្សេងទៀត ដែល​ក្នុងនោះ មាន​ភោជនីយដ្ឋាន​ខ្មែរ​មួយ​ដែរ ដែល​បាន​បណ្តាល​ឲ្យ​ប្រជាជន​ជាច្រើន​រយ​នាក់​ស្លាប់ និង​របួស នៅ​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​នៅក្នុង​សារ​រំលែក​ទុក្ខ​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ផ្ញើជូន​ជូន​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ប្រធានាធិបតី នៃ​សាធារណរដ្ឋ​បារាំង កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ បានសរសេរថា “​ខ្ញុំ​មាន​ក្តី​រន្ធត់​តក់ស្លុត​ដោយបាន​ទទួលដំណឹង​ស្តីពី​ការវាយប្រហារ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម នៅក្នុង​សាល​ប្រគុំ​តន្ត្រី​បា​តា​ក្លង់ និង​នៅ​ទីកន្លែង​ផ្សេងទៀត នៅ​ទីក្រុង​ប៉ារីស បណ្តាល​ឲ្យ​ប្រជាជន​ជាច្រើន​នាក់​ស្លាប់ និង​របួស កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដែល​ក្នុងនោះ​មាន​ភោជនីយដ្ឋាន​ខ្មែរ​រ​មួយ​ដែរ​។ នៅក្នុង​ឱកាស​ដ៏​ក្តុកក្តួល​របស់​ប្រជាជន​បារាំង តាងនាម​ឲ្យ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​សម្តែង​ជូន​ឯកឧត្តម នូវ​ក្តី​រន្ធត់ និង​ការចូលរួម​មរណៈទុក្ខ​ដ៏​ក្រៀមក្រម​បំផុត​ជូន​ចំពោះ​ប្រជាជន​បារាំង និង​គ្រួសារ​អ្នករងគ្រោះ​”​។​

​នៅក្នុង​សារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្កោលទោស​ដែរ​ថា រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ថ្កោលទោស​យ៉ាងខ្លាំង​ក្លា ចំពោះ​ឧក្រិដ្ឋកម្ម​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​នេះ និង​សង្ឃឹមថា ពួកឧក្រិដ្ឋជន នឹងត្រូវ​ទទួល​ការផ្តន្ទាទោស​យ៉ាងធ្ងន់ធ្ងរ​បំផុត​៕​