​ចេញ​ពី​​​ផឹកស៊ី​ស្រវឹង​ជិះ​ម៉ូតូ​​បុកម៉ូតូ​​គ្នា​ឯង ស្លាប់​៤នាក់​ របួស​៣នាក់​

ខេត្ត​ព្រះ​សីហ​នុ ៖ ​យ៉ាង​ហោច​ណាស់​​ក៏​មាន​​មនុស្ស​​ស្លាប់​​៤នាក់​​​ និង​​របួស​៣​នាក់​​​​​ បន្ទាប់​ពី​ផឹកស៊ី​ស្រវឹង​​ជិះម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​​​បុក​ម៉ូតូ​​គ្នា​ឯង​ពេញទំហឹង កាលពី​វេលា​ម៉ោង​​​ជិត​១​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី១៥​ ​វិច្ឆិកា​ ២០១៥ ​នៅ​ចំណុច​មុខ​រោងចក្រញ៉ូស្តារ​ ស្ថិត​នៅ​ភូមិ​១ សង្កាត់​១ ក្រុង​​​ព្រះ​សីហ​នុ​ ។

លោក​វរសេនីយ៍ឯក អ៊ី សុខា ស្នងការ​រង​​ បាន​ឱ្យ​ដឹង​ថា​​ ​​គ្រោះថ្នាក់​​​​នេះ​កើតឡើង​ រវាងម៉ូតូម៉ាកហុង​ដា​ ធុន​សេ​១២៥​ ព​ណ៌ខ្មៅ ពាក់​ស្លាក​​លេខ​ភ្នំពេញ​2CN-8687 ​មួយ​​គ្រឿង​ ​​​ជិះ​គ្នា​៤​នាក់ ​​ទិស​ដៅ​ពីកើតទៅលិច ​បុក​ជា​មួយ​​ម៉ូតូ​​​មិត្តភក្តិ​​​មួយគ្រឿង​ទៀត​​ដែល​ទើប​ចេញពី​កន្លែង​ផឹកស៊ី​ជា​មួ​យ​​គ្នា ​ម៉ាក​ហុង​ដា ធុន​សេ​១២៥​ ពណ៌ខ្មៅ ពាក់​​ស្លាក​​លេខ​ព្រះ​សីហ​នុ ​1E-8833 ​ជិះ​គ្នា​៣នាក់ ​​​ពីលិចទៅកើតបញ្ច្រាស​ទិស​គ្នា​​ ​ពេញ​ទំហឹង​​ ​បណ្តាល​ឱ្យ​ស្លាប់​៤នាក់ ​និង​របួស​៣នាក់ ។

​ជន​រង​គ្រោះ​ទាំង​៧នាក់​ខាង​លើ​រួម​មាន ១​-​ឈ្មោះ ខែ​ន ជា (ស្លាប់​នៅ​កន្លែង​កើតហេតុ​) ​២-​ឈ្មោះ ទុ​យ ឡា (ស្លាប់​នៅ​កន្លែង​កើតហេតុ​)​ ៣-​ឈ្មោះ ប៉ែ​ត លូត (ស្លាប់​នៅ​កន្លែង​កើតហេតុ​) ៤-​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ​(​ស្លាប់​ពេល​បញ្ចូន​ដល់​​មន្ទី​រពេទ្យ​)​ ៥​-​ឈ្មោះ ហោម សម្បត្តិ (រង​របួស) ៦​-​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ (រង​របួស)​​ និង​៧-​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ (រង​របួស) ។

​ក្រោយ​កើតហេតុ ​សព​២​នាក់ ​​ត្រូវ​បាន​សមត្ថកិច្ច​​​ប្រគល់​​ទៅ​ឱ្យ​ក្រុម​​​គ្រួសារ​យក​ទៅ​រៀប​ចំ​ធ្វើ​​ធ្វើបុណ្យ​ រីឯសព​២​នាក់​ទៀត​ យក​ទៅ​​តម្កល់​ទុក​នៅ​វត្ត​ក្រោម រង់​​ចាំ​ក្រុម​គ្រួសារ​មក​ទទួល​យកទៅ​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ​។ ចំណែក​​ម៉ូតូ​ទាំង​​២គ្រឿង​ ត្រូវ​​សមត្ថកិច្ច​​យក​ទៅ​រក្សារ​ទុក​នៅការិយាល័យ​ចរាចរ​ណ៍​ផ្លូវគោក ៕​​