លួច​លុយ​គេ​១០​លាន​រៀល​យក​មក​ទិញ​ម៉ូតូ​ជិះ​បាន​១​ថ្ងៃ ត្រូវ​ប៉ូលិស​ចាប់ខ្លួន

ខេត្តតាកែវ ៖ ជនសង្ស័យ​ជា​ក្មេង​ស្ទាវ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​សំរោង​ធ្វើការ​ឃាត់ខ្លួន​ទៅ​តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ដោយ​ចោទប្រកាន់​ពី​បទ​លួច​លុយ បន្ទាប់​ពី​ជនសង្ស័យ​ចូល​ទៅ​លង​ផ្ទះ​ជន​រង​គ្រោះ ហើយ​ឆ្លៀតឱកាស​លួច​យក​លុយ​យក​ទៅ​ទិញ​ម៉ូតូ​ជិះ​បាន​១​ថ្ងៃ ។

ហេតុការណ៍​ចាប់​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់ ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៥ នៅ​ភូមិ​ពេ​ជ​ចង្វារ ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ ។

លោក មឿង សា​រុន អធិការ​នគរបាល​ស្រុក​សំរោង​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្ទាវ​ជា​ចោរលួច​លុយ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ សេង ភា​រុន ហៅ​ក្រាក់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ ចំណែក​ម្ចាស់​លុយ​ឈ្មោះ ថោ​ង ប្រាំង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។

លោក​អធិការ​នគរបាល​បន្ត​ទៀត​ថា នៅ​ក្នុង​ពាក្យបណ្ដឹង​បាន​សរសេរ​ថា មុន​ពេល​កើតហេតុ​កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៥ វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ជនសង្ស័យ​បាន​ចូល​ទៅ​លេង​ផ្ទះ​របស់​ជន​រង​គ្រោះ​(​ផ្ទះល្វែង​)​មាន​លក់​គ្រឿងទេស ដោយ​ម្ចាស់ផ្ទះ​រវល់​ទៅ​ខាងក្រោយ​ផ្ទះ ជនសង្ស័យ​ក៏​ឆ្លៀត​ឱកាស​លួច​យក​លុយ​ទៅ​ក្នុង​ស្បោង​ដែល​បាន​រាប់​ទុកជា​ស្រេច​ចំនួន​១០​លាន​រៀល ។ បន្ទាប់​ពី​បានដឹង​ថា​បាត់​លុយ ជន​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ លុះ​ស្អែក​ឡើង​ប៉ូលិស​ចាប់ខ្លួន​ជនសង្ស័យ​បាន​ដោយ​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក PMG Fi ពណ៌​សលាយ​ខ្មៅ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ប៉ូលិស ជនសង្ស័យ សេង ភា​រុន បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​លួច​យក​លុយ​នោះ​ពិតប្រាកដ​មែន ដោយ​យក​លុយ​ទៅ​ទិញ​ម៉ូតូ​១​គ្រឿង​តម្លៃ​១២៥០​ដុល្លារ និង​សល់​ប៉ុន្មាន​ទៀត​រូប​កេ​ដើរ​ស៊ីផឹក​អស់ហើយ ។

លោក​វរសេនីយ៍ទោ យ៉ុ​ង ញី​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿង​ញឿ​ន​ផង​ដែរ ហើយ​នៅ​ថ្ងៃនេះ​យើង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕